ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាហ្វហ្គានីស្ថាន៖ មេដឹកនាំ​តាលីបាន​ Mullah Omar ​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​២០១៣


រូបភាពឯកសារ៖ រូប Mullah Omar ត្រូវ​បាន​​ FBI ផ្សព្វផ្សាយ​ថា ជាជន​ដែល​ពួ​ក​គេ​ចង់​ចាប់​ខ្លួន។ មន្ត្រីអាហ្វហ្គានីស្ថានអះអាងថា ខ្លួន​កំពុង​ពិនិត្យ​មើល​ការ​ស្លាប់​របស់​ Mullah Omar។

មន្រ្តី​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​Mullah Omar ​មេដឹកនាំ​តាលីបាន​មិន​សេព​គប់​អ្នក​ណា​នោះ ​បាន​ស្លាប់​ហើយ ​ហើយ​ថា ​ជន​នោះ​បាន​ស្លាប់​កាល​ពី​២ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក ​Abdul Hassib Seddiqi ​អ្នកនាំ​ពាក្យ​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​ដ៏​សំខាន់​របស់​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា៖ «ជន​នោះ​បាន​ឈឺ​ជា​ទម្ងន់​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​ការ៉ាជី​ហើយ​បាន​ស្លាប់​ដោយ​បន្សល់​ទុក​ភាព​មន្ទិល​សង្ស័យនៅ​ទី​នោះ‍»។​ លោក មិន​បាន​ពន្យល់​ពី​ភាព​មន្ទិល​សង្ស័យ​នៃ​ការ​ស្លាប់​នោះ ឬ​និយាយ​ថា​តើ​ទីភ្នាក់​ងាររបស់​លោក ​មាន​ព័ត៌មាន​អំពី​ជោគ​វាសនា​របស់ ​Omar​ តាំ​ពី​ពេល​ណា​នោះ​ទេ។

ការិយាល័យ​ប្រធានា​ធិបតី ​Ashraf Ghani ​ក៏​បាន​និយាយ​ដែរថា Omar ​បាន​ស្លាប់​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ពួក​តាលី​បាន ​បាន​អះអាង​ថា ​Omar​ នៅ​រស់​រាន​ជីវិត​ទេ។

នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ ​សេតវិមាន​បាន​និយាយ​ថា​ សេចក្តី​រាយការណ៍​ពី​ការ​ស្លាប់​របស់ ​Omar ​ទំនង​អាច​ជឿ​ទុកចិត្ត​បាន ​ហើយ​ថា ​អាជ្ញាធរ​ស៊ើប​ការ​ណ៍​សម្ងាត់​សហរដ្ឋ​អាមេរិកិ​កំពុង​ពិនិត្យ​មើល​ពី​ស្ថាន​ភាព​នៃ​ការ​ស្លាប់​របស់​ជន​នោះ។

​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់ ​Omar​ ទើប​តែ​លេច​ចេញនៅ​ពេល​ឥឡូវនេះ។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​មាន​សេចក្តី​រាយការណ៍​ផ្សេងៗ​ទៀតពី​ការ​ស្លាប់​របស់​ជន​នោះ​ចាប់​តាំង​ពីឆ្នាំ​២០០១​មក។

នេះ​ជា​រឿង​ចុង​ក្រោយ​បង្អស់​ដែល​មេដឹកនាំមាន​ភ្នែក​តែ​មួយ​របស់​ពួក​តាលីបាន ​បាន​ត្រូវ​គេ​ឃើញ​នៅ​កន្លែង​សាធារណៈ ​បន្ទាប់​ពី​កងទ័ព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់ ​Omar ​ហើយ​ជន​នោះ​បាន​រត់​គេច​ខ្លួន​តាម​ព្រំ​ដែន​អាហ្វហ្គានីស្ថាន​ចូល​ក្នុង​ប្រទេស​ប៉ាគីស្ថាន៕

XS
SM
MD
LG