ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រមព្រៀង​អំពី​កាល​បរិច្ឆេទ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​មិន​ទាន់​សម្រេច​បាន​ទេ


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Mohmmad Ashrf ghani ថ្លែង​សុន្ទរកថា​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Mohmmad Ashrf ghani ថ្លែង​សុន្ទរកថា​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការ​ប្រជុំ​រយៈពេល ៣ ថ្ងៃ រវាង​ពួក​បាលីបង់ និង​បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ចរចា​សន្តិភាព បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​អ្វី​ទាំង​អស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ប្រកាស​យក​ខែ​មេសា ឆ្នាំ ២០១៩ ជា​ថ្ងៃ​ផុត​កំណត់​ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ១៧ ឆ្នាំ​នៅ​អាហ្វហ្គានីស្ថាន។

ស្ថានភាព​សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​តាំង​ពី​អង្គការ​អូតង់​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​ប្រតិបត្តិការ​ធ្វើ​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​ពួក​តាលីបង់​ប្រយុទ្ធ​ដើម្បី​ដាក់​ច្បាប់​ឥស្លាម​ដ៏​តឹងតែង​ឡើង​វិញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ទាហាន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ទម្លាប់​ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ ២០០១ មក។

ក្រុម​មេដឹកនាំ​តាលីបង់​បាន​ជួប​ជាមួយ​នឹង​បេសកជន​ពិសេស​អាមេរិក​លោក Zalmay Khalilzad នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កាតា​កាល​ពី​សប្ដាហ៍​មុន​ជា​លើក​ទី​ពីរ​ក្នុង​ពេល​មួយ​ខែ​កន្លង​មក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ពួក​តាលីបង់។

លោក Zalmay Khalilzad បេសកជន​អាមេរិក​ដើម​កំណើត​អាហ្វហ្គានីស្ថាន ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ផ្ដល់​សិទ្ធិ​ឲ្យ​ដឹកនាំ​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ពួក​តាលីបង់។ លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​សង្ឃឹម​ថា​នឹង​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​ពួក​តាលីបង់​នៅ​ត្រឹម​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ​ក្រោយ។

ថ្ងៃ​ផុត​កំណត់​នេះ​គឺ​ស្រប​ជាមួយ​នឹង​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG