ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​ពិសេស​របស់​អាមេរិក​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន


លោក Zalmay Khalilzad ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Zalmay Khalilzad ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ស្ថានទូត​អាមេរិក ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នក​តំណាង​ពិសេស​របស់​អាមេរិក​សម្រាប់​ការ​ផ្សះផ្សា​នៅ​អាហ្វហ្គានីស្ថាន​និយាយ​ថា បើ​ទោះ​ជា​មាន​ឧបសគ្គ​និង​ការ​លំបាក​ក៏​ដោយ ក៏​លោក​នៅ​តែ​បន្ត​មាន​សុទិដ្ឋិនិយម​ឬ​ក្តីសង្ឃឹម​ចំពោះ​ការ​សម្របសម្រួល​ដល់​កិច្ចសន្ទនា​សន្តិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​មាន​រយៈពេល​១៧​ឆ្នាំ​នោះ។

លោក Zalmay Khalilzad មន្ត្រី​ការទូត​អាមេរិក​ដែល​មាន​កំណើត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​រដ្ឋធានី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ ក្រោយ​ពី​ធ្វើ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ជាមួយ​នឹង​បេសកជន​នយោបាយ​របស់​ក្រុម​តាលីបង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា។ លោក​បាន​និយាយ​ជាមួយ​នឹង​អ្នក​នយោបាយ​អាហ្វហ្គានីស្ថាន​ទាំង​នៅ​ក្នុង​និង​នៅ​ក្រៅ​ជួរ​រដ្ឋាភិបាល​ មុន​នឹង​លោក​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​សមុទ្រ​ពែក ដែល​ក្រុម​ឧទ្ទាម​នេះ​តាំង​ការិយាល័យ​នយោបាយ​របស់​ខ្លួន​នៅ​ទីនោះ។ ​

បេសកជន​ពិសេស​របស់​អាមេរិក​រូប​បាន​គូសបញ្ជាក់​ដោយ​មិន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ជំនួប​របស់​លោក​ជាមួយ​នឹង​អ្នក​ចរចា​របស់​ក្រុម​តាលីបង់​ថា «ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ចង់​បាន​សន្តិភាព​។ ក្រុមតាលីបង់​និយាយ​ថា ពួកគេ​មិន​ជឿ​ថា ខ្លួន​អាច​យក​ឈ្នះ​ដោយ​យោធា​បាន​ទេ ដូច្នេះ​ពួកគេ​ចង់​ឃើញ​ដំណោះស្រាយ​ដោយ​សន្តិភាព គឺ​តាមរយៈ​ការ​ចរចា​នយោបាយ‍»។
លោក Khalilzad បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​គិត​ថា មាន​ឱកាស​សម្រាប់​ការ​ផ្សះផ្សា​និង​ធ្វើ​ឲ្យ​មាន​សន្តិភាព។ ខ្ញុំ​គ្មាន​អ្វី​នឹង​ប្រកាស​នៅ​ថ្ងៃ​នេះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​និង​ក្តីសង្ឃឹម​ចំពោះ​បញ្ហា​ស្មុគស្មាញ​ដែល​កើតឡើង។ ខ្ញុំ​មិន​ចង់​បន្ធូរបន្ថយ​បញ្ហា​នេះ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​លើកឡើង​ពី​ក្តី​រំពឹង​ក្លែងក្លាយ​នោះ​ដែរ‍»៕

XS
SM
MD
LG