ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​យល់​ថា​លោក Ghani ជា​ឧបសគ្គ​សម្រាប់​កិច្ច​ចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ ប្រធានាធិបតី​អា​ហ្វហ្គានីស្ថាន​ លោក ​Ashraf Ghani ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​សារព័ត៌មាន​រួ​មគ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​អា​ហ្វហ្គានីស្ថាន​ លោក ​Ashraf Ghani ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​សារព័ត៌មាន​រួ​មគ្នា​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Imran Khan នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុម​តាលីបង់​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​០៩​ ខែ​មករា​ ថា ការ​ប្តេជ្ញា​របស់​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ក្នុង​ការ​បន្ត​កាន់​តំណែង​រហូត​ចប់​អាណត្តិ​គឺ​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់ការ​ចរចា​សន្តិភាព​ដែល​មាន​បំណង​ស្វែង​រកការ​បញ្ចប់​ដោយ​ចរចា​ចំពោះ​សង្រ្គាម​៤​ទសវត្សរ៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ការព្រមាន​របស់​ក្រុម​ឧទ្ទាម​នេះ​បាន​ធ្វើឡើង​ក្នុង​ថ្ងៃ​ដែល​មេដឹក​នាំ​របស់​ខ្លួន​បាន​រៀបចំ​កិច្ច​ពិភាក្សា​ថ្មី​ក្នុង​ប្រទេស​កាតា ​ជាមួយ​នឹង​អ្នក​តំណាង​រដ្ឋាភិបាល​របស់​លោក Ghani ស្តីអំពី​ការ​បង្កើត​ «របៀបវារៈ​រួមគ្នា» នៃ​អ្វី​ដែលត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា កិច្ច​ចរចា​ផ្ទៃ​ក្នុង​អាហ្វហ្គានីស្ថាន។

កិច្ច​ចរចា​រវាងភាគី​អាហ្វហ្គានីស្ថាន​ទាំង​ពីរ​ដែល​កំពុង​ប្រយុទ្ធ​គ្នា​ បាន​នាំ​ឲ្យ​មាន​ការសង្ស័យពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លោក Ghani ​ប្រហែល​ជា​ត្រូវ​បោះបង់​ចោល​អំណាច​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយទទួល​បន្ទុក​កិច្ចការ​ដំណើរ​ការ​សន្តិភាព​នេះ។​

ប៉ុន្តែ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​រូប​នេះ​ ​នៅ​ក្នុង​ការ​បដិសេធយ៉ាង​ច្បាស់​មួយ បានប្តេជ្ញាម្តងហើយ​ម្តងទៀត​កាលពី​ថ្មីៗ​នេះ​ថា​លោក​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ផ្ទេរ​សិទ្ធិអំណាច​ទៅ​ឲ្យ​ «អ្នក​ស្នង​តំណែង​ដែល​ត្រូ​វបាន​បោះឆ្នោត​ជ្រើសរើស»​របស់​លោក។

លោក Ghani បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​មួយ​នៅ​ក្នុង​ខេត្ត ​Nangarhar ភាគ​ខាង​កើត កាលពី​ថ្ងៃទី​០៦ ខែ​មករា ថា៖ «តំណែង​ប្រធានាធិបតី​នេះ​មិនមែន​ជា​របស់​ខ្ញុំ​ឡើយ។ អាសនៈ​នេះ​ជា​របស់​ប្រជាជាតិ​អាហ្វហ្គានីស្ថាន​ទាំង​មូល ប្រព័ន្ធ​នេះ​មាន​តម្លៃ អ្នក​ទាំង​អស់​គ្នា​បាន​បោះឆ្នោត​ឲ្យ​ខ្ញុំ»។

លោក​បាន​ប្រាប់​ទូរទស្សន៍​ CNN ក្នុង​កិច្ចស​ម្ភាសន៍​មួយ​ដែល​បាន​ផ្សាយកាលពី​ថ្ងៃទី​០៨ ខែ​មករា ថា៖ «គោលដៅ​ចម្បង​របស់​ខ្ញុំ​គឺ​អាច​ប្រគល់​សិទ្ធិអំណាច តាម​រយៈ​ឆន្ទៈ​របស់​ប្រជាជន ឲ្យ​ទៅ​អ្នកស្នង​តំណែង​ដែល​ត្រូវបាន​បោះ​ឆ្នោត​ជ្រើស​តាំង»។

នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​ខ្លួន​ ក្រុម​តាលីបង់​បាន​និយាយ​ថា​ ការ​ចចេស​របស់​លោក Ghani​ ក្នុង​ស្រវ៉ាតោង​កាន់​អំណាច​ឱ្យជាប់​នេះ​អាច​នឹង​ ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ទៅ​កាន់​«ដំណោះស្រាយ​ដោយ​ការចរចាប្រកប​ដោយ​សន្តិវិធី»​ មួយ សម្រាប់​សង្រ្គាម​អាហ្វហ្គានីស្ថាន​ជាយូរ​មកហើយ។

ក្រុម​ឧទ្ទាម​នោះ​បាន​និយាយ​ថា៖ «ការ​កាន់អំណាច​របស់​លោក Ashraf Ghani មិន​បាន​នាំ​អ្វី​មក​ទេ​ក្រៅ​ពី​ភាព​ក្រី​ក្រ ភាពវេទនា ការ​បង្ហូរឈាម កេរ្តិ៍​ឈ្មោះ​មិនល្អ និង​បញ្ហា​ឲ្យ​អាហ្វហ្គានីស្ថាន​ទេ»។

ចំណែក​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​វិញបាន​ថ្កោល​ទោស​ក្រុម​តាលីបង់ ថា​បាន​បង្កើន​សកម្មភាព​បះបោរ សម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់ និង​កងកម្លាំង​សន្តិសុខ​ទូទាំង​ប្រទេស។ អង្គការ​សហប្រជាជាតិ​បាន​ដាក់​ការទទួល​ខុសត្រូវ​លើ​ក្រុម​ឧទ្ទាម​នេះ​ម្តង​ទៀត​ ចំពោះ​ការបង្ក​ឲ្យ​មាន​ជនស៊ីវិល​ស្លាប់​និង​របួសភាគ​ច្រើន​ក្នុង​ឆ្នាំ​២០២០។​

កិច្ច​ចរចា​សន្តិភាពផ្ទៃក្នុងអាហ្វហ្គានីស្ថាន​បានចាប់​ផ្តើម​កាលពី​ខែកញ្ញា៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG