លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.បានអញ្ជើញទៅដល់ក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ដើម្បីបំពេញទស្សនៈកិច្ចមួយមិនបានត្រូវគ្រោងទុកជាមុនដើម្បីធ្វើការចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងក្រុមយោធាបាគីស្ថាន។
ក្រុមមន្ត្រីបាគីស្ថានដែលសុំមិនប្រាប់ឈ្មោះបាននិយាយប្រាប់វីអូអេថា លោកស្រី Rice នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Nawaz Sharif នៅថ្ងៃ អាទិត្យនេះ។
គេរំពឹងថាកិច្ចចរចារបស់លោកស្រី Rice ជាមួយលោក Sharif និងក្រុមមន្ត្រី បាគីស្ថានឯទៀតៗនឹងមានទាក់ទិនជាមួយកំណើនភាពតានតឹងកាលពីពេលថ្មីៗនេះរវាងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ និងរដ្ឋាភិបាលក្រុងញូវដែលលី (New Delhi) នៅក្រោយមានឧបទ្ទវហេតុហិង្សានៅក្នុងតំបន់ Kashmir ដែលប្រទេសទាំងពីរបានដណ្តើមគ្នាថាជារបស់ផងខ្លួន។ លោកស្រីក៏ទំនងជានឹងពិភាក្សាដែរអំពីមុខនាទីរបស់ប្រទេសបាគីស្ថានក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថានដើម្បីធ្វើកិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់។
លោក Ayaz Gul នៃ VOA រាយការណ៍ថាក្រុមមន្ត្រីបាគីស្ថានបាននិយាយថា ពួកគេនឹងគូសបញ្ជាក់នៅក្នុងជំនួបជាមួយលោកស្រី Rice ថា ជំនួបដោយផ្ទាល់រវាងរដ្ឋាភិបាលក្រុងកាប៊ុល និងពួកតាលីបង់ត្រូវតែធ្វើជាថ្មីឡើងវិញយ៉ាងឆាប់រហ័ស។
គេក៏មានជំនឿដែរថា កិច្ចចរចារបស់លោកស្រី Rice នឹងមានទាក់ទិននឹងរបៀបវារៈនៃដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Sharif មកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅចុងខែតុលាខាងមុខនេះ៕