ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបាន​ពណ៌នា​ការ​ចរចា​ដោយ​ផ្ទាល់​លើក​ដំបូង​ជាមួយ​សហរដ្ឋ​អាមេរិក​​ថា​បាន​ទទួល​ផ្លែផ្កា


រូបឯកសារ៖ ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​កន្លែង​ត្រួត​ពិនិត្យ​នៅ​ស្រុក Nad Ali ខេត្ត Helmand។
រូបឯកសារ៖ ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​កន្លែង​ត្រួត​ពិនិត្យ​នៅ​ស្រុក Nad Ali ខេត្ត Helmand។

ក្រុម​តាលីបានបាន​បញ្ជាក់​ថា ​ខ្លួន​បាន​ធ្វើ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កាតា​ នៅ​សប្តាហ៍​នេះ​ដើម្បី​ស្វះ​ស្វែង​រក​ការ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​១៧​ឆ្នាំក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

មន្រ្តី​ជាន់​ខ្ពស់​តាលីបាន​ម្នាក់​បាន​ប្រាប់ VOA ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោកស្រី​ Alice Wellsឧបការី​រង​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​កណ្តាល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ជំនួប​ក្នុង​ក្រុងដូហា​នៃ​ប្រទេស​កាតា។

​មន្រ្តី​ក្រុម​បះបោរ​នោះ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពន្យល់​ថា ការចរចា​លើក​ដំបូង​ផ្តោត​លើ​ការ​ត្រួស​ត្រាយ​ផ្លូវ​ស​ម្រាប់​ការ​ទាក់​ទង​និង​ជំនួប​នៅ​ថ្ងៃ​អនាគត​រវាង​ក្រុម​តាលីបាន ​និង​សហរដ្ឋ​អាមេរិក។

មន្រ្តី​តាលីបាន​រូប​នោះ​បាន​និយាយ​ទៀត​ថា៖​ «បរិយាកាស​ជាទូទៅនៃ​ជំនួប​នោះ​មាន​សភាព​ល្អ​ហើយ​ការ​ពិភាក្សា​ក៏​មាន​ផ្លែផ្ការ​ដែរ»។ ហើយ​លោក​មិន​បាន​និយាយ​លម្អិត​ទៀត​ទេ។

របាយការណ៍​នៃ​ជំនួប​ជា​ប្រវត្តិសាស្រ្ត​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុងរដ្ឋ​ធានី​នៃ​ប្រទេស​កាតា​បាន​បង្ហាញ​ក្នុង​កាសែត​អាមេរិកាំង​នៅ​ដើម​សប្តាហ៍​នេះក៏ប៉ុន្តែ ​ទាំង​មន្រ្តី​សហរដ្ឋ​អាមេរិក​ឬ​ពួក​មន្រ្តី​ក្រុមតាលីបាន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់​ទេ​រហូត​មក​ទល់​ពេល​ឥឡូវ​នេះ។

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយស្តី​ពី​ជំនួបជាមួយ​ក្រុម​បះបោរ​នេះ។

មន្រ្តី​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​នៅ​ពេល​គេ​សួរ​អំពី​ប្រតិកម្ម​ដល់​របាយ​ការណ៍​នៃ​ការ​ចរចា​ជាមួយ​ពួក​តាលីបាន​និយាយ​ថា​ «សហរដ្ឋ​អាមេរិក​កំពុង​ស្វែង​វិធី​ទាំង​អស់​ដើម្បី​ធ្វើ​ឲ្យ​ជឿន​លឿន​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ការ​ពិគ្រោះ​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG