ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ហៅ​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ដោយ​ផ្ទាល់​ថា​មាន​លទ្ធផល​ល្អ


ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់​ឈរ​យាម​នៅ​ខាងក្រៅ​តំបន់ត្រួតពិនិត្យ​នៅ​ស្រុកNad Ali ខេត្ត Helmand ប្រទេស​អាហ្វហ្គានីស្ថាន។
ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់​ឈរ​យាម​នៅ​ខាងក្រៅ​តំបន់ត្រួតពិនិត្យ​នៅ​ស្រុកNad Ali ខេត្ត Helmand ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តាលីបង់ បាន​បញ្ជាក់​ថា​ខ្លួន​ បាន​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​កាតា​ក្នុង​សប្ដាហ៍​នេះ ដើម្បី​ស្វែងរក​ការ​បញ្ចប់​សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​អស់​១៧​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រុម​តាលីបង់ បាន​ប្រាប់​VOA​កាល​ពី​ថ្ងៃ​សុក្រ​ថា ​អ្នកស្រី Alice Wells ឧបការី​រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង​និង​អាស៊ី​កណ្ដាល​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ដឹកនាំ​គណៈប្រតិភូ​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​នៅ​រាជធានី​ដូហា​នៃ​ប្រទេស​កាតា​នោះ។

មន្ត្រី​តាលីបង់​ដដែល​ ដែល​និយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ពន្យល់​ថា​ការ​ពិភាក្សា​«បឋម‍»​នោះ គ្រាន់​តែ​ផ្ដោត​ទៅ​លើ​ «‍ការ​រៀបចំ​ក្របខណ្ឌ សម្រាប់​ទំនាក់​ទំនង​និង​កិច្ច​ប្រជុំ​បន្តបន្ទាប់​ទៀត​នៅ​ពេល​អនាគត» រវាង​ក្រុម​តាលីបង់​និង​សហរដ្ឋ​អាមេរិក​ ប៉ុណ្ណោះ។

មន្ត្រី​តាលីបង់​រូប​នោះ និយាយ​ថា៖ «‍បរិយាកាស​ទូទៅ​នៃ​កិច្ច​ប្រជុំ​នោះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ​ការ​ពិភាក្សា​គ្នា ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ» ប៉ុន្តែ​មន្ត្រី​រូប​នេះ​នេះ មិន​បាន​ផ្តល់​សេចក្តីពិស្តារ​បន្ថែម​ទៀត​ទេ។

របាយការណ៍​ព័ត៌មាន​អំពី​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ឯ​រាជធានី​ដូហា​នោះ ត្រូវ​បាន​បោះ​ពុម្ព​លើ​កាសែត​នានា​របស់​អាមេរិក​កាល​ពី​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​មន្ត្រី​អាមេរិក​ ឬ​ក្រុម​តាលីបង់ បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​អំពី​កិច្ច​ប្រជុំ​នោះ​នៅ​ឡើយ​ទេ។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក បាន​បដិសេធ អត្ថាធិប្បាយ​អំពី​កិច្ច​ប្រជុំជាមួយ​ក្រុម​ជីវពល​តាលីបង់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG