ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ «មិន​រៀបចំ​ទុកមុន‍» ​ធ្វើដូច​ចិន​ឈ្លានពាន​មែនទែន


ទាហាន​តៃវ៉ាន់​រត់​កាន់​ទង់ជាតិ​នៅ​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​តំបន់ Hsinchu ភាគខាងជើង​តៃវ៉ាន់​ កាលពីថ្ងៃទី​២១ កញ្ញា ឆ្នាំ២០២៣។(AP Photo/Chiang Ying-ying)
ទាហាន​តៃវ៉ាន់​រត់​កាន់​ទង់ជាតិ​នៅ​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​តំបន់ Hsinchu ភាគខាងជើង​តៃវ៉ាន់​ កាលពីថ្ងៃទី​២១ កញ្ញា ឆ្នាំ២០២៣។(AP Photo/Chiang Ying-ying)

តៃវ៉ាន់​នឹង​ធ្វើសមយុទ្ធ​យោធា​មួយ​ឈុត ​នៅ​សប្តាហ៍​ក្រោយ ​ដែល​នឹង​រួមមាន​ការ​ទប់ស្កាត់​ការវាយប្រហារ​លើ​អាកាស​យានដ្ឋាន ​និង ​កំពង់ផែ​សំខាន់ៗ ​និង​ការសាកល្បង​សមត្ថភាព​របស់​កងទ័ព ​ក្នុង​ការឆ្លើយតប​នឹង​សេណារីយ៉ូ​ស្រដៀង​នឹង​ការឈ្លានពានដែល​អាច​កើត​ឡើង​ពី​ប្រទេស​ចិន។

ក្រសួង​ការពារ​ជាតិ​របស់​តៃវ៉ាន់​និយាយ​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​ Han Kuang ​និង​ Wan An ​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី២៦​ ខែកក្កដា ​នឹង​ផ្តោត​ទៅ​លើ ​«សមយុទ្ធ​ដែល​មិន​រៀបចំ​ទុកមុន​និង​ពិតប្រាកដ‍»។ សមយុទ្ធ​ទាំងនេះ​នឹង​មានរួម​ការ​ជ្រកពួន ​និង​ការព្រមាន​អំពី​ការវាយប្រហារ​តាម​ដែន​អាកាស។

សមយុទ្ធ​ទាំងនេះ​ធ្វើឡើង​ខណៈ​ប្រទេស​ចិន ​បង្កើន​សម្ពាធ​យោធា​លើ​តៃវ៉ាន់ ​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​ចាត់ទុក​ថា​ជា​ដែនដី​របស់ខ្លួន។ រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ប្តេជ្ញា​បង្រួប​បង្រួម​កោះ​ដែល​គ្រប់គ្រង​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ​ជាមួយ​ប្រទេស​ចិន ​ដោយ​ការប្រើ​កម្លាំង​យោធាបើសិនជា​ត្រូវការ។

នៅពេលដែល​ប្រធានាធិបតី​តៃវ៉ាន់ ​លោក ​Lai Ching-te ​ឡើង​កាន់តំណែង​នៅ​ខែឧសភា ​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​លក្ខណៈ​រាំងខ្ទប់ ​ជុំវិញ​តៃវ៉ាន់ ​ក្នុង​គោលបំណង​សាកល្បង​មើល​សមត្ថភាព​របស់ខ្លួន​ក្នុង​ការ​«ដណ្តើម​អំណាច‍»។

រដ្ឋាភិបាល​ក្រុងប៉េកាំង​ថែម​ទាំង​បាន​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង​ នាវា​ចម្បាំង​ និង​នាវា​យាមល្បាត​សមុទ្រ​ដែល​បើកបរ​នៅក្បែរ​កោះតៃវ៉ាន់​ផងដែរ។

កាលពី​ថ្ងៃទី១១​ ខែកក្កដា ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ​បាន​ឱ្យ​ដឹង​ថា​ខ្លួន​ចាប់​បាន​ក្នុង​រ៉ាដា​នូវ​យន្តហោះ​ចម្បាំង​ចិន​៦៦​គ្រឿង ​បើក​នៅ​ជុំវិញ​កោះតៃវ៉ាន់​ក្នុង​រយៈពេល​២៤​ម៉ោង ​ដែលជា​ចំនួន​ច្រើន​បំផុត​ ក្នុង​រយៈពេល​១​ថ្ងៃ ​ក្នុង​ឆ្នាំ២០២៤។ មួយ​ថ្ងៃមុន​នោះ ​តៃវ៉ាន់​បាន​និយាយ​ថា ​ខ្លួន​បាន​ឃើញ​នាវា​ដឹក​យន្តហោះ​របស់​ចិន​ ឈ្មោះ Shandong ​បើក​កាត់ដែនទឹក​ក្បែរ​កោះតៃវ៉ាន់ ​ដើម្បី​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច។

ខុសពី​សមយុទ្ធ​យោធា ​Han Kuang ​មុនៗ ​អ្នកវិភាគ​ខ្លះ​និយាយ​ថា ​សមយុទ្ធ​ឆ្នាំ​នេះ ​នឹង​មាន​លក្ខណៈ​ដូច​ការប្រយុទ្ធគ្នា​មែនទែន ​ដោយសារ​អាជ្ញាធរ​នឹង​មិន​ប្រកាស​អំពី​សេណារីយ៉ូ​សមយុទ្ធ​ដែល​រៀបចំ​ទុកមុន​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG