ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន នៅ​ចំ​ពេល​ចិន​បន្ត​ធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​ខ្លួន


រូបឯកសារ៖ យន្ដហោះ​ចម្បាំង​មួយ​គ្រឿង​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​នៅក្រុង Pingtung ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Taiwan Ministry of National Defense via AP)
រូបឯកសារ៖ យន្ដហោះ​ចម្បាំង​មួយ​គ្រឿង​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​នៅក្រុង Pingtung ប៉ែក​ខាង​ត្បូង​កោះ​តៃវ៉ាន់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ (Taiwan Ministry of National Defense via AP)

មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កោះ​តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នៅ​សប្ដាហ៍​នេះ ដោយ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ស្ថានការណ៍​ដែល​តៃវ៉ាន់​ទប់ទល់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណា​មួយ​របស់​ចិន​ដូច្នេះ​ដែរ។ សមយុទ្ធ​នេះ​បាន​គ្រោង​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​បន្ត​ធ្វើ​សមយុទ្ធ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យោធា​តៃវ៉ាន់​បាន​លើកឡើង​ថា កង​កម្លាំង​យោធា​តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​ទប់ទល់​នឹង​ការ​ចុះ​ចត​យន្តហោះ​ចម្បាំង​របស់​សត្រូវ​នៅ​ក្នុង​ស្រុក Pingtung ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។

លោក Lou Woei Jye អ្នក​នាំពាក្យ​នៃ​កងពល​ទី ៨ របស់​យោធា​តៃវ៉ាន់​បាន​និយាយ​ថា៖ «យើង​នឹង​ធ្វើ​សមយុទ្ធ​អនុវត្ត​វិធានការ​ទប់ទល់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​សត្រូវ​លើ​កោះ​តៃវ៉ាន់»។

យោធា​តៃវ៉ាន់​ថា សមយុទ្ធ​នេះ​នឹង​រួម​មាន​ទាំង​ការ​ដាក់​ពង្រាយ​ទាហាន​រាប់​រយ​នាក់​និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ចំនួន​ប្រហែល ៤០ គ្រឿង​ផង​ដែរ។

សមយុទ្ធ​របស់​តៃវ៉ាន់​នេះ​បាន​គ្រោង​ធ្វើ​ឡើង ស្រប​ពេល​ដែល​ចិន​បាន​បន្ត​ធ្វើ​សមយុទ្ធ​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​សមុទ្រ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បែប​នេះ ៤ ថ្ងៃ​រួច​មក​ហើយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កោះ​នេះ។

លោក Lou បាន​លើកឡើង​ថា សមយុទ្ធ​យោធា​របស់​តៃវ៉ាន់​នេះ​គឺ​ត្រូវ​បាន​គ្រោង​ធ្វើ​រួច​ទៅ​ហើយ គឺ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នោះ​ទេ។

ជា​ប្រចាំ កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​យោធា​ឱ្យ​ដូច​ទៅ​នឹង​ស្ថានការណ៍​ដែល​ចិន​អាច​ឈ្លានពាន​ខ្លួន​ដូច្នេះ​ដែរ ហើយ​កាលពី​ខែ​មុន តៃវ៉ាន់​បាន​អនុវត្ត​សមយុទ្ធ​បែប​វាយ​ប្រហារ​រុញច្រាន​ទៅ​វិញ​ពី​ផ្លូវ​សមុទ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ខ្លួន៕

XS
SM
MD
LG