ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​ចូល​និវត្តន៍​តៃវ៉ាន់​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​ចិន


រូបឯកសារ៖ យោធា​តៃវ៉ាន់​ឈរ​ពី​ក្រោម​ទង់ជាតិ​តៃវ៉ាន់ ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​កោះ​តៃវ៉ាន់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ យោធា​តៃវ៉ាន់​ឈរ​ពី​ក្រោម​ទង់ជាតិ​តៃវ៉ាន់ ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​កោះ​តៃវ៉ាន់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

មន្ត្រី​យោធា​ចូល​និវត្តន៍​តៃវ៉ាន់​ចំនួន​៣រូប​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​សកម្មភាព​ចារកម្ម​ឱ្យ​គណបក្ស​កុម្មុយនិស្ត​ចិន ដោយ​មន្ត្រី​មួយ​រូប​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ទៅ​ឱ្យ​ប្រទេស​ចិន។

អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ចិន​កំពុង​ផ្តោត​លើ​ការ​ស៊ើបការណ៍​សម្ងាត់​ទៅ​លើ​អ្នក​ជំនួញ ឬ​ក្រុម​មន្ត្រី​យោធា​ចូល​និវត្តន៍​តៃវ៉ាន់​ដែល​នៅ​តែ​មាន​ទំនាក់ទំនង​នៅ​ក្នុង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ និង​មាន​ផលប្រយោជន៍​សម្រាប់​ចិន​ដីគោក។

នៅ​ពេល​ដែល​ការ​ស៊ើបអង្កេត​លើ​អតីត​មន្ត្រី​យោធា​នៅ​តែ​បន្ត អ្នក​តាក់តែង​ច្បាប់​តៃវ៉ាន់​និយាយ​ថា ពួកគេ​សង្ឃឹម​ថា ការ​ស៊ើបអង្កេត​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ភាព​ភ័យខ្លាច។​

មន្ត្រី​យោធា​ចូល​និវត្តន៍

ការិយាល័យ​រដ្ឋអាជ្ញា​ស្រុក​នៅ​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី២០ ខែតុលា អ្នក​ស៊ើបអង្កេត​បាន​ឆែកឆេរ​ផ្ទះ​របស់​វរសេនីយ៍ឯក​ចូល​និវត្តន៍​២រូប​នៃ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​យោធា​គឺ​លោក Chang Chao-jan និង​លោក Chou Tien-tzu និង​ផ្ទះ​របស់​អតីត​នាយ​ឧត្តមសេនីយ៍ឯក Yuen Chih-chung។ ពួកគេ​ទាំង​៣​រូប​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ណែនាំ​មន្ត្រី​នៃ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​យោធា​ទៅ​ឱ្យ​ទីភ្នាក់ងារ​សន្តិសុខ​ចិន​ដើម្បី​ធ្វើ​ជា​ប្រភព​មាន​សក្តានុពល​សម្រាប់​ព័ត៌មាន​សម្ងាត់។

លោក Chang Chao-jan ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់​ពី​តុលាការ​សួរ​ចម្លើយ​កាលពី​ថ្ងៃទី២១ ខែតុលា។ អតីត​មន្ត្រី​យោធា​២រូប​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​ដោយ​បង់​ប្រាក់​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​៥.២០០ដុល្លារ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក Chang Chao-jan នៅ​តែ​អះអាង​ថា​ លោក​មិន​មាន​ទោស និង​និយាយ​ថា លោក​គឺ​ជា​ភ្នាក់ងារ​សម្ងាត់​តៃវ៉ាន់​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុង​ប៉េកាំង ​ក្នុង​អំឡុង​ពេល​មាន​ការ​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen។

នៅ​ក្រោម​ច្បាប់​ស្តីពី​ការ​ស៊ើបការណ៍​សម្ងាត់​ថ្នាក់​ជាតិ ភ្នាក់ងារ​ចូលនិវត្តន៍​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ បើ​រក​ឃើញ​ថា​ មាន​ទោស។

កាលពី​ខែ​មុន នាយ​វរសេនីយ៍ទោ​តៃវ៉ាន់​ម្នាក់​ទៀត​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤ឆ្នាំ​ពី​បទ​ព្យាយាម​បង្កើត​បណ្តាញ​ចារកម្ម​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ព្យាយាម​ទាក់ទាញ​នាយ​វរសេនីយ៍ទោ​ម្នាក់​ទៀត​ដោយ​ផ្តល់​ឱ្យ​ប្រាក់ និង​អំណោយ​ផ្សេងៗ។

អ្នក​ជំនាញ​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ជ្រើសរើស​អ្នក​ជំនួញ​ ឬ​មន្ត្រី​ចូល​និវត្តន៍​តៃវ៉ាន់​យ៉ាង​សកម្ម ដែល​នេះ​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ផ្តោត​លើ​ការ​ស្វែងរក​អ្នក​មាន​ទំនាក់ទំនង​ល្អ​ ដែល​អាច​បម្រើ​ជា​ស្ពាន​ភ្ជាប់​ទៅ​រក​គោលដៅ​ស៊ើបការណ៍​សម្ងាត់។

លោកPeter Mattis ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ក្នុង​កម្មវិធី​ចិន​របស់​មូលនិធិ The Jamestown Foundation បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​មួយ​ថា ជា​ជាង​ការ​ប្រឹងប្រែង​ខ្លាំងក្លា​ក្នុង​ការ​កំណត់​ជន​សំខាន់ៗ​នៅ​កោះ​តៃវ៉ាន់​ដោយ​ខ្លួន​ឯង ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន​កំពុង​ដាក់​បន្ទុក​នេះ​ទៅ​លើ​ភ្នាក់ងារ​ចារកម្ម​តៃវ៉ាន់​ដែល​ខ្លួន​បាន​ជ្រើសរើស និង​ដែល​មាន​ទំនាក់ទំនង​ស្រាប់​ ដែល​ប្រហែល​ជា​ដឹង​ថា​តើ​ពួកគេ​អាច​ទាក់ទង​អ្នក​ណា​បាន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។​

លោក​បាន​សរសេរ​ថា៖ «តាមរយៈ​ការ​ធ្វើ​បែប​នេះ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន​ធ្វើ​ការ​បាន​ស្រួល​ជាង​មុន តាមរយៈ​ការ​ផ្តោត​លើ​ភ្នាក់ងារ​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​ចិន ដែល​ពួកគេ​អាច​ប្រើប្រាស់​ភ្នាក់ងារ​ទាំង​នោះ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន និង​អាច​គេច​ផុត​ពី​ការ​តាមដាន​របស់​ភ្នាក់ងារ​សន្តិសុខ​តៃវ៉ាន់​បាន»។

នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ការ​ចោទប្រកាន់​ពី​បទ​ចារកម្ម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ភាគី​ទាំង​២ ខណៈ​ដែល​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​មាន​ការ​កើន​ឡើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ផ្សាយ​កាលពី​ដើម​ខែ​តុលា​ថា ភា្នក់ងារ​សន្តិសុខ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ក្រាប​ករណី​ចារកម្ម​រាប់រយ​ករណី ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ និង​បាន​ចាប់​ខ្លួន​ភ្នាក់ងារ​ចារកម្ម​តៃវ៉ាន់​ជាច្រើន និង​អ្នក​ផ្សំ​គំនិត​របស់​ពួកគេ​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ដ៏​ពិសេស​មួយ​ដែល​គេ​ហៅ​ថា «Thunder ២០២០»។ ​

ទូរទស្សន៍ CCTV ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក៏​បាន​ចាក់​បញ្ចាំង​ការ​សារភាព​របស់​ពលរដ្ឋ​តៃវ៉ាន់​៤នាក់​ ដែល​នៅ​ពេល​នេះ​ត្រូវ​បាន​ចិន​ឃុំ​ខ្លួន​ផង​ដែរ។

ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដី​គោក​របស់​តៃវ៉ាន់​បាន​ហៅ​ការ​រាយការណ៍​នោះ​ថា «មិន​មាន​មូលដ្ឋាន» និង​ជា «ការ​រៀបចំ​ផ្នែក​នយោបាយ​មាន​ចេតនា​អាក្រក់» ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន៕

XS
SM
MD
LG