ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា តៃវ៉ាន់​ត្រូវការ​សព្វាវុធ​យោធា​ផលិត​ក្នុង​ស្រុក​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ចិន


រូបឯកសារ៖ យោធា​តៃវ៉ាន់​ដើរ​ក្បួន​ក្នុង​ពិធី​បុណ្យជាតិ​តៃវ៉ាន់ នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ យោធា​តៃវ៉ាន់​ដើរ​ក្បួន​ក្នុង​ពិធី​បុណ្យជាតិ​តៃវ៉ាន់ នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

អ្នក​ជំនាញ​យោធា​និយាយ​ថា គម្រោង​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​លក់​អាវុធ​ទំនើប​ចំនួន ៣ ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ដែល​ត្រូវ​បាន​គេ​រាយការណ៍ ទំនង​ជា​មិន​ជួយ​តៃវ៉ាន់​ឱ្យ​ត្រៀម​ខ្លួន​តទល់​នឹង​ប្រទេស​ចិន​ឱ្យ​មាន​ប្រសិទ្ធភាព​ដូច​ការ​មាន​សព្វាវុធ​ផលិត​ក្នុង​ស្រុក​បន្ថែម និង​ការ​ហ្វឹកហ្វឺន​ទាហាន​ឲ្យ​កាន់តែ​ខ្លាំងក្លា​នោះ​ទេ។

គេហទំព័រ GlobalFirePower.com ដែល​ផ្តល់​ចំណាត់ថ្នាក់​លើ​សមត្ថភាព​យោធា​របស់​ប្រទេស​នានា បាន​ដាក់​កោះ​តៃវ៉ាន់​ក្នុង​លំដាប់​ទី ២៦ ក្នុង​ចំណោម​ប្រទេស​និង​តំបន់​ចំនួន ១៣៨ ដែល​គេហទំព័រ​នេះ​ធ្វើ​ការ​វិភាគ​នៅ​ឆ្នាំ​នេះ។ ប្រទេស​ចិន​ស្ថិត​ក្នុង​លំដាប់​ទី ៣។ កង​កម្លាំង​អាកាស​នៃ​កងទ័ព​ប្រជាជន​ចិន​បាន​បើក​យន្តហោះ​ចម្បាំង​កាត់​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ា់ន់​ចំនួន ៤៩ ដង មក​ទល់​នឹង​ពេល​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​នេះ​ជា​តួលេខ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​គិត​ថា យើង​គួរតែ​ចាត់​វិធានការ និង​បោះជំហាន​មួយៗ​ដោយ​ហ្មត់ចត់ ដោយសារ​តែ​អាច​មាន​ពេល​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ដែល​មាន​ផលប៉ះពាល់​ខ្លាំង»។

អ្នក​វិភាគ​ជឿ​ថា តៃវ៉ាន់​ត្រូវការ​មីស៊ីល​បន្ថែម​ទៀត​សម្រាប់​ផ្ទុក​នៅ​ក្នុង​ឃ្លាំង​សព្វាវុធ​របស់​ខ្លួន។ អ្នក​ជំនាញ​មួយ​ចំនួន​ទៀត​បាន​បន្ថែម​ថា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់គួរតែ​ពង្រីក​ថវិកា​បម្រុង​សម្រាប់​យោធា​ផង​ដែរ និង​ទាក់ទាញ​ពលរដ្ឋ​តៃវ៉ាន់​ដែល​អាច​ស្ម័គ្រចិត្ត​ធ្វើ​ជា​ទាហាន​ជាជាង​ឱ្យ​ពួកគេ​ចាកចេញ​បន្ទាប់​ពី​ការ​ហ្វឹកហ្វឺន​រយៈពេល ៤ ខែ ដែល​ជា​កាតព្វកិច្ច​នោះ។

រូបឯកសារ៖ យន្ដហោះ​ចម្បាំង​របស់​តៃវ៉ាន់​ចត​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​នៅ​ក្រុង Hsinchu កោះតៃវ៉ាន់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
រូបឯកសារ៖ យន្ដហោះ​ចម្បាំង​របស់​តៃវ៉ាន់​ចត​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​នៅ​ក្រុង Hsinchu កោះតៃវ៉ាន់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

មីស៊ីល គ្រាប់​មីន និង​មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាស

អ្នក​វិភាគ​និយាយ​ថា តៃវ៉ាន់​ត្រូវ​ផលិត​អាវុធ​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត​ដើម្បី​បង្កើន​ការ​ពឹងផ្អែក​លើ​ខ្លួន​ឯង​នៅ​ក្នុង​ពិភពលោក ដែល​ប្រទេស​ភាគច្រើន​នឹង​មិន​លក់​សព្វាវុធ​ទៅ​ឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​នោះ​ទេ ដោយសារ​តែ​ការ​ដាក់​សម្ពាធ​ពី​ចិន។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ចាត់ទុក​ការ​ផលិត​សព្វាវុធ​ការពារ​នៅ​ក្នុង​ស្រុក​ជា​អាទិភាព​សេដ្ឋកិច្ច​កំពូល ចាប់​តាំងពី​អ្នកស្រី​ចូល​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ២០១៦ មក ហើយ​ការ​ចំណាយ​សម្រាប់​អាទិភាព​នេះ​បាន​កើន​ឡើង​ពី ៨៧០ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដល់ ២ ពាន់ ៦ រយ​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៩។

លោក Collin Koh អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា កម្មវិធី​មីស៊ីល​ទំនង​ជា​អ្វី​ដែល​គេ​នឹង​ផ្តោត​ខ្លាំង​បំផុត។

លោក Koh បាន​និយាយ​ថា៖ «នៅ​ពេល​នេះ បើ​តាម​ខ្ញុំ​ដឹង កម្មវិធី​មីស៊ីល​របស់​ពួកគេ​គឺ​ច្បាស់​ណាស់​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​នៃ​កិច្ច​ប្រឹងប្រែង​ការពារ​ជាតិរបស់​ពួកគេ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

ក្រុមហ៊ុន​ម៉ៅការ​សម្រាប់​កម្មវិធី​ការពារ​ជាតិ​របស់​កោះ​តៃវ៉ាន់​នេះ ក៏​បាន​ជំរុញ​ឱ្យ​ប្រើប្រាស់​គ្រាប់​មីន​នៅ​ក្នុង​សមុទ្រ យន្តហោះ​ចម្បាំង មីស៊ីល​បាញ់​នឹង​នាវា​ចម្បាំង និង​មីស៊ីល​បាញ់​ទី​ដី​ទៅ​លើ​អាកាស​ផងដែរ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ពន្លឿន​ការ​លក់​សព្វាវុធ​យោធា​ទៅ​ឱ្យ​តៃវ៉ាន់ ដើម្បី​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​លក់​យន្តហោះ​ចម្បាំង F-16 ប្រភេទ​ចុងក្រោយ​បំផុត ចំនួន ៦៦ គ្រឿង។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​នៅ​មិន​ទាន់​ប្រាកដ​ថា​តើ​ការ​លក់​ទាំង​នេះ​នឹង​បន្ត​បាន​យូរ​កម្រិត​ណា​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឡើង​វិញ​នោះ។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា អាវុធ​ផលិត​ក្នុង​ស្រុក​គឺ​ជា​គន្លឹះ​ក្នុង​ការ​ការពារ​ខ្លួន​ទប់ទល់​នឹង​ចិន តាម​រយៈ​ការ​ប្រើ​យុទ្ធសាស្ត្រ​ពិសេស​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​សត្រូវ​ដែល​មាន​អំណាច​យោធា​ជា​ទូទៅ​ខ្លាំង​ជាង​ខ្លួន។

លោក Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់​ផ្នែក​ការពារ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវRand Corp. បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ទី​បញ្ចប់ អ្នក​ត្រូវ​មាន​ចម្ងល់​ថា​តើ​តៃវ៉ាន់​នឹង​អាច​ទទួល​បាន​យន្តហោះ​ចម្បាំង [F-16] ទាំង​នោះ​បាន​ដែរ​ឬ​ទេ ដោយសារ​តែ​គោលដៅ​ចម្បង​របស់​ចិន​គឺ​នឹង​ប្រើប្រាស់​នាវា និង​មីស៊ីល​ផ្លោង​របស់​ខ្លួន​ដើម្បី​បំផ្ទុះ​ផ្លូវ​រត់​របស់​យន្តហោះ​នៅ​កោះ​តៃវ៉ាន់»។

គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (Democratic Progressive Party) ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​នៅ​ក្នុង​ឆ្នាំ ២០១៥ ថា គោល​នយោបាយ​នៃ​ឧស្សាហកម្ម​ផ្នែក​ការពារ​ជាតិ​របស់​ខ្លួន​នឹង​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ៨,១៧ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​ចំនួន ៨.០០០ ការងារ។ ក្រុមហ៊ុន​ប្រមាណ ២០០ បាន​ចូលរួម​នៅ​ក្នុង​ការ​ផលិត​អាវុធ​គិត​ត្រឹម​ឆ្នាំ ២០១៩ ដែល​នេះ​ជា​ការ​ពង្រីក​កិត្តិនាម​របស់​តៃវ៉ាន់​ក្នុង​នាម​ជា​ប្រទេស​ល្បី​ខាង​ផលិតកម្ម​ដែល​មាន​រាប់​ទសវត្សរ៍​មក​ហើយ។

ប្រទេស​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់ និង​ទទូច​ថា ភាគី​ទាំង​នឹង​ត្រូវ​រួបរួម​គ្នា ដែល​នេះ​ជា​បញ្ហា​សល់​ពី​សង្គ្រាម​ស៊ីវិល​ចិន​នៅ​ក្នុង​ទសវត្សរ៍ ១៩៤០។ តៃវ៉ាន់​ជា​ប្រទេស​មាន​ការ​ដឹកនាំ​ឯករាជ្យ ហើយ​ប្រធានាធិបតី​តៃវ៉ាន់​បាន​បដិសេធ​ចំពោះ​ការ​អំពាវនាវ​របស់​ចិន ដែល​ចង់​ឲ្យ​មាន​កិច្ច​សន្ទនា​ផ្អែក​លើ​ហេតុផល​ថា ភាគី​ទាំង​ពីរ​ជា​ប្រទេស​តែ​មួយ។

ការ​កើន​ឡើង​នៃ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់​តៃវ៉ាន់​នៅ​ឆ្នាំ​នេះ ដែល​រួម​មាន​ទាំង​ការ​លក់​សព្វាវុធ​ផង​ដែរ បាន​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​មាន​កាតព្វកិច្ច​ក្រោម​ច្បាប់​ឆ្នាំ ១៩៧៩ នៅ​ក្នុង​ការ​ពិចារណា​ជួយ​តៃវ៉ាន់​ផ្នែក​យោធា ប្រសិន​បើ​កោះ​នេះ​ត្រូវ​បាន​វាយ​ប្រហារ៕

XS
SM
MD
LG