សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ទស្សនកិច្ចរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់គឺស្របជាមួយនឹងគោលនយោបាយជាយូរមកហើយរបស់សហរដ្ឋអាមេរិកដែលមានការគាំទ្រពីគណបក្សទាំងពីរ និងបានជំរុញប្រទេសចិនកុំឱ្យមានប្រតិកម្មជ្រុលចំពោះ «ដំណើរទស្សនកិច្ចដោយសន្តិវិធី» របស់សមាជិកសភាអាមេរិក ឬក៏កុំធ្វើឱ្យមានការប្រែប្រួលជាឯកតោភាគីណាមួយចំពោះស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់។
កាលពីថ្ងៃចន្ទម្សិលមិញ យោធាចិនបានបញ្ជាក់ថាខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតប្រជុំកោះ Penghu របស់តៃវ៉ាន់ ស្របពេលដែលសមាជិកសភាអាមេរិកមួយក្រុមបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់។
ដំណើរទស្សនកិច្ចថ្មីចុងក្រោយបង្អស់របស់គណៈប្រតិភូសភាអាមេរិកទៅកាន់កោះតៃវ៉ាន់នេះដឹកនាំដោយលោកសមាជិកព្រឹទ្ធសភា Edward Markey ដែលជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងសន្តិសុខអ៊ីនធឺណិតអន្តរជាតិនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាអាមេរិក។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅទីនោះដែលធ្វើឱ្យចិនខឹងយ៉ាងខ្លាំង។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា ចិនបានមានប្រតិកម្មជ្រុលចំពោះដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi នេះ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ចិនបានប្រើដំណើរទស្សនកិច្ចនេះធ្វើជាលេសដើម្បីព្យាយាមធ្វើឱ្យមានការប្រែប្រួលដល់ស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់អំពីទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់លើកនេះថា៖ «សមាជិកសភាអាមេរិកបានធ្វើទស្សនកិច្ចទៅតៃវ៉ាន់អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ហើយពួកគេនឹងបន្តធ្វើដូច្នេះទៀត»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា៖ «វាបានបង្ហាញយ៉ាងច្បាស់អស់ពេលមួយរយៈមកហើយថា មានភាគីតែម្ខាងដែលស្វះស្វែងធ្វើឱ្យមានការប្រែប្រួលដល់ស្ថានភាពបច្ចុប្បន្ន [នៅច្រកសមុទ្រតៃវ៉ាន់]។ ភាគីនោះមិនមែនជាសហរដ្ឋអាមេរិក ឬក៏តៃវ៉ាន់នោះទេ។ ភាគីនោះគឺសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីនោះកំពុងស្វះស្វែងបំផ្លាញស្ថានភាពបច្ចុប្បន្ន [នៅច្រកសមុទ្រតៃវ៉ាន់]»៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និង VOA ភាសាចិនកុកងឺរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
អាមេរិកជំរុញចិនកុំឱ្យមានប្រតិកម្មជ្រុលចំពោះ«ទស្សនកិច្ចដោយសន្តិវិធី»របស់សមាជិកសភាអាមេរិកទៅតៃវ៉ាន់
វ៉ាស៊ីនតោន —