អភិបាលរដ្ឋសហរដ្ឋអាមេរិកមួយរូបបានជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃចន្ទនេះ។ ជំនួបនេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសអំពីការចរចាពាណិជ្ជកម្មជាមួយរដ្ឋាភិបាលតៃវ៉ាន់ដើម្បីបង្ហាញការគាំទ្រ បន្ទាប់ពីមានការគំរាមកំហែងបែបយោធារបស់ចិនចំពោះតៃវ៉ាន់មក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Eric Holcomb អភិបាលរដ្ឋ Indiana ខាងគណបក្សសាធារណរដ្ឋ បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដើម្បីបំពេញ «ទស្សនកិច្ចផ្នែកអភិវឌ្ឍន៏សេដ្ឋកិច្ច»។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានកើនឡើងចាប់តាំងពីរដ្ឋាភិបាលចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់មកដើម្បីសងសឹកចំពោះទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។
តៃវ៉ាន់ស្ថិតនៅក្រោមការគំរាមឈ្លានពានរបស់ចិនមិនឈប់ឈរ។ ប្រទេសចិនអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ខ្លួន ដែលខ្លួនអាចដណ្តើមយកមកវិញនៅថ្ងៃណាមួយតាមរយៈការប្រើកម្លាំងប្រសិនបើចាំបាច់។
រដ្ឋាភិបាលចិនបានរិះគន់រាល់សកម្មភាពការទូតទាំងឡាយណាដែលអាចជួយតៃវ៉ាន់ឱ្យមានភាពស្របច្បាប់ ហើយបានឆ្លើយតបដោយការខឹងសម្បាកាន់តែខ្លាំងឡើងចំពោះទស្សនកិច្ចរបស់មន្ត្រីនិងអ្នកនយោបាយបស្ចិមប្រទេសនានាទៅកាន់កោះតៃវ៉ាន់។
នៅក្នុងជំនួបជាមួយនឹងលោក Holcomb នៅថ្ងៃចន្ទនេះ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានលើកឡើងដោយចំៗអំពីសមយុទ្ធយោធារបស់ចិន ហើយបានអំពាវនាវឱ្យបណ្តាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យដូចគ្នាបន្តគាំទ្រតៃវ៉ាន់។
អ្នកស្រីបានថ្លែងប្រាប់លោក Holcomb ថា៖ «បច្ចុប្បន្នយើងកំពុងប្រឈមនឹងការពង្រីកជាបន្តនៃរបបអាជ្ញាធិបតេយ្យនៅទូទាំងពិភពលោក»។
អ្នកស្រីបានបន្ថែមថា៖ «តៃវ៉ាន់ប្រឈមនឹងការគំរាមផ្នែកយោធាពីប្រទេសចិននៅក្នុងនិងជុំវិញច្រកសមុទ្រតៃវ៉ាន់។ នៅពេលនេះ សម្ព័ន្ធមិត្តប្រជាធិបតេយ្យនានាចាំបាច់ត្រូវតែឈរជាមួយគ្នានិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់»។
លោក Holcomb បាននិយាយថា សហរដ្ឋអាមេរិកនិងតៃវ៉ាន់ «មានគុណតម្លៃ ផលប្រយោជន៍ និង គោលដៅដូចគ្នាជាច្រើន»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងបន្តស្វែងរកវិធីកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងតៃវ៉ាន់»។
លោក Holcomb មានគម្រោងជួបជាមួយអ្នកតំណាងខាងឧស្សាហកម្មផលិតបន្ទះអេឡិចត្រូនិក Semiconductor នាំមុខគេក្នុងពិភពលោករបស់តៃវ៉ាន់ មុននឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ៕