ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា​ចិន​លុកលុយ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​​ ចូល​តំបន់​ការពារ​ដែន​អាកាស​របស់​ខ្លួន


រូបឯកសារ៖ រូបថតដែលគ្មានកាលបរិច្ឆេទដោយក្រសួងការពារកោះតៃវ៉ាន់ បង្ហាញឲ្យឃើញយន្តហោះចម្បាំងចិន J-16 ហោះកាត់តំបន់មួយ។

យន្តហោះ​ចំនួន ៧១ គ្រឿង​របស់​កងទ័ព​ជើង​អាកាស​ចិន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង​និង​ដ្រូន​ផង​ដែរ បាន​ហោះ​ចូល​តំបន់​កំណត់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ។

យន្តហោះ​ចំនួន ៤៣ គ្រឿង​ក្នុង​ចំណោម​នោះ​ក៏​បាន​ហោះ​កាត់​ខ្សែ​បន្ទាត់​ពាក់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ផង​ដែរ ដែល​ជា​ខ្សែ​បន្ទាត់​ទ្រនាប់​មិន​ផ្លូវការ​រវាង​ភាគី​ទាំង​ពីរ​ស្ថិត​ក្នុង​រង្វង់​តំបន់​ការពារ​ដែន​អាកាស​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​នៅ​ក្នុង​របាយការណ៍​មួយ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា នេះ​គឺ​ជា​ការ​លុកលុយ​ដ៏​ធំ​បំផុត​ដោយ​កងទ័ព​ជើង​អាកាស​របស់​ចិន​គិត​មក​ទល់​នឹង​ពេល​នេះ បើ​ទោះបីជា​មិន​មាន​ការ​យល់​ឃើញ​នៅ​តៃវ៉ាន់​ថា​នេះ​ជា​ស្ថានការណ៍​បន្ទាន់​ក៏ដោយ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​ការ​ដាក់សម្ពាធ​លើ​តៃវ៉ាន់។

ប្រទេស​ចិន ដែល​អះអាង​ថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន​នោះ បាន​បញ្ជាក់​ថា​ខ្លួន​បាន​ធ្វើ «សមយុទ្ធ​វាយ​ប្រហារ» នៅ​ឯ​សមុទ្រ​និង​ដែន​អាកាស​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ថា​ ជា​ការ​បង្កហេតុ​ពី​កោះ​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក។

តៃវ៉ាន់ ដែល​ច្រានចោល​ការ​អះអាង​របស់​ចិន​រឿង​អធិបតេយ្យ​របស់​ខ្លួន បាន​បញ្ជាក់​ថា សមយុទ្ធ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ចិន​បាន​បំផ្លាញ​ដល់​សន្តិភាព​នៅ​ក្នុង​តំបន់​និង​ព្យាយាម​បំភ័យ​ប្រជាពលរដ្ឋ​តៃវ៉ាន់។

ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​បញ្ជាក់​ថា អ្នកស្រី Tsai នឹង​កោះ​ប្រជុំ​កម្រិត​ខ្ពស់​ស្ដីពី​សន្តិសុខ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​ ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ស៊ីវិល​របស់​កោះ​តៃវ៉ាន់ ហើយ​បន្ទាប់​មក​នឹង​ធ្វើ​សន្និសីទ​កាសែត​អំពី​វិធានការ​ថ្មីៗ​ស្ដីពី​ការ​ការពារ​ស៊ីវិល។

ការ​លើកឡើង​នេះ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​ទេ ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា​ខ្លួន​កំពុង​ពិចារណា​បន្ត​ទៅ​មុខ​បន្ថែម​ទៀត​នូវ​កាតព្វកិច្ច​យោធា​ដ៏​ចាំបាច់​ខាន​មិន​បាន​ឱ្យ​ហួស​ពី​រយៈពេល ៤ ខែ ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ភាព​តានតឹន​កើនឡើង​ជាមួយ​នឹង​ចិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិភាក្សា​ជា​ថ្មី​អំពី​វិធី​នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​សម្ពាធ​យោធា​របស់​ចិន៕

XS
SM
MD
LG