កោះតៃវ៉ាន់និយាយនៅថ្ងៃចន្ទថា កម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិក្នុងការការពារខ្លួន និងការវាយបកវិញ ក្នុងពេលរងការយាយី និងការគំរាមកំហែងណាមួយ ដែលនេះហាក់ដូចជាសារព្រមានត្រង់ៗទៅប្រទេសចិនដីគោក ដែលកាលពីសប្តាហ៍មុន បានប្រើយន្តហោះចម្បាំងរបស់ខ្លួនហោះឆ្លងបន្ទាត់ចំណុចកណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ដ៏រសើបខាងនយោបាយ។
ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរវាងរដ្ឋាភិបាលទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលអះអាងថាកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្រុងប៉េកាំងអាចប្រើកម្លាំងយោធាដើម្បីដណ្តើមកាន់កាប់ ក្នុងករណីដែលចាំបាច់ណាមួយ។
កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍មុន យន្តហោះយោធាចិនបានហោះឆ្លងចំណុចពាក់កណ្តាលច្រកសមុទ្រ និងរំលោភចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ ដែលនេះបានធ្វើឲ្យតៃវ៉ាន់ស្រវ៉ាស្រទេញរៀបចំយន្តហោះចម្បាំងរបស់ខ្លួនដើម្បីទប់ស្កាត់ការរំលោភបំពានពីប្រទេសចិនដីគោក។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានហៅការរំលោភបំពានរបស់ចិន ថាជាការគំរាមកំហែងមួយសម្រាប់តំបន់។
អ្នកនាំពាក្យក្រសួងបរទេសចិនលោក Wang Wenbin បា្រប់អ្នកអ្នកសារព័ត៌មានក្នុងក្រុងប៉េកាំងថា អ្វីដែលគេហៅថា «បន្ទាត់ចំណុចកណ្តាល» (mid-line) នៃច្រកសមុទ្រនោះ មិនដែលមាននោះទេ។ ចាប់តាំងពីឆ្នាំ២០១៦មក កោះតៃវ៉ាន់រាយការណ៍ថា មានការរំលោភពីសំណាក់ចិនដីគោកទៅលើកចំណុចកណ្តាលនោះចំនួន៥ដង ដែល២ដងកើតឡើងកាលពីសប្តាហ៍មុន។
ដោយឡែកទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា កងកម្លាំងអាកាសរបស់ចិន បានចេញផ្សាយវីដេអូមួយដែលបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ដែលអាចផ្ទុកគ្រាប់នុយក្លេអ៊ែរបាន បានបើកការហាត់ប្រយុទ្ធសាកល្បងទៅលើមូលដ្ឋានយោធាមួយដែលមើលទៅហាក់ដូចជាមូលដ្ឋានកងទ័ពអាកាសអាមេរិក Andersen នៅលើកោះ Guam ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលដែលគ្រប់គ្រងដោយអាមេរិកនោះ។
វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍នៅលើគណនី Weibo របស់កងទ័ពរំដោះប្រជាជនចិននោះ កើតមានឡើងបន្ទាប់ពីចិនកំពុងធ្វើសមយុទ្ធយោធានៅថ្ងៃទី២ ជិតដែនកោះតៃវ៉ាន់ ដើម្បីបង្ហាញពីកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ទៅកាន់ដែនកោះតៃវ៉ាន់ ក្នុងពេលថ្មីៗនេះ៕