ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​បញ្ចេញ​​ក្រប​លិខិត​ឆ្លង​ដែនថ្មី​ដើម្បី​បង្ហាញ​ភាព​​ខុសគ្នា​ពី​ចិន​ដីគោក


រដ្ឋ​មន្ត្រី​ការបរទេស​តៃវ៉ាន់ Joseph Wu (កណ្ដាល) ថ្លែង​អំពី​លិខិត​ឆ្លង​ដែន​ថ្មី​របស់​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី២ កញ្ញា ២០២០។

ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​រវាង​ជនជាតិ​តៃវ៉ាន់​ និង​ជនជាតិ​ចិន​ដីគោក​នៅ ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ រដ្ឋាភិបាល​កោះ​តៃវ៉ាន់​បាន​កែប្រែ​ឈ្មោះ​និង​សញ្ញា​នៅ​លើ​លិខិត​ឆ្លង​ដែនរបស់​ខ្លួន។

រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ បាន​ចេញ​រូបគំនូរ​ថ្មី​លើ​ក្របលិខិត​ឆ្លងដែន​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ផ្តោតទៅ​លើ​ពាក្យ «តៃវ៉ាន់‍» ​យ៉ាង​ច្បាស់​លាស់​ដើម្បី​បញ្ចៀស​ការជាប់​ទាក់ទិន​ជាមួយ​ប្រទេស​ចិន​ដែល​កាល​ពីពេល​មុន​ជា​ទីកន្លែង​នៃ​ការរាតត្បាត​វីរុស​កូរ៉ូណា។​

ឈ្មោះ​ផ្លូវការ​របស់កោះ​នោះ​គឺ​សាធារណរដ្ឋ​ចិន​ឬ R.O.C​ នៅតែ​ស្ថិត​លើ​ក្រប​លិខិត​ឆ្លង​ដែន​ដដែល​ ក៏​ប៉ុន្តែ​មាន​ទំហំតូច​ជាង​មុន។ អ្នក​សង្កេត​ការណ៍​និយាយ​ថា ការធ្វើ​បែប​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​ចិន។

ឈ្មោះ​ផ្លូវការសាធារណរដ្ឋ​ចិន​ឬ R.O.C. បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តៃវ៉ាន់​មាន​ការលំបាក​ក្នុង​ការធ្វើ​ដំណើរ​ទៅ​បរទេស​ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​ការរាតត្បាត​នៃ​វីរុស​កូរ៉ណា​កាលពី​ខែ​មករាមក​ ពីព្រោះ​ពលរដ្ឋ​តៃវ៉ាន់​ជា​រឿយៗ​ត្រូវ​បាន​គេយល់​ច្រឡំ​ថាជា​អ្នក​មក​ពី​ប្រទេស​ចិន​ដីគោក នេះបើ​តាមការ​យល់​ឃើញ​របស់​លោក​ Joseph Wu រដ្ឋមន្ត្រី​ការបរទេស​កោះ​តៃវ៉ាន់។​

រដ្ឋាភិបាល​តៃវ៉ាន់​បាន​ខិតខំ​អនុម័ត​ច្បាប់​កាលពី​ខែ​កក្កដា ដោយ​បាន​ស្នើ​ឲ្យ​គណៈរដ្ឋ​មន្ត្រី​រចនា​ក្រប​លិខិត​ឆ្លងដែននិង​សញ្ញា​សម្គាល់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ឡើង​វិញ​ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់​ដើម្បី​បញ្ជាក់​អំពី​អត្តសញ្ញាណ​តៃវ៉ាន់។​

លិខិត​ឆ្លង​ដែន​មាន​លក្ខណៈ​អត្តសញ្ញាណ​តៃវ៉ាន់

ដោយ​ធ្វើ​ទៅតាមច្បាប់​នោះ ​លោក ​Wu ​បាន​និយាយ​ថា រូប​សញ្ញាថ្មី​ដាក់​តៃវ៉ាន់​នៅ​ខាង​មុខនិង​កណ្តាល​ក្រប​លិខិត​ឆ្លង​ដែន​ដែល​ជា​ការ​ផ្លាស់ប្តូរ​តិច​តួច​ប៉ុណ្ណោះ។

លោក Wu បាន​ប្រាប់​សន្និសីទ​កាសែតដើម្បី​បង្ហាញ​រូបសញ្ញា​ថ្មី​កាលពី​ពេល​ថ្មីៗ​ថា៖ «នៅ​លើ​ក្រប​លិខិត​ឆ្លងដែន ពាក្យ​តៃវ៉ាន់​មាន​ទំហំធំ​ជាង​មុន ហើយ​ស្ថិត​នៅ​ចំ​ពីលើ​ពាក្យ​ថា​លិខិត​ឆ្លង​ដែន​ដែលបញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា ​នេះ​ជាលិខិត​ឆ្លងដែន​តៃវ៉ាន់។ ឥឡូវនេះច្បាស់​លាស់​ណាស់»។

ការផ្លាស់​ប្តូរ​មួយទៀត​ទាក់ទិន​នឹង​ឈ្មោះ​ផ្លូវការណ៍​របស់​កោះ​តៃវ៉ាន់​ដែល​ត្រូវ​បាន​បន្ថយ​ទំហំ​នៅ​លើ​គ្រប​លិខិត​ឆ្លងដែន ក៏ប៉ុន្តែ​មាន​បោះពុម្ភ​៣​ដង​ក្នុង​រង្វល់​មូល​ដែល​ព័ទ្ធ​ជុំវិញ​បដិរូបជាតិ។​

តៃវ៉ាន់​បាន​បន្ថែម​ឈ្មោះ​ផ្សេង​មួយទៀត ​នៅ​លើ​ក្រប​លិខិត​ឆ្លង​ដែនរបស់​ខ្លួនជាលើក​ដំបូង​នៅ​ឆ្នាំ​២០០៣ នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន (DPP)​ ដែល​គាំទ្រ​ឯករាជ្យ បាន​ទទួល​ជ័យ​ជម្នះ​យ៉ាងខ្លាំ​ង​នៅ​ក្នុង​ការបោះឆ្នោត​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​ដែល​លាក់​បាំង​របស់​គណបក្ស​ដើម្បី​ជំរុញ​កោះ​តៃវ៉ាន់​ឆ្ពោះ​ទៅកាន់​ឯករាជ្យភាព​ស្របច្បាប់។​

ការបញ្ចៀស​ការ​ប្រឈមមុខ

លោក ​Charles Chen​ សមាជិក​សភា​របស់​គណបក្សគួម៉េងតាំង​ឬ​ KMT ​បាន​និយាយ​ថា ​ក្រប​លិខិត​ឆ្លង​ដែន​ដែល​រូប​គំនូរ​ថ្មី បាន​បញ្ជាក់​ពី​វិធានការ​ឆ្ពោះ​ទៅ​មុខមួយ​ទៀត ថ្វីបើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយគណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន (DPP) ​ទំនង​បាន​ធ្វើ​សម្បទាន​ដោយ​ការ​រក្សា​ទុក​ឈ្មោះ​ផ្លូវការណ៍​ដើម្បី​បញ្ចៀស​ការប្រឈម​មុខ​ខាង​មនោគម​វិទ្យា។ លោក Chen បាន​ប្រាប VOA តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​គិត​ថា របៀប​វារៈ​ដែល​មាន​ការ​លាក់​បាំង​លែង​លែង​មាន​ការ​លាក់​បាំង​ទៀត​ហើយ។ ក៏ប៉ុន្តែ នេះ​ជា​វិធានការ​តូច​បំផុត។ ប្រសិន​បើ ​យក​ឈ្មោះ​សាធារណរដ្ឋ​ចិន​ចេញពី​ក្រប​លិខិត​ឆ្លង​ដែន​មែន ការណ៍នេះ​នឹង​ក្លាយ​ជា​ជំហាន​ដ៏សំខាន់​មួយ»។

ការណ៍​នេះ អាច​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ដែល​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​ធ្វើ​តាម​ទំនើងចិត្ត ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ការឆ្លើយ​តប​របស់​ចិន​ចំពោះ​គំនូរ​លិខិត​ឆ្លង​ដែន​ថ្មី ហាក់​ដូចជា​ធ្វើឡើង​ដោយមាន​ការ​ទប់ទល់។

ល្បិចកល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ (DPP)

លោកស្រី​ Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​ បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ពេល​ដែល​គេសួរ​អំពី​លិខិត​ឆ្លង​ដែន​ថ្មី​របស់​កោះតៃវ៉ាន់​នោះ​ថា៖ «ទោះ​ជា​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយគណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ (DPP) កំពុង​ប្រើ​ល្បិច​កល​អ្វី​ក៏ដោយ ក៏​កោះ​តៃវ៉ាន់​នៅ​តែ​ជា​ផ្នែក​ដ៏សំខាន់​មួយ​របស់​ចិន​ដដែល។ រឿង​នេះ​នឹង​មិន​ផ្លាស់​ប្តូរទេ»។

លោក Chen នៃ​គណបក្ស ​KMT ​បាន​និយាយ​បន្ត​ទៀត​ថា ​រចនាបទថ្មីបម្រើ​គោល​បំណងរដ្ឋាភិបាល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP)​ តែ​មួយ​គត់​គឺធ្វើ​ឲ្យ​ពួក​អ្នក​គាំទ្រ​របស់​ខ្លួន​សប្បាយចិត្ត ដោយសារ​តែ​រូបគំនូរ​ថ្មី​នោះ​នឹង​មិន​ប៉ះពាល់​ដល់វិធី​ដែល​គយ​នៅ​ចំណត​អាកាសយានដ្ឋាន​ជុំវិញ​ពិភពលោក​ត្រួត​ពិនិត្យ​អ្នកកាន់​លិខិត​ឆ្លង​ដែន​របស់​កោះ​តៃវ៉ាន់​ទេ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ មាន​សេចក្តីរាយការណ៍​ថា ពួក​អ្នក​កាន់​លិខិត​ឆ្លង​ដែន​តៃវ៉ាន់ ត្រូវ​បាន​គេ​រារាំង​មិនឲ្យ​ចូល​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជាឥណ្ឌូណេស៊ី​ដែល​បាន​បដិសេធ​មិន​ឲ្យ​ជនជាតិ​ចិន​ចូល ​ដើម្បី​រារាំង​ការរាលដាល​ជំងឺ​កូវីដ១៩។

ការស្ទង់មតិ​មួយ​កាលពី​ខែ​មីនា​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​គណបក្ស​អំណាច​ថ្មី​ឬ (NPP) បាន​បង្ហាញ​ថា ​ពលរដ្ឋ​តៃវ៉ាន់​ជិត​៧៥​ភាគរយ​បាន​គាំទ្រ​គំនិត​នៃ​«ការដក​ឈ្មោះ​សាធារណរដ្ឋ​ចិន»​ចេញពី​លិខិត​ឆ្លងដែន​របស់​តៃវ៉ាន់​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ច្បាស់​ក្រឡែត​រវាង​ពលរដ្ឋ​តៃវ៉ាន់​និង​ចិន​ដីគោក។​

គោលបំណង​ពិត​ប្រាកដ

លោក Jerry Liu នាយក​បណ្តាញ​ព័ត៌មាន​នៃ​គណបក្ស​អំណាច​ថ្មី​ឬ (NPP) ​និយាយ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាលដាក់​ឈ្មោះ​«តៃវ៉ាន់»​នៅ​លើ​ក្រប​លិខិត​ឆ្លងដែន​ជា​ការ ស្វាគមន៍​ប្រកប​ដោយ​វិជ្ជាមាន ក៏ប៉ុន្តែ ​មិន​ល្មម​គ្រប់​គ្រាន់​ទេ។

លោក Liu បាន​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖ «ប្រសិនបើ​ពួកគេ​ដាក់​ឈ្មោះសាធារណរដ្ឋ​ចិន​នៅ​ខាង​ក្នុង​លិខិត​ឆ្លងដែន​ ឧទាហរណ៍​នៅ​លើទំព័រ​ទី១​នៃ​លិខិត​ឆ្លងដែន​និង​នៅ​លើ​ក្រប​លិខិត​ឆ្លង​ដែន​ វា​ប្រសើរ​ជាង។ ​ហើយ​ ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​នឹង​អបអរ​វិធី​នេះ»។

លោក Liu ក៏បាន​ជម្រុញ​ឲ្យដ្ឋាភិបាល​ស្វែងរក​វិធី​ដើម្បី​កែប្រែ​បដិរូប​ជាតិ​របស់​កោះ​តៃវ៉ាន់ ពីព្រោះ​មើលទៅ​ដូច​បដិរូប​របស់គណបក្ស​គួម៉េងតាំង​ឬ​ KMT ​ពេក​។

លោក Liu បាន​និយាយ​ទៀត​ថា ​គណបក្ស​បាន​ចាប់​ផ្តើម​ការប្រកួត​ប្រជែង​រូបគំនរ​ក្រប​លិខិត​ឆ្លង​ដែន​ថ្មី​ក្នុង​ប៉ុន្មាន​ខែ​កន្លង​មក​នេះ។ គណបក្ស​នោះ បាន​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​រចនាបទ​ជាង​១២០​ដែល​បង្ហាញ​ភាគច្រើន​នូវឈ្មោះ​«តៃវ៉ាន់»​និង​រូប​អំពី​តៃវ៉ាន់​ដូចជា​មេអំបៅ ​ក្តាន់​តៃវ៉ាន់ឬ​សត្វចាប​តៃវ៉ាន់​នៅ​លើ​ក្រប​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​ដែល​បាន​ស្នើ។

លោក Liu និយាយ​ទៀត​ថា ការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ​ពលរដ្ឋ​តៃវ៉ាន់​ពិត​ជាប្រាថ្នា​ចង់​ឲ្យគេ​ស្គាល់​អត្តសញ្ញាណ​របស់​ពួកគេ​ជា​ជនជាតិ​តៃវ៉ាន់ ជា​ជាង​ជា​ជនជាតិ​ចិន​ដី​គោក។

ការស្ទង់​មតិ​កាល​ពី​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពលរដ្ឋ​តៃវ៉ាន់​៨៣​ភាគរយ​បាន​សម្គាល់​ខ្លួនឯង​ជា​ជនជាតិ​តៃវ៉ាន់៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG