ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើសមយុទ្ធយោធានៅជិតច្រកសមុទ្រតៃវ៉ាន់ នៅពេលអ្នកការទូតអាមេរិកកំពូលម្នាក់កំពុងបំពេញទស្សនកិច្ចលើដែនកោះស្វយ័តនេះ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងខឹងសម្បារ។
ទំនាក់ទំនងរវាងសហរដ្ឋអាមរិកនិងចិនបានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារភាគីទាំងពីរប៉ះទង្គិចគ្នាលើបញ្ហាជាច្រើន រាប់ទាំងពាណិជ្ជកម្ម បញ្ហាយោធានិងសន្តិសុខ ក៏ដូចជាបញ្ហាការឆ្លងរាលដាលជាសាកលនៃវីរុសកូរ៉ូណាផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងការបរទសអាមេរិក លោក Keith Krach ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថាន បានចុះចតនៅក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់បំផុតរបស់ក្រសួងការបរទេសអាមេរិក ក្នុងរយ:ពេល ៤០ ឆ្នាំកន្លងទៅ។
នៅឯសន្និសីទកាសែតកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការពារប្រទេសចិន បានថ្លែងថា រដ្ឋាភិបាលចិនបានធ្វើសមយុទ្ធយោធាពិតប្រាកដនៅជិតច្រកសមុទ្រតៃវ៉ាន់ នៅពេលសួរថា តើមានការឆ្លើយតបយ៉ាងណាទៅនឹងដំណើរទស្សកិច្ចរបស់អ្នកការទូតកំពូលម្នាក់របស់អាមេរិក។
លោក Ren Guoqiang បានថ្លែងថា៖ «នេះគឺជាវិធានការស្របច្បាប់ និងចាំបាច់ដើម្បីការពារបូរណភាពនិងអធិបតេយ្យភាពចិន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់»៕