ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ទទួលស្គាល់​អ្នកសារព័ត៌មាន​បរទេស​កាន់តែច្រើន​ឡើង ដែល​ខ្លះ​ភៀសខ្លួន​ពី​ចិន


ផែនទី បង្ហាញពីប្រទេសចិន កោះតៃវ៉ាន់ និងប្រទេស​ដែលនៅ​ក្បែរ​នោះ។

ក្រសួងការ​បរទេស​តៃវ៉ាន់ បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​អ្នកកាសែត​បរទេស​ចំនួន ២២ នាក់ ធ្វើការ​នៅ​តៃវ៉ាន់ ​គិត​ដល់​ត្រឹម​ចុង​ខែសីហា​ ឆ្នាំ២០២០​នេះ។​ ក្នុង​ចំណោម​អ្នក​កាសែត​ទាំង ២២នាក់​នោះ​ មាន​៧នាក់ ​ធ្លាប់​ប្រចាំការ​នៅ​ប្រទេស​ចិន។

តៃវ៉ាន់​ បាន​ចុះឈ្មោះ​អ្នកកាសែត​បរទេស​ដែល​ទើប​មក​ដល់​ថ្មីៗ​ចំនួន ​២២​ នាក់​ ក្នុង​ឆ្នាំ​២០២០​នេះ​ រួមទាំង​អ្នកកាសែត​ខ្លះ​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​នៅ​ប្រទេសចិន ​ជា​គូប្រជែង​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិផង។​ ការ​ទាក់ទាញ​អ្នកកាសែត​ទាំងនោះ​ឲ្យ​មក​កោះតៃវ៉ាន់​ គឺដោយសារ​សេរីភាព​ខាងប្រព័ន្ធ​ផ្សព្វផ្សាយ។

ក្រសួងការ​បរទេស​តៃវ៉ាន់ ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ប្រាប់ ​VOA ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី២៧ ​ខែសីហា​កន្លង​ទៅ​នេះ​ថា អ្នក​កាសែត​បាន​ចុះ​ឈ្មោះ​មក​ធ្វើការ​នៅ​តៃវ៉ាន់ «ពីព្រោះ​យើង​ផ្តល់​សេរីភាព​ខាង​ការបញ្ចេញមតិ​ និង​សេរីភាព​សារព័ត៌មាន​ ហើយ​យើង​គោរព​សិទ្ធិ​ទាំងនេះ»។ ​

ប្រទេស​ចិន​វិញ​ឃ្លាំមើល​អ្នកកាសែត ​ត្រួតពិនិត្យ​លើ​អ៊ីនធឺណិត ​និង​បណ្តេញ​អ្នកកាសែត​អាមេរិកាំង​ជាច្រើន​នាក់​ កាលពី​ដើម​ឆ្នាំ​២០២០​នេះ។

អ្នកកាសែត​ ៧នាក់​ក្នុង​ចំណោម​២២​នាក់ ​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​ចិន​ ដោយ​មិន​រាប់បញ្ចូល​ទីក្រុង​ហុងកុង​នោះ​ទេ។ ​ក្នុងចំណោម​អ្នក​កាសែត​ទាំង៧នាក់​នោះ​គឺមាន​អ្នកខ្លះ​ត្រូវបាន​បណ្តេញ​ចេញ​ពី​ទីក្រុង​ប៉េកាំង​កាលពី​ខែមីនា​ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដែល​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ចិន​អាក់អន់​ចិត្ត។ ​អ្នកកាសែត ​ដែល​ត្រូវ​បណ្តេញ​ចេញ ​បាន​ធ្វើការ​ឲ្យ​កាសែត ​New York Times​ និង​កាសែត​ Wall Street Journal។

អនុប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​សាជីវកម្ម New York Times Co. អ្នកស្រី Danielle Rhoades Ha បាន​និយាយ​ក្នុងសម្តី​ដើម​ថា៖

«ដោយសារ​បទបញ្ជា​ឲ្យ​បណ្តេញចេញ​ដោយ​រដ្ឋាភិបាល​ចិន​នេះ ​យើង​បាន​ប្តូរ​ទីតាំង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​ទីតាំង​ផ្សេងៗ​ក្នុង​តំបន់ ​ក្នុង​នោះ​រួមទាំង​ទីក្រុង​តៃប៉ិ​ផងដែរ»។

ប្រទេស​ចិន និង​កោះតៃវ៉ាន់ មាន​បញ្ហា​មិនចុះសម្រុងគ្នាជា​ច្រើន។ភាគីនីមួយៗគ្រប់គ្រង​ដោយ​ប្រទេស​ឬដែនដី​ខ្លួនឯង។​ ក៏ប៉ុន្តែ ​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះតៃវ៉ាន់ ​ហើយ​ខ្លួន​បាន​គំរាម​ប្រើ​កម្លាំង​ដើម្បី​ធ្វើឲ្យ​ភាគី​ទាំងពីរ​បង្រួបបង្រួម​គ្នា។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស ​ជាធម្មតា​ចង់បាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ដែល​ជា​មណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន ​ដោយសារ​ការប្រកាស​នានា​របស់​រដ្ឋាភិបាល​ចិន និង​ព្រឹត្តិការណ៍​ការទូត​សំខាន់ៗ គឺ​ត្រូវ​ធ្វើ​ឡើង​ទីនោះ។​ អ្នក​យកព័ត៌មាន​នៅ​កោះតៃវ៉ាន់ ​ត្រូវ​រាយការណ៍​ព័ត៌មាន​អំពី​ប្រទេស​ចិន ​ដោយ​ប្រើ​អ៊ីនធឺណិត​ជា​វិធី​ប្រមូល​ព័ត៌មាន ​និង​ការធ្វើដំណើរ​ម្តងម្កាល​ទៅ​ប្រទេស​ចិន​នៅពេល​ទទួល​បាន​ការ​អនុញ្ញាត។

ទីតាំង​ទាំងពីរ ​គឺ​តៃវ៉ាន់ និង​ប្រទេសចិន ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ម៉ោងពេល​ដូចគ្នា​ហើយ​ការ​ហោះ​ហើរ​ពី​កោះតៃវ៉ាន់ ​ទៅ​ប្រទេសចិន ​ចំណាយ​ពេល​តិច​បំផុត គឺ​តែ​៨០ ​នាទី​ប៉ុណ្ណោះ។ ជើងហោះហើរ​ពី​ទីក្រុង​តៃប៉ិ​ទៅ​ទីក្រុង​ធំៗ នៅ​អាស៊ី​អាគ្នេយ៍​ចំណាយ​ពេល​ពី២ ទៅ​៤ ម៉ោង​ក្នុង​មួយ​ជើង។​ ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣ ម៉ោង​ តាម​យន្តហោះ។

អ្នកស្រី Ku Lin-lin សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ជាតិ​តៃវ៉ាន់ បាន​ថ្លែង​ថា៖

«ថ្វីបើ​អ្នកសារព័ត៌មាន​ទាំងនេះ ​នៅ​ឆ្ងាយពី​ប្រទេស​ចិន​ក៏ដោយ ក៏​ពួកគេ​នៅតែ​អាច​ធ្វើ​ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ និង​ធ្វើ​បទសម្ភាសន៍​បាន»។

អ្នកយកព័ត៌មាន​នៅក្នុង​ប្រទេស​ចិន​ ប្រឈមនឹង​ហានិភ័យ ​ដូចជា ​ត្រូវបាន​តាមដាន​ដោយ​ប៉ូលិស ​ហើយ​ពេលខ្លះ​ត្រូវបាន​គេ​ឃុំខ្លួន ​នៅពេល​ពួកគេ​រាយការណ៍​ព័ត៌មាន​អំពី​រឿង​នយោបាយ​ដែល​មាន​លក្ខណៈ​រសើប។​ ក្រុមតស៊ូ​មតិ​របស់​អង្គការ ​Freedom House ​បាន​និយាយ​នៅក្នុង​ការសិក្សា​មួយ​នៅ​ឆ្នាំ​នេះ​ថា ​«គណបក្ស​កុម្មុយនិស្ត​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចិន ​បាន​ស្វែងរក​វិធី​ធ្វើយ៉ាងណា​ឲ្យ​មាន​ឥទ្ធិពល​ទៅលើ​ការជជែក​ពិភាក្សា​ជា​សាធារណៈ ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​ប្រទេស​ចិន ​តាមរយៈ​ការរំខាន​ដល់​អ្នកកាសែត​បរទេស»។​ នៅ​ក្នុង​ការសិក្សា​នេះ បាន​និយាយ​បន្ថែម​ទៀត​ថារយៈពេល ​១០ឆ្នាំ​កន្លង​មក​នេះ​គេឃើញ​ថា​ចិន​«មាន​កិច្ច​ប្រឹងប្រែង​កាន់តែសកម្មខ្លាំង​ឡើង​ដើម្បី​រិតត្បិត​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

លោក ​George Hou ​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង​ទូលំទូលាយ​នៅ​សាកល​វិទ្យាល័យ ​I-Shou នៅ​កោះតៃវ៉ាន់ ​បាន​និយាយ​ថា​ អាជ្ញាធរ​ចិន​ពេល​ខ្លះ​ចាត់តាំង​ប្រជាជន​ ឲ្យ​តាមដាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ដោយ​សម្ងាត់។

លោក George Hou បាន​ថ្លែង​ថា៖

«ពួកគេ នឹង​ចាត់​មនុស្ស​មួយ​ចំនួន​ឲ្យ​ត្រួតពិនិត្យ​អ្នកកាសែត ​ឬ ​តាមដាន​អ្នកកាសែត»។

ក្នុងឋាន:​ជា​ដែនដីលទ្ធិ​ប្រជាធិបតេយ្យ ​តៃវ៉ាន់​អនុញ្ញាត​តាម​ច្បាប់​ឲ្យ​អ្នក​យកព័ត៌មាន​រាយការណ៍​អំពី​ប្រធានបទ​គ្រប់យ៉ាង ​និង​សម្ភាសន៍​នរណា​ក៏បាន។ ​របាយការណ៍​ប្រចាំ​ឆ្នាំ២០២០​របស់​អង្គការ ​Freedom House ​ស្តីពី​សេរីភាព​ជា​សកល​ បាន​ដាក់​ចំណាត់ថ្នាក់​កោះតៃវ៉ាន់​ ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​អាស៊ី។

អ្នកសារព័ត៌មាន​សរុប​ចំនួន​១១៤​ នាក់ មកពី​បណ្តាញ​សារព័ត៌មាន​បរទេស​ចំនួន៦៨ ​ឥឡូវនេះ មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់។

លោក James Gomez នាយក​ប្រចាំ​តំបន់​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​Asia Center ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ​បាន​ថ្លែង​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្តោត​លើ​ព័ត៌មាន​អំពី​តំបន់អាស៊ីជា​ធម្មតា​ដាក់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​រាយការណ៍​ពីតំបន់​អាស៊ី​របស់​ខ្លួន​ ឲ្យ​ប្រចាំ​នៅ​ទីក្រុង​ហុងកុង បាងកក ​ឬ ​សិង្ហបុរី ​លើកលែងតែ​អ្នកយក​ព័ត៌មាន​ដែល​រាយការណ៍​អំពី​ប្រទេស​ជប៉ុន​ ឬ​ កូរ៉េ។ លោក ​James Gomez ​បាន​និយាយ​ទៀត​ថា ​ទីក្រុង​ទាំង ៣​នោះ ​ទំនងជា​មាន​ប្រៀប​ជាង​កោះតៃវ៉ាន់ ​ទោះបីជា​អ្នក​រាយ​ការណ៍​ព័ត៌មាន ​មិន​ហ៊ាន​រាយការណ៍​អំពី​ប្រទេស​ថៃ ​ឬ ​សិង្ហបុរី​នៅពេល​ដែល​ពួកគេ​មាន​មូលដ្ឋាន​នៅ​ទីនោះ ​ដោយសារតែ​ពួកគេ​ត្រូវ​សម្របខ្លួន​ទៅ​តាម​ការរំពឹងទុក​របស់​រដ្ឋាភិបាល​ទាំងនោះ​ក៏ដោយ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG