ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​តៃវ៉ាន់​នៅ​តែ​ជំទាស់​ ខណៈ​ក្រុម​សកម្មជន​ជំរុញ​យុទ្ធនាការ​ធ្វើ​ឲ្យ​​​កញ្ឆា​​​ស្រប​ច្បាប់​​​​


រូបឯកសារ៖ តូបមួយ​នៅ​កន្លែង​ដែល​ក្រុម​ Green Sensation ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដាក់​កញ្ឆា​ឲ្យ​ស្រប​ច្បាប់​នៅ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។ 
រូបឯកសារ៖ តូបមួយ​នៅ​កន្លែង​ដែល​ក្រុម​ Green Sensation ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដាក់​កញ្ឆា​ឲ្យ​ស្រប​ច្បាប់​នៅ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។ 

តំណាង​រាស្រ្ត​ម្នាក់​​ពី​បក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​និយាយ​ថា ពលរដ្ឋ​តៃវ៉ា់ន់​៣០០​នាក់​​​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ ដោយ​សារ​ករណី​អាច​ប្រើប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់​នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​សង្គម​តៃវ៉ាន់​នៅ​មាន​ «ភាព​អភិរក្ស​និយម» នៅ​ឡើយ។ ​​

ក្រុម​សកម្មជន​នៅ​ក្រុង​តៃប៉ិ ដែល​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ដោយ​ច្បាប់​អនុម័ត​ថ្មី​នៅ​ផ្នែក​មួយ​ចំនួន​នៃ​សហ​រដ្ឋអាមេរិក​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​នៅ​ខែ​មេសា​កន្លង​ទៅ​នេះ​ដើម្បី​ទាមទារការ​ដាក់​កញ្ឆាឲ្យ​ស្រប​ច្បាប់ ប៉ុន្តែ​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ដែល​ពួក​គេ​អាច​សម្រេច​តាម​បំណង​របស់​ខ្លួន​ ដរាប​ណា​នៅ​មានផ្នត់​គំនិត​ប្រឆាំង​នឹង​គ្រឿង​ញឿន​នៅ​កោះ​តៃវ៉ាន់។

មនុស្ស​ប្រមាណ ៣០០​នាក់​បាន​ចេញ​ធ្វើ​បាតុកម្មកាល​ពីថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​នេះនៅ​ខាង​ក្រៅ​សភា​ក្នុងក្រុង​តៃប៉ិ។ ពួកគេ​បាន​ស្នើ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់ដាក់​កញ្ឆាឲ្យស្រប​ច្បាប់សម្រាប់​ការ​ប្រើប្រាស់​ជា​ឱសថ​ មិនមែន​ជាគ្រឿង​ញៀន​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​បី​ឆ្នាំ។

លោក Luo Yi ​អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម​ Green Sensation ​ដែល​បាន​រៀបចំ​ការ​ធ្វើ​បាតុកម្ម​នេះ​ ​បាន​និយាយ​ថា៖

«យើង​ជឿ​ថា រឿងនេះ​អាច​ធ្វើបាន​ ​បើ​យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​ឱសថ។ ការញែក​កញ្ឆា​ចេញ​ ហើយ​ចាត់​ទុក​កញ្ឆាជា​គ្រឿង​ញៀន​ ​យើង​គិត​ថា វា​នឹង​មិន​ជួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ទេ។ យើង​សង្ឃឹម​ថា កញ្ឆា​អាច​ត្រូវ​បាន​ដាក់​ឲ្យ​ស្រប​ច្បាប់ និង​ត្រូវ​បាន​លើក​កម្ពស់​សម្រាប់​ការ​ប្រើប្រាស់​ជា​ឱសថ»។​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​តៃវ៉ាន់​បាន​និយាយ​ថា​ យុទ្ធនាការ​គាំទ្រ​ការ​ដាក់​កញ្ឆា​ឲ្យស្រប​ច្បាប់​ទំនង​នឹង​មិននាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។​ សមាជិក​គណបក្ស​កាន់​អំណាច​តៃវ៉ាន់​រូបនេះ​បាន​និយាយថា ​សង្គមតៃវ៉ាន់អភិរក្ស​ខ្លាំងណាស់​ មិនអាចដាក់​កញ្ឆា​ឲ្យ​មាន​ភាព​ស្របច្បាប់​ទេ។

ប្រសិន​បើ​តៃវ៉ាន់​ដាក់​កញ្ឆា​ឲ្យ​ស្រប​ច្បាប់​ នោះ​តៃវ៉ាន់នឹង​ក្លាយ​ជា​ទឹកដី​ទី​ពីរ​នៅអាស៊ី​បូព៌ា​ ដែល​ដើរ​លើ​ទិសទៅ​ដូចនេះ​បន្ទាប់​ពី​ប្រទេស​ថៃ។ ក្រុម​អ្នក​តាក់តែង​ច្បាប់​ថៃ​បាន​ព្រម​ព្រៀង​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​កញ្ជាជា​ឱសថ​ ក្នុង​ករណីមាន​បណ្ណ​អនុញ្ញាត​ត្រឹមត្រូវ។ ​ប៉ុន្តែ​ប៉ូលិសក្នុង​តំបន់​នៅ​តែចាត់​ទុក​កញ្ឆា​ជា​គ្រឿងញៀន​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ និង​ការ​ដាក់​ពន្ធនាគារ។

អំឡុងពេល​បាតុកម្ម​កាល​ពីថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​ទៅ​នេះ​ តូបដែល​មាន​តាំង​ខោអាវ​ត្រូវ​បាន​ដាក់​បិទ​ផ្លូវ​មួយ​ក្នុង​ក្រុង​តៃប៉ិ។ តន្រ្តីករ​ចាក់​ភ្លេង​ម្នាក់​បាន​ចាក់​ចង្វាក់​ភ្លេង​រាំនៅឆាក​បាតុកម្ម​ ទី​ដែល​មនុស្ស​វ័យពី​២០​ទៅ​៣០​ឆ្នាំ​បាន​រាំ​ដោយ​ស្លៀក​ពាក់សម្លៀក​បំពាក់​រលុង​ និង​មាន​ពណ៌​ចម្រុះ។ ​

លោក​ Luo បាន​និយាយ​ថា កញ្ឆា​បង្ហាញ​ពី​«វប្បធម៌​មួយ» ដូច​ជា​វប្បធម៌​បែប​«Hippies» នៅ​សហ​រដ្ឋ​អាមេរិក។ លោក​បាន​បន្ថែម​ថា នា​ពេល​បច្ចុប្បន្ន​ យុវជន​តៃវ៉ាន់​មាន«ភាព​បើក​ចំហ» ចំពោះ​វប្បធម៌​នេះ។ លោក​ Luo ​បាន​និយាយ​ថា៖ ​

«ពលរដ្ឋ​តៃវ៉ាន់​មួយ​ចំនួន​បាន​អានការ​ស្រាវជ្រាវ​ និង​របាយ​ការណ៍​ផ្សេងៗ​ពី​ប្រទេស​ដទៃ​ទៀត និង​បាន​ដឹង​ថា អូ! កញ្ឆា​ដូចជា​មិន​អាក្រក់​ណាស់​ណា​នោះទេ»។

រូបឯកសារ៖ ក្បួន​បាតុកម្ម​របស់​ក្រុម​ Green Sensation នៅ​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
រូបឯកសារ៖ ក្បួន​បាតុកម្ម​របស់​ក្រុម​ Green Sensation នៅ​ក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។

ក្រុម​សកម្មជន​កំពុង​តែ​យក​គំរូ​តាម​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​អំពី​កញ្ឆា​ស្របច្បាប់។​ រដ្ឋ​ជាង​៣០នៅ​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់​នៅ​ក្នុង​ទម្រង់​ខ្លះ។​
ជនជាតិ​អាមេរិកាំង​នៅ​កោះ​តៃវ៉ាន់​តែងតែ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​ជាប់​ពន្ធនាគារ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មានកញ្ឆា​បរិមាណ​តិចតួច​ជាប់​ខ្លួន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន។ កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កោះ​តៃវ៉ាន់​បាន​ចេញការណែនាំសម្រាប់​ពលរដ្ឋ​ខ្លួន​ ដោយ​លើកឡើង​ពី «ការកើន​ឡើង​នៃ​ករណី​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​កញ្ឆា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ» និងជាសារ​រំឭក​មួយ​ថា «ទោសទណ្ឌ​ក្នុង​ករណី​មាន​ ប្រើប្រាស់​ លក់​ដូរ​ ឬ​ការ​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​តៃវ៉ាន់​គឺ​ធ្ងន់ធ្ងរ»។

ក្រុម​ Green Sensation ​មាន​បំណង​នឹង​ធ្វើ​កម្មវិធី​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ​ក្រោយ​ ដែល​រួម​មាន​ការ​ធ្វើ​បាតុកម្ម​ខ្នាត​ធំ​ដើម្បី​ជំរុញឲ្យ​ការ​ទាមទារ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ។​ ​លោក​ Luo បាន​និយាយ​ថា ក្រុម​ Green Sensation ​មាន​គម្រោង​នឹង​ទៅ​ជួប​ជាមួយ​តំណាង​រាស្រ្ត និង​ក្រុម​ប្រឹក្សា​យោបល់ក្រុង​នៅ​ដើម​ឆ្នាំ​២០២០ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែប្រែមួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ពាក់ព័ន្ធ​នឹង​កញ្ឆា។​

ការ​ផ្លាស់ប្តូរ​យឺតយ៉ាវ​

តំណាងរាស្រ្ត​មក​ពី​គណបក្ស​កាន់​អំណាច​ លោក Lee Chun-yi បាន​និយាយ​ថា គ្មាន​អ្នក​តាក់តែង​ច្បាប់​ណា​ចង់​ស្នើ​ច្បាប់​ដែល​ដាក់​ឲ្យ​កញ្ឆា​ស្រប​ច្បាប់​នោះ​ទេ។​ លោក​បាន​បន្ថែម​ថា ​ពលរដ្ឋ​តៃវ៉ាន់ទូទៅ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​តិចតួចប៉ុណ្ណោះ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់នោះ។ ​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ជា​ទូទៅ​តៃវ៉ាន់​មាន​ភាព​អភិរក្ស​និយម​បន្តិច។ ដូច្នេះការ​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ចំហ​របៀប​នោះក្នុង​សង្គម​ ខ្ញុំ​គិត​ថា សង្គម​នៅ​មិនទាន់​អាច​ទទួល​យកបាន​ទេ»។​

លោក​ Liao You-lu សាស្រ្តាចារ្យ​ផ្នែក​ស៊ើប​អង្កេតបទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​ Central Police ​កោះ​តៃវ៉ាន់​ បាន​និយាយ​ថា ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ​បញ្ញ​វន្ត​ផ្នែក​អនុវត្ត​ច្បាប់​ និង​មន្រ្តី​សុខាភិបាល​បាន​ចាប់​ផ្តើម​ពិភាក្សា​លើ​ច្បាប់​ស្តីពី​កញ្ឆាខណៈ​ការ​ប្រើប្រាស់កញ្ឆា​មាន«កាន់​តែ​ខ្លាំង​ឡើង» នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ក្រុម​អាជ្ញាធរ​សង្ឃឹម​ថា នឹង​«នៅ​តែ​អាចគ្រប់គ្រង​បាន»។​

លោក​ Liao បាន​និយាយ​ថា ករណី​កញ្ឆា​គឺ​មាន​ជា​ច្រើន​ណាស់​ទៅ​ហើយ​ដែល​ប៉ូលិស​មិនអាច​រកឃើញ​ទាំងអស់​នោះទេ​ ស្រប​ពេលកញ្ឆា​បាន​ក្លាយ​ជា​សារធាតុ​ប្រើប្រាស់​ដ៏​ថ្លៃ​សម្រាប់​ពលរដ្ឋ​ថ្នាក់​កណ្តាល​នៅ​តៃវ៉ាន់។ លោក​បាន​បន្ថែម​ថា មន្រ្តី​សុខាភិបាល​នៅ​តែ​យល់ឃើញ​ថា កញ្ឆា​នៅ​តែ​ជា​សារធាតុ​បង្កគ្រោះថ្នាក់​ ហើយ​ត្រូវ​ដាក់​ឲ្យស្រប​ច្បាប់។

លោក​ Liao បាន​និយាយ​ថា «ស្ថានភាព​ប្រើប្រាស់​កញ្ឆា​នៅកោះតៃវ៉ាន់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បាន ហើយប្រសិន​បើ​អ្នក​ចាប់​ផ្តើម​អនុញ្ញាត​វា ដំបូង​វា​នឹង​បង្ក​បញ្ហាធ្ងន់ធ្ងរ​ខ្លាំងណាស់»៕

ប្រែសម្រួល​ដោយ​ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG