ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចាត់​វិធានការ​ថ្មី​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន


លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo (រូប​កណ្តាល) និង​មន្ត្រី​ផ្សេងៗ​ទៀត​ត្រៀម​បំផ្លាញ​ថ្នាំ​ញៀន​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo (រូប​កណ្តាល) និង​មន្ត្រី​ផ្សេងៗ​ទៀត​ត្រៀម​បំផ្លាញ​ថ្នាំ​ញៀន​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដែល​គេ​ស្គាល់​ថា​ឈ្មោះ Jokowi នោះ បាន​បង្កើន​សកម្មភាព​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នេះ​ជា​វិធានការ​មួយ​ដែល​ទំនងជា​ដូច​ទៅ​នឹង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដ៏​ល្បីល្បាញ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Jokowi បាន​បញ្ជា​ឲ្យ​ប៉ូលិស​បាញ់​អ្នក​ជួញដូរ​គ្រឿង​ញៀន​ជា​ជន​បរទេស ដែល​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន ដោយ​លោក​បាន​អះអាង​ថា ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​រឿង​គ្រឿង​ញៀន។ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធាន​ប៉ូលិស​ក្រុង​ហ្សាការតា លោក​ឧត្ដមសេនីយ៍ Idham Azis បាន​និយាយ​ថា លោក​នឹង​មិន​ពិចារណា​ច្រើន​នោះ​ទេ​ក្នុង​ការ​ដក​តំណែង​មន្ត្រី​ប៉ូលិស​ណា​ដែល​រុញរា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។

ការ​ថ្លែង​របស់​លោក Jokowi កាល​ពី​សប្ដាហ៍​មុន​នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​មាន​ការ​បាញ់​ប្រហារ​របស់​ប៉ូលិស​ពាក់ព័ន្ធ​នឹង​រឿង​ថ្នាំ​ញៀន​ទៅ​លើ​បុរស​តៃវ៉ាន់​ម្នាក់ ដែល​ជម្នះ​នឹង​ការ​ចាប់​ខ្លួន ពេល​ដែល​បុរស​នោះ​ព្យាយាម​រត់​ពន្ធ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​គ្រីស្តាល់​ចំនួន ១ តោន ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក Phelim Kline មន្ត្រី​មួយ​រូប​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​រិះគន់​វិធានការ​នេះ ដោយ​បាន​សរសេរ​នៅ​លើ​សេចក្ដី​ប្រកាស​មួយ​ថា៖ «លោក​ប្រធានាធិបតី Joko Widodo គួរតែ​បញ្ជូន​សារ​ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់​មួយ​ទៅ​ឲ្យ​ប៉ូលិស​ថា កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ដ៏​ស្មុគស្មាញ​ទាំង​នេះ ទាមទារ​ឲ្យ​មន្ត្រី​ប៉ូលិស​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស មិន​មែន​ជាន់​ឈ្លី​សិទ្ធិ​ទាំង​នោះ នោះ​ទេ‍»៕

XS
SM
MD
LG