ការបង្ក្រាបរបស់ប្រទេសចិនទៅលើសេរីភាពប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងបានបញ្ឆេះឱ្យមានប្រតិកម្មខ្លាំងៗនៅកោះតៃវ៉ាន់ ដែលនៅទីនោះ ក្រុមមន្ត្រីជាន់ខ្ពស់មួយចំនួនមានការឈឺចាប់ចំពោះការបាត់បង់ដែលកើតមាននៅក្រុងហុងកុង ទោះបីជាតៃវ៉ាន់កំពុងទទួលបានចំណាប់អារម្មណ៍ការទូតកើនឡើងដោយកម្រក៏ដោយ។
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen បានប្រាប់អ្នកចូលរួមក្នុងសន្និសីទតាមអ៊ីនធឺណិតមួយកាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះថា៖ «យើងមានការសោកស្តាយ និងបារម្ភដែលឃើញថា ពន្លឺនៃសេរីភាពពលរដ្ឋនេះត្រូវបានដកហូត ដែលជាការបំពានលើការសន្យាដែលរដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាចំពោះប្រជាពលរដ្ឋក្នុងទីក្រុងហុងកុង ព្រមទាំងសហគមន៍អន្តរជាតិផងដែរ»។
អ្នកស្រី Tsai Ing-wen និយាយអំពីប្រធានបទនេះឡើងវិញ នៅក្នុងការប្រជុំដាច់ដោយឡែកពីនេះរបស់គណបក្សប្រជាធិបតេយ្យចម្រើននិយម (Democratic Progressive Party (DPP)) របស់អ្នកស្រីនៅក្នុងទីក្រុងតៃប៉ិ។
នៅក្នុងការប្រជុំនោះ ក្តីបារម្ភសម្រាប់ទីក្រុងហុងកុងបានបង្អាក់ដល់ក្ដីរំភើបរបស់អ្នកស្រីចំពោះដំណើរទស្សនកិច្ចជាប់ៗគ្នាទៅកាន់កោះតៃវ៉ាន់ដោយគណៈប្រតិភូមកពីប្រទេសជប៉ុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshiro Mori និងគណៈប្រតិភូមកពីសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីសុខាភិបាល លោក Alex Azar ដែលជាមន្ត្រីជាន់ខ្ពស់បំផុតមួយរូបរបស់សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់កោះតៃវ៉ាន់ជាលើកដំបូងបង្អស់ក្នុងរយៈពេលជាង ៤០ កន្លងឆ្នាំមកនេះ។
អ្នកស្រី Tsai Ing Wen បាននិយាយក្នុងសម្តីដើមថា៖ «ពលរដ្ឋរបស់យើងសប្បាយរីករាយចំពោះទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុន និងសហរដ្ឋអាមេរិក [ប៉ុន្តែ] វាច្បាស់ណាស់ថា ស្ថានភាពនៅក្នុងទីក្រុងហុងកុងកាន់តែធ្លាក់ដុនដាប»។
អ្នកស្រីប្រធានាធិបតីបានលើកឡើងអំពីទិដ្ឋភាពដែលផ្សាយតាមកញ្ចក់ទូរទស្សន៍អំពីពលរដ្ឋហុងកុងតម្រង់ជួរគ្នានៅតូបកាសែតនៅពាក់កណ្តាលអាធាត្រដើម្បីទិញកាសែត Apple Daily ក្នុងគោលបំណងបង្ហាញការគាំទ្រដល់កាសែតនេះ និងនិពន្ធនាយកកាសែតនេះគឺលោក Jimmy Lai ដែលទើបត្រូវបានអាជ្ញាធរចាប់ខ្លួន រួមជាមួយនឹងសហការី ៤ នាក់ និងសមាជិកគ្រួសារ ២ នាក់ ហើយក្រោយមកនៅថ្ងៃតែមួយនោះ គេឃើញមានការចាប់ខ្លួនសកម្មជន ៣ នាក់ផ្សេងទៀតផងដែរ។
អ្នកស្រីបានប្រាប់ក្រុមមន្ត្រីគណបក្ស DPP ក្នុងសម្តីដើមថា៖ «កាសែតនេះស្ទើរតែលក់ដាច់ទាំងអស់នៅគ្រប់ទីកន្លែង។ អ្នកខ្លះនិយាយថា ទោះបីជា [កាសែត Apple Daily] មានតែក្រដាសទទេក៏ដោយ ក៏ពួកគេនៅតែចង់ទិញដែរ។ ខ្ញុំរំជួលចិត្តណាស់»។
អ្នកស្រី Tsai Ing Wen កាន់អំណាចក្នុងអាណត្តិទី ២ ដែលមានរយៈពេល ៤ ឆ្នាំរបស់អ្នកស្រីបានប៉ុន្មានខែមកហើយ បន្ទាប់ពីអ្នកស្រីបានឈ្នះការបោះឆ្នោតនៅក្នុងខែមករា។ ជ័យជម្នះរបស់អ្នកស្រីនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការគាំទ្រដល់ជំហររបស់អ្នកស្រីដែលថា ប្រយោជន៍សេដ្ឋកិច្ចតែមួយមុខមិនមែនជាមូលហេតុត្រឹមត្រូវដើម្បីភ្ជាប់ទាក់ទងជិតស្និទ្ធជាងមុនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។
អ្នកស្ត្រី Tsai Ing Wen បាននិយាយនៅក្នុងសន្និសីទវីដេអូដែលរៀបចំដោយវិទ្យាស្ថាន Hudson និងមជ្ឈមណ្ឌលដើម្បីវឌ្ឍនភាពអាមេរិកាំង (Center for American Progress) ក្នុងសម្តីដើមថា៖ «គេនិយាយថា អាណត្តិទី ២ នេះគួរតែមានភាពងាយស្រួលជាងអាណត្តិទី ១។ អ្នកទាំងនោះច្បាស់ជាអ្នកដែលមិនធ្លាប់ឆ្លងកាត់ឆ្នាំ ២០២០ នេះ ដូចពួកយើងនោះទេ»។
អ្នកស្រីបាននិយាយថា តៃវ៉ាន់ «មិនមានភាពស៊ាំ» ទប់ទល់នឹងករណីឆ្លងបន្តិចបន្តួចជាបន្តក្រោយពីការផ្ទុះរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នោះទេ ហើយតៃវ៉ាន់បានអនុវត្តវិធានការជួយសង្គ្រោះដូចប្រទេសភាគច្រើនដែរ ទោះបីជាកន្លងមក តៃវ៉ាន់ទទួលបានជោគជ័យខ្លាំងបំផុតនៅក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះក៏ដោយ។
ភាពងាយរងគ្រោះរបស់តៃវ៉ាន់ចំពោះការគាបសង្កត់ពីចិន ដែលគេយល់ថានឹងអាចកាន់តែលេចច្បាស់ជាងមុន នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងរឹតបន្តឹងការក្តោបក្តាប់អំណាចរបស់ខ្លួនទៅលើក្រុងហុងកុងនោះ បានបង្ខំឱ្យរដ្ឋាភិបាលតៃវ៉ាន់បង្កើនការចំណាយផ្នែកការពារជាតិ និងពង្រឹងសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិក ដែលជាដៃគូដ៏សំខាន់បំផុតរបស់តៃវ៉ាន់ និង «ប្រទេសប្រជាធិបតេយ្យដែលមានគោលការណ៍ដូចគ្នា»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Tsai Ing Wen។
ការគំរាមកំហែងត្រូវបានគេមើលឃើញយ៉ាងច្បាស់តាមរយៈសេចក្ដីរាយការណ៍របស់សារព័ត៌មានចិនកាលពីពេលថ្មីៗនេះ ដែលថា យោធាចិនបានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត និងបានបើកយន្តហោះចម្បាំងឆ្លងកាត់ «ខ្សែបន្ទាត់កណ្តាល» នៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Azar នៅកោះតៃវ៉ាន់។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់អ្នកស្រី Tsai Ing Wen បានស្នើបង្កើនថវិកាផ្នែកការពារជាតិរបស់ខ្លួនប្រមាណ ១០% ខ្ពស់ជាងកម្រិតបច្ចុប្បន្ន ដែលបច្ចុប្បន្ននេះមានចំនួន ២,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) រួចទៅហើយ។ គេរំពឹងថា ការស្នើនេះនឹងត្រូវបានអនុម័ត ដោយសារតែគណបក្សរបស់អ្នកស្រីមានសំឡេងភាគច្រើននៅក្នុងសភា។
ប៉ុន្តែអ្នកស្រី Tsai Ing Wen មិនសូវបារម្ភអំពីការវាយប្រហារណាមួយដែលអាចកើតឡើងភ្លាមៗនោះទេ ហើយអ្នកស្រីបាននិយាយថា យុទ្ធសាស្ត្ររបស់អ្នកស្រីចំពោះទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងនឹងឈរលើគោលការណ៍ចំនួន ៤ ដែលអ្នកស្រីបានប្រកាសជាលើកដំបូងកាលពីខែឧសភា នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែងនៅអាណត្តិទី ២ របស់អ្នកស្រី ដែលនោះគឺ សន្តិភាព សមភាព ប្រជាធិបតេយ្យ និងកិច្ចសន្ទនា។
ក្រុមមន្ត្រីនៃការិយាល័យតំណាងតៃវ៉ាន់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា តៃវ៉ាន់ «នឹងមិនធ្វើសកម្មភាពដោយប្រថុយប្រថានដើម្បីបង្កើនការប្រឈមមុខដាក់គ្នានោះទេ ហើយយើងក៏មិនចុះចាញ់ដែរ»។
អ្នកស្រី Tsai Ing Wen បានបញ្ជាក់ថា តៃវ៉ាន់ «ជានិច្ចកាលនឹងទទួលស្គាល់ចំណងទាក់ទងផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌រវាងតៃវ៉ាន់និងចិន។ ហើយយើងនឹងមិនបញ្ឈប់ការជឿជាក់របស់យើងដែលថា នឹងមានអនាគតដ៏ល្អប្រសើរជាងនេះនៅពេលខាងមុខនោះទេ»។
អ្នកស្រីបានសង្កត់ធ្ងន់អំពីសិទ្ធិដែលពលរដ្ឋតៃវ៉ាន់ចំនួន ២៣ លាននាក់ត្រូវកំណត់អំពីអនាគតរបស់ពួកគេផ្ទាល់ ដែលនោះគឺជាជំហរមួយដែលអ្នកស្រីហៅថាជា «ភាពផ្ទុយស្រឡះ» ពីជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង៕