ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ដែល​ធ្លាប់​​ជា​គំរូ​នៃ​​​ការ​គ្រប់គ្រង​ជំងឺ​​កូវីដ​១៩​ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាតត្បាត​ខ្លាំង


ទាហាន​ម្នាក់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដាក់​ស្ត្រីម្នាក់ ​បន្ទាប់​ពីនាង​រៀប​នឹង​​ចាកចេញ​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
ទាហាន​ម្នាក់​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដាក់​ស្ត្រីម្នាក់ ​បន្ទាប់​ពីនាង​រៀប​នឹង​​ចាកចេញ​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ទីក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

កោះ​តៃវ៉ាន់​ដែលធ្លាប់​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍ដោយពុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ក្នុង​រយៈ​ពេល​ជាង​២០០​ថ្ងៃ​ជាប់ៗ​គ្នាកាល​ពី​ឆ្នាំ​ទៅ​នោះ​ ពេល​នេះ​កំពុង​បិទ​ខ្ទប់​ផ្នែក​ខ្លះនៃ​តំបន់​របស់​ខ្លួន​ជា​លើក​ទី១​ ចាប់​តាំងពី​ជំងឺ​រាតត្បាត​ជា​សាកល​នេះ​កើត​មាន​ឡើង​ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះ​រាត​ត្បាត​ឆ្លង​នៃ​ជំងឺ​នេះ។

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​រាតត្បាត​របស់​រដ្ឋាភិបាល​តៃវ៉ាន់​បាន​ប្រកាស​ថា​ ខ្លួនបាន​រក​ឃើញ​អ្នក​ឆ្លងចំនួន​ជាង ​១.២០០​ករណី​ រវាង​ពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុន​ រហូត​ដល់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ដែល​ក្នុង​នោះ​ក៏រួម​មានករណី​អ្នក​ឆ្លង​សរុប​ប្រចាំ​ថ្ងៃចំនួន ​៣៣៣​នាក់ ដែល​មិន​ធ្លាប់​កើត​មាន​នៅ​តៃវ៉ាន់។ ​ក្រុម​មន្ត្រីនៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​រាត​ត្បាត​កោះ​តៃវ៉ាន់​ ​លើក​ឡើង​ថា​ អ្នក​បើក​យន្តហោះ​ដឹក​ទំនិញ​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ កាល​ពី​ពាក់​កណ្តាល​ខែ​មេសា ហើយ​បន្ទាប់​មក​ទៀត ​ជំងឺ​នេះ​បាន​ឆ្លង​ទៅ​ដល់​ទី​តាំង ​«បារ​រាំ» មួយ​ចំនួន​ក្នុង​តំបន់​ប្រជុំជនដែល​មានមនុស្ស​អ៊ូអរ​នៃ​ក្រុង​តៃប៉ិ។​ ជាង​ពាក់កណ្តាល​នៃ​អ្នក​ឆ្លង​ ២៦០​នាក់ដែល​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ មាន​ជាប់​ពាក់ព័ន្ធ​ពី​តំបន់​បារ​រាំ​នោះ។

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៥ ខែ​ឧសភា​កន្លង​ទៅ​ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​រាត​ត្បាតរបស់​កោះ​តៃវ៉ាន់ បាន​បញ្ជាឲ្យ​ទី​តាំង​សាធារណៈ​ទាំង​អស់​ ដូច​ជា​រោង​ភាពយន្ត​ បណ្ណាល័យ​ និង​មណ្ឌល​កីឡា​ ត្រូវបិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែ​ឧសភា។ សាលារៀន​ភាគ​ច្រើន​ ត្រូវ​បាន​បិទ​ ហើយ​ការ​បង្រៀន​ត្រូវ​បាន​ធ្វើ​តាម​ប្រព័ន្ធ​អនឡាញ​វិញ​ចាប់​ពី​ថ្ងៃ​អង្គារកន្លង​ទៅ។ ដោយ​ឡែក​ ហាង​ទំនិញ​ ភោជនីយដ្ឋាន​ និង​ការិយាល័យ​ធ្វើ​ការ​ អាច​នៅ​បើក​ដំណើរការ​បាន​ ប្រសិន​បើ​គេ​គោរព​នូវ​គោលការណ៍ការពារ​ ដូច​ជាការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នាជា​ដើម។ ផ្លូវ​នានា​ ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរជាមួយ​នឹង​សំឡេង​ឡាន​ម៉ូតូទ្រហឹង​អឺងកង​នោះ​ ពេល​នេះ​ក្លាយ​ជា​កន្លែង​ស្ងប់ស្ងាត់គ្មាន​ឮ​សូរ​អ្វី​នោះ​ទេ។

ប្រសិន​បើ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃនៅ​តែ​លើស​ពី​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​ នោះ​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​នឹង​ពិចារណាបិទ​ខ្ទប់កាន់​តែ​ខ្លាំង​ជាង​នេះ​ ដោយ​តម្រូវ​ឱ្យមនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ស្ថិតនៅ​ក្នុង​ផ្ទះជា​ចាំ​បាច់​ លើកលែង​តែ​ក្នុង​ករណីចាំបាច់តែ​ប៉ុណ្ណោះ ។

ទោះ​បី​ជា​ពេល​នេះ​ ការ​ចេញ​ក្រៅ​ផ្ទះ​នៅ​មិន​ទាន់​មាន​ការ​ហាមឃាត់​ក៏​ដោយ​ ក៏​មនុស្ស​ជា​ច្រើន​ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ដោយ​ស្នើ​ឲ្យ​ក្រុម​គ្រួសារសាច់​ញាតិ​ មិត្តភក្តិ ​របស់​គេ​ ​ស្ថិត​នៅក្នុង​ផ្ទះ ក្នុង​ស្ថាន​ភាព​បែប​នេះ៕

XS
SM
MD
LG