ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ទំនង​ជា​មិន​បន្ត​នាំ​ចេញ​វ៉ាក់សាំង​កូវីដ១៩​ទ្រង់ទ្រាយ​ធំ​ទេ​រហូត​ដល់​ខែ​តុលា


រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​មន្ទីរពិសោធន៍​​នៃ​វិទ្យាស្ថាន Serum របស់​ឥណ្ឌា ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង Pune ប្រទេស​ឥណ្ឌា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់​កំពុង​ធ្វើការ​នៅ​ក្នុង​មន្ទីរពិសោធន៍​​នៃ​វិទ្យាស្ថាន Serum របស់​ឥណ្ឌា ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង Pune ប្រទេស​ឥណ្ឌា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ប្រភព​ព័ត៌មាន​បី​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជាក់ថា ប្រទេស​ឥណ្ឌា​ទំនង​ជា​មិន​បន្ត​នាំ​ចេញ​វ៉ាក់សាំង​កូវីដ១៩​ទ្រង់ទ្រាយ​ធំ​ទេ​ យ៉ាង​ហោច​ណាស់​រហូត​ដល់​ខែ​តុលា​ ខណៈ​ប្រទេស​នេះ​រក្សា​ទុក​វ៉ាក់សាំងសម្រាប់​ចាក់​ក្នុង​ស្រុក។ នេះ​ជា​ការ​ពន្យារ​ពេល​យូរជាង​ការ​រំពឹង​ទុក​ដែល​ធ្វើឱ្យ​ខ្វះ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​តាម​កម្មវិធី COVAXសកល​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ប្រឈម​នឹង​កំណើន​ឆ្លង​វីរុសកូរ៉ូណា​ច្រើន​បំផុត​ក្នុង​ពិភពលោក ប្រទេស​ឥណ្ឌា​បាន​ឈប់​នាំ​វ៉ាក់សាំង​ចេញ​កាល​ពី​មួយ​ខែ​មុន​បន្ទាប់​ពី​បាន​បរិច្ចាគ​ឬ​លក់​ជាង​៦៦​លាន​ដូស។

ការ​ផ្លាស់ប្តូរ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​នានា​ រួមមាន​ប្រទេស​បង់ក្លាដែស នេប៉ាល់ ស្រីលង្ការ ​និង​ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ខ្នះខ្នែង​រក​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ជំនួស។​

អង្គការ​សុខភាព​ពិភព​លោក​ដែល​ជា​អ្នក​ដឹកនាំ​កម្ម​វិធី COVAX នៅ​ថ្ងៃ​ច័ន្ទ​បាន​អំពាវនាវ​ឱ្យ​អ្នក​ផលិតវ៉ាក់សាំង​នៅខាង​ក្រៅ​ប្រទេស​ឥណ្ឌា​ជំរុញ​ការ​ផ្គត់ផ្គង់​ទៅ​កម្ម​វិធី​នេះដោយសារ​កង្វះ​ការ​នាំ​វ៉ាក់សាំង​ចេញ​ពីប្រទេស​ឥណ្ឌា។

ប្រភព​ដែល​បាន​និយាយ​ជា​មួយ​ Reuters​ ដោយមិន​បញ្ចេញ​ឈ្មោះ​ព្រោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​គម្រោង​នេះ​ ​បាន​និយាយ​ថា​ ឥឡូវ​នេះ​ការ​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ឥណ្ឌា​គឺ​ជា​អាទិភាព​ ខណៈ​ប្រទេសនេះ​មាន​ការ​ឆ្លង​សរុប​ចំនួនជាង​២៥​លាន​ករណី ​និង​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​កើន​ដល់​កម្រិត​ខ្ពស់​បំផុត៕

XS
SM
MD
LG