កងកម្លាំងរដ្ឋាភិបាលមិនបានទទួលជោគជ័យឡើយក្នុងការត្រួតត្រាជាថ្មីនៅក្នុងគុកស៊ីរីមួយ ដែលនៅទីនោះអ្នកទោសជិត៨០០នាក់ ដែលភាគច្រើនជាអ្នកទោសនយោបាយបានធ្វើការបះបោរជិតមួយអាទិត្យមកហើយ។
មេដឹកនាំក្រុមប្រឆាំងស៊ីរីបានព្រមានអំពីលទ្ធភាពនៃការមានការសម្លាប់រង្គាលអ្នកជាប់ឃុំឃាំងនៅក្នុងគុក Hama ដោយបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការជាបន្ទាន់។
លោក Taysir Alloush សមាជិកម្នាក់នៃគណៈកម្មាធិការនយោបាយរបស់ក្រុមប្រឹក្សាជាតិស៊ីរី ដែលជាក្រុមប្រឆាំងមួយមានការគាំទ្រពីពួកបស្ចិមប្រទេសបាននិយាយថា «យើងមានជំនឿថា សហគមន៍អន្តរជាតិអាចបញ្ចៀសមិនឲ្យមានលទ្ធភាពនៃការសម្លាប់រង្គាលពួកអ្នកទោសនៅក្នុងគុកនោះបាន»។
ពួកសកម្មជននយោបាយបាននិយាយថាស្ថានភាពនៅក្នុងគុកនោះមានស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើងចាប់តាំងពីកងកម្លាំងរដ្ឋាភិបាលបានឆ្មក់ចូលវាយលុកក្នុងគុកនោះកាលពីយប់ថ្ងៃសុក្រ ហើយបានរឹបអូសយកបានស្តុកម្ហូបអាហារនៅក្នុងទីនោះ។ វីដេអូដែលបានត្រូវផ្សព្វផ្សាយដោយក្រុមអ្នកទោសតាមបណ្តាញសង្គមបង្ហាញឲ្យឃើញបុរសមួយចំនួនដង្ហក់រកខ្យល់នៅក្រោយក្រុមទាហានរដ្ឋាភិបាល ដែលបានបាញ់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកទៅក្នុងកន្លែងអ្នកទោសឋិតនៅ។ គេក៏បានឮស្នូរគ្រាប់កាំភ្លើងផងដែរ។
កងកម្លាំងរដ្ឋាភិបាលបានឡោមព័ទ្ធគុកនោះចាប់តាំងពីថ្ងៃច័ន្ទមក បន្ទាប់ពីក្រុមអ្នកទោសបានធ្វើកុប្បកម្មនិងបានចាប់ខ្លួនពួកឆ្មាំគុក៕