សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានការព្រួយបារម្ភអំពីសេចក្តីរាយការណ៍ដែលថា រុស្ស៊ីកំពុងតែបញ្ជូនគ្រឿងសព្វាវុធ និងកងកម្លាំងយោធាបន្ថែមទៀតទៅកាន់ប្រទេសស៊ីរីវិញ ខណៈដែលមន្រ្តីជាន់ខ្ពស់របស់អង្គការអូតង់និយាយថា បទឈប់បាញ់នៅតែជាដំណោះស្រាយសន្តិវិធីដ៏ល្អបំផុតក្នុងការដោះស្រាយវិបត្តិនេះ។
លោក Ben Rhodes ទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា «វាមិនផ្តល់ផលល្អដល់ប្រទេសរុស្ស៊ីនោះទេក្នុងការបញ្ជូនគ្រឿងសព្វាវុធ ឬកងកម្លាំងយោធាទៅក្នុងប្រទេសស៊ីរីនោះ។ យើងជឿថា កិច្ចខិតខំប្រឹងប្រែងរបស់យើងផ្តោតជាសំខាន់ទៅលើការគាំទ្រដល់ដំណើរការការទូត»។
ក្រុមមន្រ្តីការពារប្រទេស និងមន្រ្តីស៊ើបការណ៍សម្ងាត់របស់អាមេរិកថ្លែងថា រុស្ស៊ីបានបង្កើនវត្តមានរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងទីក្រុង Aleppo ដែលស្ថិតនៅប៉ែកខាងជើងប្រទេសស៊ីរី មុនពេលបន្ថែមកងកម្លាំងជាថ្មីដែលស្មោះស្ម័គ្រនឹងលោកប្រធានាធិបតីស៊ីរី Bashar al-Assad។
កាលពីដើមសប្តាហ៍នេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លោកប្រធានាធិបតីអូបាម៉ាបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃភាគីទាំងអស់ដែលនៅតែអនុវត្តទៅតាមការប្តេជ្ញានៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី។
រុស្ស៊ីបានប្រកាសកាលពីខែមីនាថា ខ្លួនបានដកកងកម្លាំងយោធារបស់ខ្លួនមួយចំនួនពីប្រទេសស៊ីរី ប៉ុន្តែលោក Jens Stoltenberg ប្រធានអង្គការអូតង់បានមានប្រសាសន៍ថា រុស្ស៊ីបានរក្សាយោធាក្នុងចំនួនច្រើនគួរសមដើម្បីគាំទ្រដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad៕