លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានបញ្ចប់ផែនការនៃដំណើរ ទស្សនកិច្ចដ៏ប្រញាប់ប្រញាល់រយៈពេល២០ម៉ោងទៅកាន់ទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។ លោកមានប្រសាសន៍ថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនកំពុងពិភាក្សាសំណើមួយចំនួនដើម្បីបញ្ឈប់អំពើហិង្សាដែលរីករាលដាលកាន់តែធំឡើងនៅក្នុងប្រទេសស៊ីរី។
អ្នកការទូតសហរដ្ឋអាមេរិករូបនេះ មិនបាននិយាយថា តើសំណើនោះជាអ្វីទេ។ ក៏ប៉ុន្តែ គោលដៅរបស់លោកគឺធ្វើឲ្យមានឡើងវិញនូវបទឈប់បាញ់គ្នាមួយផ្នែក ហើយបញ្ឈប់ការវាយប្រហារដោយកងទ័ពរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយប្រទេសរុស្ស៊ីដែលបានសម្លាប់មនុស្សអស់រាប់រយនាក់នៅក្នុងទីក្រុង Aleppo ក្នុងរយៈពេល១១ថ្ងៃកន្លងមកនេះ។
ទីភ្នាក់ងារព័ត៌មាន បានដកស្រង់សម្តីពួកមន្រ្តីសហរដ្ឋអាមេរិកដែលបានសើ្នសុំមិនបញ្ចេញឈ្មោះមកចុះផ្សាយថា សហរដ្ឋអាមេរិកកំពុងពិចារណារៀបចំតំបន់សុវត្ថិភាពដែលកត់សម្គាល់ដោយគោលនយោបាយតឹងរ៉ឹងដែលនឹងផ្តល់ទីជម្រកដល់ជនស៊ីវិលនិងសមាជិករបស់ពួកប្រឆាំងនិយមផ្លូវកណ្តាល។
ការទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី ជាគន្លឹះមួយ ក៏ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងមូស្គូជួយនៅក្នុងការធ្វើឲ្យកងទ័ពរបស់លោកអាសាដបញ្ឈប់ការវាយប្រហារទៅលើផ្នែកនានាដែលកាន់កាប់ដោយពួកឧទ្ទាមនៅក្នុងទីក្រុងដ៏ធំបង្អស់របស់ស៊ីរី។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បាននិយាយបន្ទាប់ពីជំនួបរបស់លោកជាមួយលោក Abdel Al-Jubeir រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ហើយនិងលោក Staffan de Mistura បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីថា៖ «មានសំណើជាច្រើនដែលឥឡូវនេះ កំពុងត្រឡប់ទៅកាន់អ្នកដើរតួសំខាន់ដើម្បីផ្តល់ការយល់ព្រម។ ក៏ប៉ុន្តែ យើងមិនបានទៅដល់ចំណុចនោះនៅឡើយទេ។សហរដ្ឋអាមេរិកនិងដៃគូរបស់ខ្លួន កំពុងខិតខំធ្វើការយ៉ាងខ្លាំងក្នុងរយៈពេល២៤ម៉ោងឬ៤៨ម៉ោងបន្ទាប់ទៀតដើម្បីឲ្យទៅដល់ចំណុចនោះ»។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry មានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងស្តីពីទីក្រុង Aleppo អាចត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕