ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​ឧទ្ទាម​ស៊ីរី​និយាយ​ថា ​ពួកគេ​គាំទ្រ​ការ​ចរចា​សន្តិភាព​នៅ​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន


លោក​ឧត្តមសេនីយ៍ Mustafa Al-Sheikh ដែល​ជា​អតីត​មេបញ្ជាការ​នៃ​កងទ័ព​រំដោះ​ស៊ីរី និង​ជា​ប្រធាន​នៃ​ប្រតិភូ​ប្រឆាំង​ធ្វើ​ទស្សនកិច្ច​ក្នុង​ក្រុង​មូស្គូ​ ហើយ​កំពុង​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

ពួក​អ្នក​ចរចា​ខាង​ឧទ្ទាម​ស៊ីរី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួកគេ​គាំទ្រ​ការ​ចរចា​ដែល​សម្រប​សម្រួល​ដោយ​ប្រទេស​តួកគី ​និង​រុស្ស៊ី​ដែល​មាន​គោលបំណង​ស្វែងរក​ដំណោះ​ស្រាយ​ខាង​នយោបាយ​ដល់​ជម្លោះ​ដែល​មាន​រយៈ​ពេល​៦​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ក៏ប៉ុន្តែ ​ពួក​ឧទ្ទាម​បាន​និយាយ​ថា ​ជំនួប​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​នេះ​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថានត្រូវ​បាន​មើល​ឃើញ​ថា​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​បន្ត​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ជាប់​គាំង​ជា​យូរយារ​ណាស់​មក​ហើយ។

​គណៈកម្មាធិការ​ចរចា​ជាន់​ខ្ពស់​របស់​ក្រុម​ប្រឆាំង​ស៊ីរី​ដែល​បាន​គេ​រារាំង​មិន​ឲ្យ​ចូលរួម​ដំណើរ​ការ​ចរចាដែល​សម្រប​សម្រួល​ដោយ​តួកគី​ និង​រុស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ខ្លួន​គាំទ្រ​គណៈ​ប្រតិភូ​យោធា​ដែល​នឹង​ចូល​រួម​ជំនួប​នៅ​ក្នុង​រដ្ឋធានី Astana នៃ​ប្រទេស​កាហ្សាក់ស្ថាន។

ក្រុម​ប្រឆាំង​នោះ​បាន​និយាយ​ថា «គណៈកម្មាធិការ​ចរចា​ជាន់​ខ្ពស់​បាន​បញ្ជាក់​ថា ​ខ្លួន​ប្រុង​ប្រៀប​ហើយ​ដើម្បី​គាំទ្រ​គណៈ​ប្រតិភូ​យោធា​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​ដើម្បី​ចូលរួម​ការ​ចរចា​នោះ‍»។ គណៈ​កម្មាធិការ​ចរចា​ជាន់​ខ្ពស់​នោះ ​បាន​បញ្ជាក់​ទៀត​ថា ​ការ​ចរចា​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ត្រូវ​តែ​គាំទ្រ​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​សម្រប​សម្រួល​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​អង់ការ៉ា​ដែរ។

ក៏​ប៉ុន្តែ គណៈកម្មាធិការ​ចរចា​ជាន់ខ្ពស់​របស់​ក្រុម​ប្រឆាំង​នោះ ​បាន​បញ្ជាក់​ថា ​ជំនួប​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ជា​ជំហាន​ដំបូង​សម្រាប់​ការ​ចរចា​ខាង​នយោបាយ​បន្ទាប់នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ។ ​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​ជំនួប​រយៈ​ពេល​២​ថ្ងៃ​ដោយ​គណៈកម្មាធិការ​ចរចា​ជាន់​ខ្ពស់​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​រាជធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត៕

XS
SM
MD
LG