អ្នកធ្វើការចរចារបស់រដ្ឋាភិបាលស៊ីរីបាននិយាយថា លោកមានជំនឿថាការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Homs មានគោលដៅបង្អាក់កិច្ចចរចាសន្តិភាពដែលកំពុងមានធ្វើនៅក្នុងក្រុងហ្សឺណែវ។
លោក Bashar al-Ja'afari បាននិយាយប្រាប់ពួកអ្នកកាសែតថា «ការបំផ្ទុះគ្រាប់បែកដោយពួកភេរវជននៅក្នុងក្រុង Homs ជាសារមួយដល់ក្រុងហ្សឺណែវពីពួកអ្នកឧបត្ថម្ភផ្ចុងផ្តើមភេរវកម្ម ហើយយើងនិយាយប្រាប់មនុស្សគ្រប់គ្នាថាសារនេះបានត្រូវទទួលហើយ ហើយឧក្រិដ្ឋកម្មនេះបានត្រូវកត់សម្គាល់ហើយ»។
លោក Ja'afari បានជួបកាលពីថ្ងៃសៅរ៍ជាមួយលោក Staffan de Mistura ប្រេសិតអ.ស.ប.ទទួលបន្ទុកកិច្ចការប្រទេសស៊ីរីនៅក្នុងក្រុងហ្សឺណែវ។ លោក De Mistura បានមានប្រសាសន៍ប្រាប់ពួកអ្នកសារព័ត៌មាននៅមុនជំនួបនេះថា
លោកសង្ឃឹមថាការវាយប្រហារទាំងនេះនឹងមិនមានផលប៉ះពាល់ដល់ដំណើរការស្វែងរកសន្តិភាពទេ ដោយលោកបានហៅពួកអ្នកធ្វើការវាយប្រហារទាំងនេះថាជា «ពួកអ្នកបំផ្លាញសន្តិភាព»។ លោកបានមានប្រសាសន៍ថា «នៅរាល់ពេលដែលយើងមានកិច្ចចរចាគ្នា តែងតែមាននរណាម្នាក់ដែលខិតខំព្យាយាមបំផ្លាញការចរចានេះជានិច្ច។ យើងរំពឹងថាការណ៍នេះនឹងកើតមាន»។
នៅក្រោយជំនួបនេះ លោក Ja'afari បានទាមទារឱ្យពួកអ្នកធ្វើការចរចារបស់ក្រុមប្រឆាំងរិះគន់ការវាយប្រហារទាំងនេះថា ជាការបញ្ជាក់អំពីការប្តេជ្ញារបស់ពួកគេដល់ដំណើរការស្វែងរកសន្តិភាព។ លោកបាននិយាយថា «ភាគីណាមួយដែលប្រកែកមិនព្រមថ្កោលទោសការវាយប្រហារទាំងនេះនៅថ្ងៃនេះទេ យើងនឹងចាត់ទុកភាគីនោះថាជាអ្នកឃុបឃិតជាមួយពួកភេរវជន»។
ចំណែកឯពួកប្រឆាំងវិញបានប្តេជ្ញាថា នឹងបន្តកិច្ចចរចាតទៅទៀត ក៏ប៉ុន្តែពួកគេបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីថា បានប៉ុនប៉ងបំផ្លិចបំផ្លាញការចរចាគ្នានេះដោយធ្វើការទាមទារមកលើក្រុមប្រឆាំង។
ពួកប្រតិភូខ្លះនៃក្រុមប្រឆាំងបានថ្កោលទោសភេរវកម្មជាទូទៅ ក៏ប៉ុន្តែក៏បានប្រលយពាក្យសម្តីថា ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Homs ប្រហែលជាបានត្រូវធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាល៕