កាលពីថ្ងៃអាទិត្យ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានជំរុញទៅមុខនៅក្នុងក្រុង Aleppo ក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី នៅក្នុងការវាយលុកមួយដែលកំពុងត្រូវបានធ្វើដើម្បីវាយយកក្រុងធំមួយក្នុងបណ្តាក្រុងធំនានាក្នុងប្រទេសនេះពីកណ្តាប់ដៃពួកយុទ្ធជនប្រឆាំង។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសស៊ីរីបានរាយការណ៍ថា កងទ័ពរដ្ឋាភិបាលស៊ីរីបានសន្យាដល់ពួកឧទ្ទាមថា ពួកគេអាចចេញដោយសុវត្ថិភាពពីក្រុងនេះបាន ប្រសិនបើពួកគេចាកចេញពីផ្នែកខាងកើតនៃក្រុងនេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ដែលបានយកមន្ទីរពេទ្យនៃសង្កាត់នេះធ្វើជាទីដៅនៃការវាយប្រហារ។
ពួកអ្នកធ្វើការផ្នែកជួយសង្គ្រោះបាននិយាយថា មន្ទីរពេទ្យធំបំផុត ដែលនៅសេសសល់ក្នុងប៉ែកខាងកើតនៃក្រុង Aleppo កាន់កាប់ដោយពួកឧទ្ទាមបានរងការទម្លាក់គ្រាប់បែកកាលពីថ្ងៃសៅរ៍ជាលើកទីពីរក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកសម្ព័ន្ធមិត្តរុស្សីរបស់ពួកគេបានរុលទៅមុខដើម្បីវាយយកក្រុងនេះទាំងស្រុងមកវិញ។
លោក Stephen O'Brien អគ្គលេខាធិការរងអ.ស.ប.ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងការសម្របសម្រួលជំនួយសង្គ្រោះគ្រាមានអាសន្នបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ ថា «ប្រព័ន្ធថែរក្សាសុខភាពក្នុងប៉ែកខាងកើតនៃក្រុងAleppo បានត្រូវធ្វើឱ្យខូចខាតខ្ទេចខ្ទី»។
លោកបានអំពាវនាវជាថ្មីទៀតឱ្យមានយ៉ាងហោចណាស់ការបញ្ឈប់ជាបណ្តោះអាសន្ននូវអំពើហិង្សាសម្រាប់ជម្លៀសពួកអ្នកជំងឺ និងអ្នករបួសធ្ងន់ធ្ងរចេញពីក្រុងនេះ ដែលនៅទីនោះលោកបាននិយាយថា ប្រព័ន្ធមន្ទីរពេទ្យជិតរលំហើយ។
លោក O'Brien បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយតាមបណ្តាញ Internet ថា «យ៉ាងតិចបំផុតដាច់ខាត ខ្ញុំអំពាវនាវជាថ្មីទៀតឱ្យមានការផ្អាកការប្រយុទ្ធគ្នាដើម្បីមនុស្សធម៌ចំនួន២៤ម៉ោងរៀងរាល់សប្តាហ៍។សូមបញ្ឈប់ការសម្លាប់រង្គាលនៅពេលនេះ»៕