ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​មិន​ទាន់​ចូល​ជា​សមាជិក​​អនុសញ្ញា​អន្តរ​ជាតិ​ជាតិ​ហាម​ប្រាម​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម


ភ្នំពេញ៖ ខណៈ​ដែល​អនុសញ្ញា​អន្តរជាតិ​ជាតិស្តីពី​ការ​ហាម​ប្រាម​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ត្រៀម​នឹង​ចូល​ជា​ធរមាន​នៅ​ដើម​ខែ​សីហា​នេះ​ ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នោះ​នៅឡើយ​ទេ​ ​បើ​ទោះ​ជា​ប្រទេស​នេះ​នៅ​មាន​ប្រជាជន​ជាច្រើនរងគ្រោះ​ដោយ​សារ​គ្រាប់​បែក​ចង្កោម​នេះ​ក៏​ដោយ។

មាន​ប្រជាជន​កម្ពុជា​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ​បាន​ស្លាប់​និង​រង​របួស​ដោយសារ​គ្រាប់​មីន និង​កាក​សំណល់​គ្រឿង​ផ្ទុះ​ផ្សេងៗ​ទៀត​ដែល​សល់​ពី​សង្គ្រាម​ ​ដូចជា​គ្រាប់​បែក​ចង្កោម​ជា​ដើម។

អនុសញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោម ​ឬ​ Convention on Cluster Munitions ​នេះ​នឹង​ត្រូវ​ប្រកាស​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​សីហា​នេះ​តទៅ​ ​នៅ​ក្នុង​ទីក្រុង​វៀង​ចន្ទ ​ប្រទេស​ឡាវ​ ដែល​ជា​ប្រទេស​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​នៅ​លើ​ពិភព​លោក​ដោយសារ​គ្រាប់​បែក​ចង្កោម​នេះ។

អនុសញ្ញាស្តីពី​គ្រាប់​បែក​ចង្កោម​នេះ​គឺ​ជា​សិទ្ធិ​សញ្ញា​អន្តរ​ជាតិ​មួយ​ដែល​បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ឲ្យ​បណ្ដាប្រទេស​នានា​លើ​ពិភព​លោក​ចុះ​ហត្ថ​លេខា​និង​ផ្តល់​សច្ចា​ប័ននៅ​ចុង​ឆ្នាំ​២០០៨​ ​ក្នុង​ទីក្រុង​ Oslo ​ប្រទេស​ណ័រវ៉េ។

អនុ​សញ្ញា​នេះ​ហាម​ឃាត់​ការ​ផលិត​ ​ការ​ប្រើប្រាស់​ ការផ្ទេរ​និង​ការ​ស្តុក​ទុក​នូវ​គ្រាប់​បែក​ចង្កោម​នេះ​ហើយ​ក៏​តម្រូវ​ឲ្យ​រដ្ឋ​ ជា​ភាគីបំផ្លាញ​និង​បោស​សម្អាត​គ្រាប់​បែក​នេះ​ ឲ្យ​អស់​ពី​ស្តុក​និង​ពី​ដី​នៃ​ប្រទេស​របស់​ខ្លួន​ផង​ដែរ។

បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​១០៧​ហើយ​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ឃាត់​គ្រាប់​បែក​ចង្កោម​នេះ​ ​ដូចជា​ប្រទេស​អូស្រ្តាលី​ កាណាដា ​និង​ចក្រភព​អង់គ្លេស​ជាដើម​ ​ លើក​លែង​តែ​ប្រទេស​ជា​អ្នក​ផលិត​ធំៗ​មួយ​ចំនួន​ ​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ រុស្ស៊ី​ និង​ចិន​ជាដើម។ ​ក្នុង​ចំណោម ប្រទេស​ជា​ហត្ថលេខី​លើ​អនុសញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោមទាំង​១០៧​ប្រទេស​នោះ​ ​មាន​៣៧​ប្រទេស​បាន​ផ្តល់​សច្ចា​ប័នដល់​អនុសញ្ញា​នេះរួច​រាល់​ហើយ​ ​មានជាអាទិ៍​ ប្រទេស​ប៊ែលហ្សីក​ ដាណឺម៉ាក​ ណ័រវ៉េ ​ជប៉ុន​ និង​ប្រទេស​ឡាវ​ជាដើម។

លោក​ប្រាក់​ សុខុន ​រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ដែល​កម្ពុជា​មិន​ទាន់​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោម​នេះ ​គឺ​ដោយសាររដ្ឋាភិបាល​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិត​ល្អន់​អំពី​ផល​ប៉ះពាល់​នានា​ដែល​អាច​កើត​ឡើង​ ​ ក្រោយ​ពេល​ដែលកម្ពុជា​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ។

«យើង​ ​ក្នុង​ឋានៈ​ជា​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​ដោយ​គ្រាប់​បែក​ចង្កោម​ ​យើង​មាន​ឆន្ទៈ​ចង់​ចូល​រួម​ ប៉ុន្តែ​អាស្រ័យ​ដោយ​លក្ខណៈ​បច្ចេក​ទេស​បន្តិច។​ ​ត្រង់​នេះ​វា​ទាក់ទង​នឹង​សមត្ថភាព​ការពារ​ខ្លួន​យើង​បន្តិច​ផង​ ​ហើយ​នឹង​ពាក់​ព័ន្ធ​ទៅ​នឹង​ចំនួន​អាវុធ​នៅក្នុង​ស្តុក​ដែល​យើង​មាន​ ​ហើយ​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ហ្នឹង​ផង​ ​គឺ​យើង​ទុក​ពេល​ដើម្បី​ធ្វើ​ការ​សិក្សា​ពី​ចំនួន​គ្រាប់​ដែល​យើង​មាន​នៅក្នុង​ឃ្លាំង​ ពី​លទ្ធភាព​ដែល​ត្រូវ​ផ្លាស់​ប្តូរ​គ្រាប់​ទាំង​នោះ​ ​ហើយ​នឹង​ពេល​វេលា​ ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​ផ្លាស់​ប្តូរ​នោះ»។

សូម​បញ្ជាក់​ថា​ ​គ្រាប់​បែក​ចង្កោម​គឺ​សំដៅ​ទៅ​ដល់​គ្រាប់​បែក​តូច​ៗ​ជាច្រើន​ ​មាន​ចំនួន​រហូត​ដល់​រាប់​រយ​គ្រាប់​ដែល​គេ​ដាក់​នៅ​ក្នុង​គ្រាប់​ធំ​មួយ។​ នៅ​ពេល​ទម្លាក់​ពី​លើ​យន្តហោះ​ ឬ​បាញ់​ចេញ​ពី​ដី​ ​គ្រាប់​បែក​ចង្កោម​នេះ​នឹង​រាយ​សាយ​ពាស​ពេញ​ផ្ទៃ​ដី​ រហូត​ដល់​រាប់​គីឡូម៉ែត្រ។

អំឡុង​សង្គ្រាមវៀតណាម​ ​សហ​រដ្ឋ​អាមេរិក​ត្រូវ​គេ​ជឿ​ថា​ ​បាន​ទម្លាក់​គ្រាប់​បែក​មក​លើ​ប្រទេស​កម្ពុជា​ចំនួន​ជាង​២​លាន​តោន​ ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៩​ ដល់​ ១៩៧៣​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង​ ដែល​មក​បោះ​ទី​តាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា។​ ​ចំនួន​គ្រាប់​បែក​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​មក​លើ​ប្រទេស​កម្ពុជា​នោះ​ ​មាន​ចំនួនច្រើន​ជាង​គ្រាប់​បែក​ដែល​អាមេរិក​ទម្លាក់​ទៅ​លើ​ប្រទេស​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ទៅ​ទៀត។

ប៉ុន្តែ​គ្រាប់បែក​ចង្កោម​ចន្លោះ​ពី​ជាង​១​លាន​ទៅ​ជាង​៧​លាន​គ្រាប់​ត្រូវ​គេ​ជឿ​ថា​ ​មិន​បាន​ផ្ទុះ​ទេ​ ​ហើយ​នៅ​កប់​ក្នុង​ដី​នៅ​ឡើយ​ ​នៅ​តាម​ខេត្ត​ភាគ​ខាង​កើត​កម្ពុជា​ ដូចជា​នៅ​ខេត្ត​ក្រចេះ​ ​កំពង់​ចាម​និង​ស្វាយរៀង​ជាដើម​ ​មាន​ជាអាទិ៍គ្រាប់​បែក​ចង្កោម​ប្រភេទ​ BLU 24 ​ BLU 26​ និង​ BLU 61។

លោក​ អ៊ំ ភូមិរ៉ូ ​អគ្គ​នាយក​រង​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់ ​(CMAC)​ មាន​ប្រសាសន៍​ថា​ ​គ្រាប់​បែក​ចង្កោម​ទាំង​នេះ​នៅ​តែ​បន្ត​ឆក់​យក​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ​ ជាពិសេស​គឺ​កុមារ​តែ​ម្តង​ ​ដែល​តែង​តែ​ចូលចិត្ត​លេង​ជាមួយ​នឹង​គ្រាប់​ទាំង​នោះ​ ឬ​ដំ​យក​កម្ទេច​ដែក​សម្រាប់​លក់។

«នៅ​ជា​បញ្ហា​ច្រើន​ដែរ​ ​អា​រឿង​ប្រជា​ពលរដ្ឋ​យើង​នៅ​យក​អា​ហ្នឹង​មក​វាយ​មក​ដំ​ ជាពិសេស​គឺ​ក្មេងៗ​ គឺ​ច្រើន​ណាស់​ ​នៅ​យក​មក​ច្នៃ​ដំអី​ហ្នឹង។​ ជួល​កាល​ក្មេង​ឃើញ​យក​គប់​លេង​អី​អញ្ចឹង​ទៅ។ ​ហើយ​ការ​អប់រំ​ ​វា​ចេះ​តែ​មាន​ជា​បន្ត​បន្ទាប់​ដែរ​ ​ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ ​វា​ចេះ​តែ​ប្រជាជន​យើង​ប្រថុយ​ប្រថាន​ច្រើន​ក្នុង​ការ​យក​អាហ្នឹង​មក​វាយ​មក​អី​ហ្នឹង»។

បើ​គិត​មក​ត្រឹម​ឆ្នាំ​២០០៩​ ​មាន​ប្រជា​ជន​ខ្មែរ​ជាង​៦​ម៉ឺន​នាក់​ហើយ​បាន​ស្លាប់​និង​របួស​ដោយសារ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ដែលរួម​មាន​គ្រាប់​បែកចង្កោមនេះ​ផង​ដែរ​ ​នេះ​បើ​យោង​តាម​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា។

លោក ​អ៊ំ ភូមិ​រ៉ូ មាន​ប្រសាសន៍​ថា​ ​បើ​កម្ពុជា​អាច​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោមនោះ​ ​កម្ពុជា​អាច​នឹង​ចំណេញ​មួយ​ផ្នែក​ដែរ​ពី​ជំនួយ​អន្តរជាតិ​ក្នុង​ការ​បោស​សម្អាតគ្រាប់​បែក​ចង្កោម​ដែល​សេស​សល់​នៅលើ​ ​និង​ក្នុង​ដី​នៃ​ប្រទេស​កម្ពុជា​នេះ។

ប៉ុន្តែ​លោក​ អ៊ំ ភូមិរ៉ូ ​មានប្រសាសន៍​បន្ថែម​ថា​ ​កម្ពុជា​ក៏​ត្រូវ​ពិចារណា​អំពី​សព្វា​វុធ​មួយ​ចំនួន​របស់​ខ្លួន​ដែល​ស្តុក​ក្នុង​ឃ្លាំង​សម្រាប់​ការ​ការពារ​ជាតិ​ ​ព្រោះ​ថា​ ​បើ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​នេះ​ហើយ​ ​កម្ពុជា​ត្រូវ​ជាប់​កាតព្វ​កិច្ចកម្ទេច​គ្រាប់បែក​ ​ឬ​អាវុធ​ពាក់ព័ន្ធ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ី​វិលលើកឡើង​ថា ​ មូល​ហេតុ​ចម្បង​ដែល​កម្ពុជា​មិន​ព្រម​ចូល​ជា​សមាជិក​នៃ​អនុ​សញ្ញា​ស្តី​ពី​គ្រាប់​បែក​ចង្កោម​នេះ​ គឺ​អាច​ដោយសារ​តែ​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជាង​ពីរ​ឆ្នាំ​ ​ហើយ​មិនទាន់​បាន​ដោះ​ស្រាយ​ឲ្យ​រួច​រាល់​នៅ​ឡើយ។

ក៏ប៉ុន្តែ​កញ្ញា​សុង កុសល​ ឯក​អគ្គរាជ​ទូត​យុវជន​ ឬ Youth Ambassador​ នៃ​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដើម្បី​លុប​បំបាត់​គ្រាប់​មីន​អន្តរជាតិ​ ឬ ​International ​Campaign ​to​ Ban ​Landmines ​មាន​ប្រសាសន៍​ថា​ ​ទោះ​បី​ជា​មាន​ជម្លោះ​ជាមួយ​ថៃ​ក៏​ដោយ​ ​ក៏​កម្ពុជានៅតែ​អាច​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​គ្រាប់​បែក​ចង្កោម​នេះ​បានដែរ។

«តាង​នាម​យើង​ជា​ក្រុម​យុទ្ធនាការ​ ​យើង​ចង់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យើង​ចូល​រួម​នៅក្នុង​យុទ្ធនាការ​នេះ។​ ទោះ​បី​ជា​យើង​មាន​បញ្ហា​ជា​មួយ​ថៃ​ ​ប៉ុន្តែ​វាអត់​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រាប់​បែក​ចង្កោម​ទេ​ ព្រោះ​អី​គ្រាប់បែក​ចង្កោម​វា​បាន​ទម្លាក់​មក​ហើយ។​ វា​នៅក្នុង​ដី​ ​អញ្ចឹង​យើង​មិន​អាច​យក​វា​ទៅ​ប្រើ​ប្រាស់​ម្តង​ទៀត​បាន​ទេ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ប្រាក់​ សុខុន​ រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍​ថា​ ​ការ​ដែល​កម្ពុជា​មិនទាន់​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​នេះ​ ​មិនមែន​ជារឿង​ចម្លែក​នោះ​ទេ​ គឺ​ដោយសារ​តែ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ជាច្រើន​ទៀត​ ​ដោយ​រួម​ទាំង​ប្រទេស​ជិត​ខាង​ចំនួន​ពីរ​ផង​ ​ក៏សុទ្ធ​តែ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​នៅ​ឡើយ​ដែរ។

«ប្រទេស​យើង​មិនមែន​ជាប្រទេស​តែ​មួយ​គត់​នៅតំបន់​អាស៊ី​អគ្នេយ៍​នេះ​ ដែល​មិនបាន​ចុះ​ហត្ថលេខា​លើអនុសញ្ញា​ Cluster Munitions​ ហ្នឹង​ទេ។​ ប្រទេស​វៀតណាម​និង​ថៃ​ដែល​នៅជាប់​នឹង​យើង​ ​ក៏​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ផងដែរ។​ អញ្ចឹង​វា​នៅ​ជាប់​បញ្ហា​ដែល​យើង​មុន​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ណា​មួយ​ទាក់​ទង​ទៅ​នឹង​ការ​ចុះ​ហត្ថលេខា»។

ថ្វី​បើ​កម្ពុជា​មិនទាន់​បាន​ចូល​ជា​សមាជិក​ក៏​ដោយ​ ​ក៏​កម្ពុជា​នឹង​ចូលរួម​ប្រារព្ធ​ពិធី​អប​អរសាទរ​ទិវា​ប្រកាស​ការ​ចូល​ជាធរមាន​នូវ​អនុសញ្ញា​អន្តរ​ជាតិ​ស្តីពី​គ្រាប់​បែក​ចង្កោម​នេះ​ ​នៅក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​ ​នៅ​ល្ងាច​ថ្ងៃទី​១ និង​ទី២​ ខែសីហា​ ក្នុង​មណ្ឌល​អង្គការ​មេត្តា​ករុណា​ ក្នុង​ទីក្រុង​សៀមរាប៕

XS
SM
MD
LG