ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ជា​ច្រើន​ចាប់​អារម្មណ៍​អនុវត្ត​សន្ធិ​សញ្ញា​ហាម​ឃាត់​ការប្រើ​ប្រាស់​គ្រាប់មីន​ចង្កោម


ប្រទេស​ជា​ច្រើន​ចាប់​អារម្មណ៍​អនុវត្ត​សន្ធិ​សញ្ញា​ហាម​ឃាត់​ការប្រើ​ប្រាស់​គ្រាប់មីន​ចង្កោម

ពួក​អ្នក​ធ្វើ​យុទ្ធនាការណ៍​ដើម្បី​ពិភព​លោក​គ្មាន​គ្រាន់​មីន​ចង្កោម​និយាយ​ថា​មាន​ការជឿន​លឿន​ទៅមុខ​យ៉ាងច្រើន​គួរឲ្យ​កោតសរសើរ​នៅក្នុង​ការអនុវត្ត​អនុ​សញ្ញា​ដែល​ហាម​ឃាត់​ការផលិត​ ការប្រើ​ប្រាស់​និង​ការ​ស្តុក​ទុក​គ្រាប់​មីន​ចង្កោម​ចាប់តាំង​ពី​អនុ​សញ្ញានេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​១១​ខែ​មុន។ អ្នក​តំ​ណាង​ជាង​៤​រយ​មកពី​ប្រទេស​ចំនួន​៨១​ទើប​បញ្ចប់​សន្និ​សិទ​មួយ​ដែល​មាន​រយៈពេល​៤​ថ្ងៃ ដើម្បី​វាយ​តម្លៃ​ការជឿនលឿន​លើ​ការហាម​ឃាត់​ហើយ​នឹង​ពិ​ភាក្សា​បញ្ហា​ប្រឈមមុខ​នា​ពេល​ខាង​មុខ។

ចាប់តាំង​ពី​សន្ធិ​សញ្ញា​នេះ​បាន​ក្លាយ​ជា​ច្បាប់​អន្តរជាតិ​ដែល​ត្រូវ​អនុវត្តន៍​តាម​នៅ​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០១០​មក​ រដ្ឋ​ចំនួន​១០៩​បាន​ចូលរួម​អនុសញ្ញា​នេះ​ហើយ​រដ្ឋ​៥៨​ទៀត​បាន​ឲ្យ​សច្ចា​នុមតិ​លើ​អនុសញ្ញា​នេះ។ អង្គការ​ធំ​ដែល​ត្រួត​ពិនិត្យ​មើល​អនុសញ្ញា​ហៅ​ថា​អង្គការ​Cluster ​Munition ​Coalition ​បាន​ហៅ​ការ​ជោគ​ជ័យ​នេះ​ជា​ការគួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អនុសញ្ញា​ដែល​នៅ​ក្មេង​ខ្ចី​នេះ។

លោក​Steve ​Goose ​ប្រធាន​អង្គការ​ Coalition ​និយាយ​ថា​សន្ធិ​សញ្ញា​ហាម​ឃាត់​ការប្រើ​ប្រាស់​គ្រាប់មីន​ចង្កោម​បាន​ចាប់ផ្តើម​យ៉ាង​ខ្លាំង​ក្លា​ហើយ​កំពុង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ហើយ​នឹង​រារាំង​គ្រោះ​ថ្នាក់​និង​ការបាត់​បង់​អាយុ​ជីវិត​របស់​មនុស្ស​នា​ពេល​អនាគត។ លោក​កត់​សម្គាល់​ថា​គ្រាប់​មីន​ចង្កោម​មិន​បាន​រើស​អើង​រវាង​ជន​ស៊ីវិល​និង​កងទ័ព​ទេ។ គ្រាប់​មីន​ចង្កោម​ជា​ច្រើន​មិន​បាន​ផ្ទុះ​ភ្លាម​ៗ​ទេ​ហើយ​អាច​កប់​នៅ​ក្នុង​ដី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ សម្លាប់​និង​ធ្វើ​ឲ្យ​ពិការ​ដល់​ជន​ស៊ីវិល​ រួម​មាន​កូន​ក្មេង​ ទោះបី​ជា​ជម្លោះ​បាន​ចប់​រាប់​ទសវត្សរ៍​ហើយ​ក៏​ដោយ។

លោក​និយាយ​ទៀត​ថា​ភាគី​ជា​រដ្ឋ​២​គឺ​ Albania ​និង​ Zambia​ បាន​បញ្ចប់​ការបោស​សំអាត​ដី​ដែល​មាន​គ្រាប់មីន​ចង្កោម​របស់​ខ្លួន​ហើយ​ភាគី​ជា​រដ្ឋ​៨​និង​ហត្ថ​លេខី​៣​នៃ​អនុ​សញ្ញា​នោះ​បាន​បញ្ចប់​ការបំផ្លាញ​ឃ្លាំង​គ្រាប់​មីន​ចង្កោម​របស់​ខ្លួន។

«ពួកគេ​មាន​កំណត់​ពេល​៨​ឆ្នាំ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​នៅក្រោម​អនុ​សញ្ញា​ហើយ​ភាគី​ជា​រដ្ឋ​៨​ហើយ​នឹង​ហត្ថលេខី​យ៉ាង​ហោច​ណាស់​ក៏​៣​ដែរ​បាន​បញ្ចប់​ការ​បោស​សំអាត​គ្រាប់មីន​ចង្កោម​រួច​ទៅ​ហើយ​ រួមមាន​ការប្រកាស​ពី​ប្រទេស​ហុងហ្គារី​នៅ​សប្តាហ៍​កន្លង​មក​នេះ​ថា​ពួកគេ​បាន​បញ្ចប់​ការបោស​សំអាត។

ភាគី​ជា​រដ្ឋ​ទាំងអស់​ក៏បាន​បំផ្លាញ​គ្រឿង​ផ្ទុះ​បន្ទាប់​បន្សំ​៦៤​លាន​ ដែល​មាន​នៅ​ក្នុង​គ្រាប់មីន​ចង្កោម​ជិត​៦​សែន​គ្រាប់។ គ្រាប់​រំសេវ​បន្ទាប់​បន្សំ​ទាំង​នោះ​លែង​ធ្វើឲ្យ​ជន​ស៊ីវិល​បាត់​បង់​ជីវិត​និង​មាន​គ្រោះថ្នាក់​ទៀត​ហើយ។»

ប៉ុន្តែ​ បញ្ហា​នៅ​តែមាន។ អង្គការ ​Coalition​ អង្គការ​កាកបាទ​ក្រហម​អន្តរ​ជាតិ​ហើយ​នឹង​ប្រទេស​៧​បាន​ថ្កោលទោស​ការប្រើ​គ្រាប់មីន​ចង្កោម​កាល​ពីពេល​ថ្មីៗនេះ​របស់​ប្រទេស​ថៃ​និង​លីប៊ី។ ថៃ​បាន​បាញ់​គ្រាប់មីន​ចង្កោម​ចូល​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ឆ្នាំ​នេះ​ក្នុង​អំឡុង​ពេល​នៃ​ជម្លោះ​តាម​ព្រំដែន។

លោក​ Goose​និយាយ​ថា​ទាំង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ឥឡូវ​បង្ហាញ​ថា​ពួក​គេ​ កំពុង​ចាត់​វិធានការ​ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​នេះ​នៅពេល​អនាគត​ឆាប់​ៗ​នេះ។

លោក​និយាយ​ទៀត​ថា​ប្រទេស​លីប៊ី​នៅ​ជា​ការព្រួយ​កង្វល់​ដ៏​ធំ​មួយ។ លោក​កត់​សម្គាល់​ថា​កងទ័ព​រដ្ឋាភិបាល​លីប៊ី​បាន​ប្រើ​ប្រាស់​គ្រាប់​មីន​ចង្កោម​ចំនួន​១២០​ក្នុង​អំឡុង​ពេល​នៃ​ជម្លោះ​ប្រដាប់​អាវុធ​កាល​ពីពេល​ថ្មី​ៗ​នេះ។ ហើយ ​យ៉ាង​ហោច​ណាស់​ គ្រាប់មីន​ចង្កោម​ចំនួន​៣​បាន​ផ្ទុះ​នៅ​ទីក្រុង ​Misrata ។

លោក​និយាយ​ទៀត​ថា​អង្គការ ​Coalition​ មាន​ការព្រួយ​បារម្ភ​ថា​ប្រទេស​លីប៊ី​នឹង​ប្រើ​ប្រាស់​អាវុធ​មិន​រើសអើង​ទាំងនេះ​ម្តង​ទៀត។

លោក​និយាយ​ថា​បញ្ហា​ដ៏​ពិបាក​ដែល​អង្គការ​ Coalition​ កំពុង​ប្រឈម​មុខ​គឺ​ធ្វើ​ឲ្យ​រដ្ឋ​ទាំងអស់​នៅក្នុង​ពិភពលោក​ចូល​ក្នុង​អនុ​សញ្ញា​នេះ។ លោក​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា​ប្រទេស​មិន​ចូលរួម​ក្នុង​អនុ​សញ្ញា​នេះ​រួមមាន​សហរដ្ឋ​អា​មេរិក​ រុស្ស៊ី​ ចិន​ ឥណ្ឌា​ ប៉ាគីស្ថាន​និង​អ៊ីស្រាអែល។ លោក​និយាយ​ទៀត​ថា​វា​ជា​ការសំខាន់​ដែល​ពួកគេ​ចូល​ក្នុង​សន្ធិ​សញ្ញា​នោះ។

«មូលហេតុ​ដែល​រដ្ឋ​នានា​ស្ថិត​នៅ​ក្រៅ​សន្ធិ​សញ្ញា​នោះ​ មួយ​ផ្នែក​ពីព្រោះ​តែ​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​និង​ចិន​ មាន​គ្រាប់មីន​ចង្កោម​នោះ​យ៉ាង​ច្រើន។ សហរដ្ឋ​អាមេរិក​ មាន​គ្រាប់មីន​ចង្កោម​៥​លាន​គ្រាប់​ដែល​មាន​គ្រឿង​បន្ទាប់​បន្សំ​ប្រហែល​៧​លាន​គ្រាប់។ ប្រទេស​រុស្ស៊ី​និង​ចិន​ទំនង​ជា​មាន​ឃ្លាំងគ្រាប់​ទាំង​នោះ​ប្រហាក់​ប្រហែល​គ្នា។ »

សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា​ខ្លួន​មាន​ផែនការ​បំផ្លាញ​គ្រាប់មីន​ចង្កោម​នៅ​ឆ្នាំ​២០១៨។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក​ Goose​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​លោក​ជឿ​ជាក់​ថា​អនុ​សញ្ញា​នេះ​នឹង​បាន​ទទួល​ជោគជ័យ​ពីព្រោះ​តែ​ពួកអ្នក​គាំទ្រ​ការហាម​ឃាត់​ការប្រើ​ប្រាស់​គ្រាប់​មីន​ចង្កោម​បាន​ធ្វើ​ឲ្យ​មាន​ស្លាក​ស្នាម​ទុយ៌ស​ទៅ​ដល់

កម្រិត​មួយ​ដែល​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់​យល់ព្រម​ថា​ពួកគេ​ មិន​គួរ​ប្រើ​ប្រាស់​ទៀត​ទេ។ លោក​និយាយ​ទៀត​ថា​ស្លាក​ស្នាម​ទុយ៌ស​នេះ​ នឹង​ធ្វើ​ជា​ការ​កំញើញ​ដ៏​ខ្លាំង​មួយ​ដល់​ពួក​អ្នក​ប្រើ​ប្រាស់៕

ប្រែ​សម្រួល​ដោយ​ជឹង​ ប៉ូជីន

XS
SM
MD
LG