ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ផ្ដោត​លើ​បញ្ហា​ស៊ីរី និង​វិបត្តិ​ជន​ភៀស​ខ្លួន


រូបភាពឯកសារ៖ ជន​ភៀស​ខ្លួន​ស៊ីរី​ឡើងឡាន​របស់​កងទ័ព​ហ្ស៊កដានី នៅ​ឯ​ជំរំ ជន​ភៀស​ខ្លួន Rakban។​

មេដឹក​នាំ​មកពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​ពីរ​នៅ​ក្នុង​ពិភពលោក​គឺ​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​វិបត្តិ​ជន​ភៀស​ខ្លួន​ដែល​សង្គ្រាម​នេះ​បាន​បង្កើត​ឡើង។

មេដឹក​នាំ​ទាំង​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ កិច្ចប្រជុំ​លើក​នេះ​ជា​កិច្ច​ប្រជុំ​លើក​ចុងក្រោយ​សម្រាប់​លោក Barack Obama ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ក៏​ជា​កិច្ច​ប្រជុំ​លើក​ចុងក្រោយ​ផង​ដែរ​សម្រាប់​លោក Ban Ki Moon ក្នុង​ឋានៈ​លោក​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដោយ​លោក Ban Ki Moon នឹង​បញ្ចប់​អាណត្តិ​រយៈពេល​ពេញ​មួយ​ទសវត្ស​របស់​លោក​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១៦ នេះ។

នៅ​ជុំវិញ​ពិភពលោក មាន​ចំនួន​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​ទាំង​បុរស ស្ត្រី និង​កុមារ​ចំនួន ៦៥ លាន​នាក់។ ពួកគេ​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង ដោយសារ​បញ្ហា​ជម្លោះ បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​ដោយសារ​បញ្ហា​ភាព​ក្រីក្រ​តោកយ៉ាក។

នៅ​ថ្ងៃ​ចន្ទ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​បើក​នូវ​កិច្ច​ប្រជុំ​កំពូល​ពិសេស​មួយ​អំពី​ស្ថានភាព​គ្រោះថ្នាក់​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ ក្នុង​គោល​បំណង​ដើម្បី​ដោះស្រាយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង និង​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ពិភពលោក​មួយ​ចំនួន​ផ្សេង​ទៀត​អំពី​បញ្ហា​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ។

លោក Ban Ki Moon បាន​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា៖ «ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ យើង​នឹង​អាច​ឯកភាព​គ្នា​លើ​គម្រោង​នៃ​ការ​រួមចំណែក​របស់​យើង​ទាំង​អស់​គ្នា​ចំពោះ​បញ្ហា​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​ទាំង​នេះ‍។ គ្មាន​ប្រទេស​ណា​មួយ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ដូច្នេះ នេះ​គួរតែ​ជា​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​អាណិត​អាសូរ​របស់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភពលោក នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ‍»។

នៅ​ថ្ងៃ​អង្គារ​ស្អែក លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អំពី​បញ្ហា​ជន​ភៀស​ខ្លួន ជាមួយ​បណ្ដា​មេដឹកនាំ​មកពី​ប្រទេស​កាណាដា អេត្យូពី អាល្លឺម៉ង់ ហ្ស៊កដានី ម៉ិកស៊ិក និង​ស៊ុយអែត។

កិច្ចប្រជុំ​នេះ​នឹង​ផ្ដោត​លើ​ការ​បង្កើន​ថវិកា​សម្រាប់​ជន​ភៀស​ខ្លួន បង្កើត​ចំនួន​ជន​ដែល​បាន​តាំង​ទី​លំនៅ​ថ្មី​រួច​ហើយ​ឲ្យ​បាន​ទ្វេ​ដង តាម​រយៈ​បណ្ដាញ​ស្រប​ច្បាប់​ផ្សេងៗ និង​ពង្រីក​នូវ​ឱកាស​ការងារ និង​ឱកាស​ទទួល​បាន​ការ​អប់រំ​សម្រាប់​ពួកគេ៕

XS
SM
MD
LG