មានហេតុការណ៍ការវាយប្រហារមួយដោយអ្នកកាន់សាសនាឥស្លាមម្នាក់ដែលប្រើដាវនៅក្នុងព្រះវិហារកាតូលិកមួយក្នុងសប្តាហ៍នេះនៅក្នុងក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាលឱ្យមនុស្សបួននាក់ត្រូវរបួសនៅក្នុងពិធីប្រមូលផ្តុំគ្នាសូត្រធម៌មួយនៅថ្ងៃអាទិត្យ។
ហេតុការណ៍ដ៏គួរឱ្យរំខានមួយនេះខាងនិកាយសាសនាកើតមាននៅក្នុងប្រទេសមួយដែលធ្លាប់មានសហគមន៍គោរពសាសនាផ្សេងៗគ្នារស់នៅជាមួយគ្នាដោយគ្មានឧប្បត្តិហេតុអ្វីកើតឡើង។ តែនេះមិនមែនជាការវាយប្រហារលើកទីមួយនៅក្នុងព្រះវិហារគ្រិស្តសាសនាក្នុងប្រទេសនេះទេ។ ឥណ្ឌូនេស៊ីធ្លាប់មានការវាយប្រហារដោយប្រើកាំបិតពីរលើកទៀតកាលពីឆ្នាំ២០១៦ នៅក្នុងក្រុង Medan និងក្រុង Samarinda។
ពួកប៉ូលិសបានបាញ់ហើយធ្វើឱ្យរបួសអ្នកធ្វើការវាយប្រហារឈ្មោះ Suliono អាយុ២២ឆ្នាំ នៅឯព្រះវិហារគ្រិស្តសាសនា St. Lidwina Bedog ក្នុងសង្កាត់ Sleman នៃក្រុង Yogyakarta។ ពួកជនរងគ្រោះដោយសារការវាយប្រហារនេះមានរួមបញ្ចូលទាំងបព្វជិតកាតូលិកអាល្លឺម៉ង់ម្នាក់អាយុ៨១ឆ្នាំ។ នាពេលនេះគេរាយការណ៍ថា ជនត្រូវរបួសទាំងបួននាក់មានស្ថានភាពនឹងន។ អ្នកវាយប្រហារនេះក៏បានកាត់ក្បាលបដិមាករព្រះយេស៊ូគ្រិស្ត និងនាង Virgin Mary។
លោក Bonar Tigor Naipospos គឺជាអ្នកធ្វើការនៅឯវិទ្យាស្ថាន Setara ដែលជាកន្លែងស្រាវជ្រាវខាងកិច្ចការសាសនានៅក្នុងក្រុង Jakarta។ លោកបាននិយាយថា៖ «ការវាយប្រហារនៅក្នុងព្រះវិហារគ្រិស្តសាសនាក្នុងក្រុង Yogyakarta នេះ ជាសកម្មភាពហិង្សាជ្រុលនិយមមួយ»៕