ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស៊ុយអែត​លុបចោល​កិច្ច​ព្រមព្រៀង​អាវុធ​ ហើយ​អារ៉ាប៊ីសាអ៊ូឌីត​ដក​អ្នក​ឯកអគ្គរាជទូត​របស់​ខ្លួន


រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​ លោក​ស្រី​ Margot​ Wallstrom​ ត្រូវ​បាន​រារាំង​មិន​ឲ្យ​និយាយ​អំពី​សិទ្ធិ​ស្រ្តី​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ជាមួយ​បណ្តា​មេដឹក​នាំ​អារ៉ាប់​នៅ​ក្នុង​ទីក្រុង​គែរ​ (Cairo)។

ប្រទេស​ស៊ុយអែត​បាន​លុបចោល​កិច្ច​ព្រមព្រៀង​ផ្នែក​អាវុធ​មួយ​ដែល​មាន​អាយុកាល​ច្រើន​ទសវត្សរ៍​មកហើយ​ និង​ដែល​មាន​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ នៅ​ក្នុង​ជម្លោះ​ការទូត​មួយ​ ដែល​ដុត​កំដៅ​ ដោយ​ការ​រិះគន់​របស់​ស៊ុយអែត​ទៅ​លើ​ប្រវត្តិ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ។ ជា​ការ​ឆ្លើយ​តប​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ុយ​អែត។​

ជម្លោះ​ដ៏​តូច​តាច​នេះ​ រវាង​រដ្ឋាភិបាល​ទីក្រុង​ស្តុកខុម​ និង​ទីក្រុង​រីយ៉ាដ​ ត្រូវ​បាន​បញ្ឆេះ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី៩​ នៅ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​រារាំង​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​ លោក​ស្រី​ Margot​ Wallstrom​ មិន​ឲ្យ​និយាយ​អំពី​សិទ្ធិ​ស្រ្តី​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ជាមួយ​បណ្តា​មេដឹក​នាំ​អារ៉ាប់​នៅ​ក្នុង​ទីក្រុង​គែរ​ (Cairo)។​ ប្រតិភូ​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ប្រឆាំង​ទល់​នឹង​ការ​ថ្កោល​ទោស​របស់​លោក​ស្រី​ អំពី​ការ​ប្រព្រឹត្តិ​ដ៏​ឃោរឃៅ​កាល​ពី​ឆ្នាំ​២០១៤​ ទៅ​លើ​លោក​ Raef​ Badawi​ ដែល​ជា​អ្នក​សរសេរ​ប្លុក​ (blogger)​ និងសកម្មជន​មួយ​រូប។​

លោក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ទទួល​ការ​វាយ​នឹង​ខ្សែ​តី​ចំនួន​មួយ​ពាន់​ដង​ ដែលនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល២០​សប្តាហ៍​នា​ឆ្នាំ​នេះ។​ លោក​បាន​ទទួល​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​លើក​ដំបូង​ចំនួន​៥០​ដង​កាល​ពី​ខែ​មករា។​ ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សារ​ មួយ​ផ្នែក​គឺ​ដោយ​សារ​តែ​សម្ពាធ​ពី​សំណាក់​អន្តរជាតិ។​

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់​ជា​ច្រើន​បាន​ចូល​រួម​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ក្នុង​ការ​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​នឹង​លោក​ស្រី ​Wallstrom​ ដោយ​ពួក​គេ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ ការ​រិះគន់​របស់​លោក​ស្រី​ «មិន​សមស្រប​ជា​មួយ​នឹង​ការពិត​ដែល​ថា​ រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត​ មាន​មូលដ្ឋាន​ចេញ​ពី​ច្បាប់​ អ៊ីស្លាម​ Sharia»។​

សេចក្តី​ប្រកាស​នោះ​បាន​សរសេរ​ថា៖​ «ច្បាប់​ Sharia​ បាន​ធានា​សិទ្ធិ​មនុស្ស​ និង​រក្សា​ជីវិត​ប្រជាពលរដ្ឋ​ កម្មសិទ្ធិ​ កិត្តិយស​ និង​ភាព​ថ្លៃថ្នូរ។​ រដ្ឋមន្រ្តី​ទាំង​នោះ​ ចាត់​ទុក​ការ​បញ្ចេញ​មតិ​របស់​លោក​ស្រី​ Wallstrom​ ថា​ គ្មាន​ការ​ទទួល​ខុសត្រូវ​ និង​មិន​អាច​ទទួល​យក​បាន»។​

ការ​ប៉ះទង្គិច​គ្នា​នេះ​ កើត​មាន​ឡើងនៅ​ខណៈ​ពេល​ដែល​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​រដ្ឋ​ទាំងឡាយ​នៅ​តាម​តំបន់​ឈូង​សមុទ្រ​ ហើយ​ជា​អ្វី​ដែល​អ្នក​រិះ​គន់​យល់​ឃើញ​ថា​ រដ្ឋ​ទាំង​នោះ​មាន​តួនាទី​ក្នុង​ការ​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ផ្នែក​មនោគម​វិជ្ជាដល់​ក្រុម​ធ្វើ​សង្រ្គាម​សាសនា​ ដូច​ជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​គេ​ហៅ​ថា​ រដ្ឋអ៊ីស្លាម​ជាដើម។​

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាល​ពីថ្ងៃ​ទី​១១​ ខែ​មីនា​ ដោយ​បាន​ចោទ​ប្រកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ថា ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជា​ផ្លូវ​ការ​ ឬ​បុព្វសិទ្ធិ​ដល់​ក្រុម​បព្វជិត​ដែល​ទេសនា​ឲ្យ​មាន​សេចក្តី​ស្អប់​ចំពោះ​សាសនា​ដទៃ​ទៀត ​ដែល​នេះ​រួម​បញ្ចូល​ទាំង​អ្នក​កាន់​សាសនា​គ្រិស្ត​ អ្នក​គោរព​និកាយ​ស៊ីអ៊ីត​ (Shitte)​ និង​ជាតិ​សាសន៍​ជ្វីព​ (Jews)។​ អ្នក​សរសេរ​របាយការណ៍​នោះ​និយាយ​ថា​ ការញុះ​ញង់​បែប​នេះ​ ជំរុញ​ឲ្យ​មាន​អត្ថាធិប្បាយ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែល​លើក​ទឹក​ចិត្ត​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ ក៏​ដូចជា​ការ​ពិឃាត​មនុស្ស​ដោយ​យុទ្ធជន​រដ្ឋអ៊ីស្លាម​ និង​ការ​ដាក់​ធ្វើ​ជា​ទាសករ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ ទៅ​លើ​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ក្នុង​ប្រទេស​ស៊ីរី​ និង​អ៊ីរ៉ាក់​ ដែល​ពួក​គេ​ចាប់​បាន។​

ក្រុម​អង្គការ​សិទ្ធិមនុស្ស​មិន​គិត​ប្រាក់​ចំណេញ​ឈ្មោះ​ Human​ Rights​ First​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវ​យ៉ក​ បាន​ចោទ​ប្រកាន់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​បាន​លើក​តម្កើង​ «មនោគមវិជ្ជា​ជ្រុល​និយម​តាម​រយៈ​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ និង​តាមរយៈ​បព្វជិត​មូលវិវដ្ត​ដែល​ជា​ញឹកញយ​ទទួល​បាន​បុព្វសិទ្ធិ​ពី​រដ្ឋ»។​ ក្រុម​សិទ្ធិមនុស្ស​នោះ​និយាយ​ថា​ អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​«បន្ត​បញ្ចូល​មនោគម​វិជ្ជា​ទៅ​លើ​ក្រុម​យុវជន​របស់​ប្រទេស​នេះ​ ហើយ​លើក​ទឹក​ចិត្តឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​សាសនា​ដទៃ​ទៀត ​ ក៏​ដូចជា​សាសនា​អ៊ីស្លាម​និកាយ​ស៊ុន្នី​ (Sunni​ Muslim)​ ដែល​ងាក​រេ​ចេញ​ពី​ការ​ប្រៀន​ប្រដៅ​បែប​សាសនា​វិន័យ​ចាស់​អូស្សូដក់»។​

អង្គការ​នោះ​បាន​ចោទ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​អំពី​ការ​រំលោភ​លើ​ការ​សន្យា​ ដែល​ថា​នឹង​លុប​បំបាត់​ផ្នែក​ផ្សេងៗ​ក្នុង​សៀវភៅ​សិក្សា​មិន​ឲ្យ​មាន​ចំណុច​ណា​ដែលញុះញង់​ឲ្យ​មាន​សេចក្តី​ស្អប់​ចំពោះ​សាសនា​ដទៃ​ទៀត​ ហើយ​និយាយថា​ ខុស​ឆ្ងាយ​ពី​បទដ្ឋាន​អន្តរជាតិ​ កម្មវិធី​សិក្សា​ផ្លូវ​ការ​និង​សៀវភៅ​ធម្មតា​នៅ​មាន​បង្រៀន​ថា​ មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​មនុស្ស​ដែល​ប្តូរ​ជំនឿ​សាសនា​ចេញ​ពី​សាសនា​អ៊ីស្លាម​គួរ​ត្រូវ​យក​ទៅ​ប្រហារ​ជីវិត។​ ក្រុម​អំបូរ​ជន​ជាតិ​ជ្វីព​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ទុរយស​តាំង​ពី​ដើម​រៀង​មក​ ហើយ​ក្រុម​នោះ( អារ៉ាប៊ីសាអ៊ូឌីត) ​បាន​អះអាង​ថា​ អ្នក​កាន់​សាសនា​គ្រិស្ត​កំពុង​បង្ក​សង្គ្រាម​សាសនា​បែប​សម័យ​ទំនើប​ប្រឆាំង​នឹង​សាសនា​អ៊ីស្លាម។​

នៅ​ឆ្នាំ​២០០៨​ កិច្ច​សន្យា​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​ដក​ស្រង់​ដោយ​មន្រ្តី​សហរដ្ឋ​អាមេរិក​ ថា​ជា​ហេតុផល​នៃ​ការ​ផ្តល់​ឲ្យ​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត​រួច​ផុត​ពី​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ក្រោម​ច្បាប់​អន្តរជាតិ​មួយ​ស្តី​ពី​សេរីភាព​ក្នុង​ការ​គោរព​សាសនា​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ​១៩៩៨។​

ឥទ្ធិពល​នៃ​ប្រព័ន្ធ​អប់រំ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ មាន​ផល​ប៉ះ​ពាល់​មិន​ត្រឹម​តែ​ទៅ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ទេ។​ សៀវភៅ​សិក្សា​បែប​សាសនា​ ឈ្មោះ​ Wahhabi​ ដែល​មាន​ប្រភព​ពី​រាជាណាចក្រ​មួយ​នេះ​ តែង​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ញឹកញយ​ក្នុង​ស្ថាប័ន​ទទួល​មូល​និធិ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទូទាំង​ពិភព​លោក។​ ក្នុង​ចំណោម​ស្ថាប័ន​ទាំង​នោះ​ មាន​មជ្ឈមណ្ឌល​អ៊ីស្លាម​ចំនួន​២១០​ ព្រះ​វិហារ​១.៥០០​ មហាវិទ្យាល័យ​២០២​ និង​សាលា​សាសនា​ប្រហែល​ជិត​២.០០០​កន្លែង។​

អង្គការ​សិទ្ធិ​មនុស្ស​ Human​ Rights​ First​ បាន​ធ្វើ​ការ​បែង​ចែក​បព្វជិត​មូលវិវត្ត​មួយ​ចំនួន​ដែល​ទទួល​បាន​បុព្វសិទ្ធិ​ពិសេស​ពី​រដ្ឋ ​ដែល​រួម​មានការ​ទទួល​បាន​ប្រាក់​ខែ​ពី​រដ្ឋាភិបាល​ ឱកាស​ថ្លែងការណ៍​ដែល​គេ​គាំ​ទ្រ​ជា​ផ្លូវការ​ និង​ការ​ទទួល​បាន​ការ​ប្រើប្រាស់​កម្មវិធី​ទូរទស្សន៍​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ។​

របាយ​ការណ៍​នោះ​រៀប​រាប់​ថា៖​ «បព្វជិត​ដែល​និយម​នយោបាយ​រឹង​ត្អឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​និទណ្ឌភាព​ដោយ​រដ្ឋ​ដើម្បី​ធ្វើ​ការ​ឃោសនា​សេចក្តី​ស្អប់​ប្រឆាំង​ទៅ​នឹង​និកាយ​ និង​សាសនា​ផ្សេង​ទៀត​ ដែល​ការ​ផ្សព្វផ្សាយ​នោះ​លើក​ទឹក​ចិត្ត​ដល់​និកាយ​ជ្រុល​និយម​ស៊ុន្នី​ ហើយ​បាន​ធ្វើ​ឲ្យ​អំពើ​ភេរវកម្ម​របស់​រដ្ឋ​អ៊ីស្លាម​ ក៏​ដូចជា​ក្រុម​អាល់​កៃដា​ និង​ក្រុម​ឯទៀតៗ​ក្លាយ​មាន​ភាព​ស្រប​ច្បាប់»។​

នាយក​ក្រុម​អ្នក​សរសេរ​របាយការណ៍​នោះ​ ដែល​ធ្លាប់​ជា​បុគ្គលិក​នៅសភា​អាមេរិកាំង​ លោក​ David​ Weinberg​ បាន​ព្រមាន​ថា៖​ «សហគមន៍​អន្តរជាតិ​កំពុង​ជួប​ប្រទះ​ហានិភ័យ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះលើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ ពួក​រដ្ឋ​អ៊ីស្លាម​ នៅ​ទី​ចុង​បញ្ចប់​ ក៏​ប៉ុន្តែ​ពួក​គេ​ចាញ់​សង្គ្រាម​ដ៏​ទូ​លំទូលាយ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​បែបមូលវិវត្តិ​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​តែ​បន្ត​ព្រងើយ​កន្តើយ​ចំពោះ​«ការ​រំលោភ​សិទ្ធិមនុស្ស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ និង​លើក​តម្កើង​ការមិន​ចេះអត់​ឱន​ផ្នែក​សាសនា»។​

ប្រតិកម្ម​អវិជ្ជមាន​របស់​ប្រទេស​ស៊ុយអែត​ទៅ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ បាន​បញ្ឆេះ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​តឹង​សរសៃ​ក​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​ Scandinavie​ មួយ​នេះ​ ដែល​បាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ឆ្នាំ​២០០៥​ ដែល​បាន​បញ្ជាក់​យ៉ាង​លម្អិត​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ ការ​តាមដាន​ និង​ការ​ផលិត​អាវុធ។​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ គឺ​ជា​ប្រទេស​ដែល​នាំ​ចូល​អាវុធ​ធំជាង​គេ​ក្នុង​ពិភពលោក។​

ក្រោយ​ពី​ជម្លោះ​ការទូត​បាន​កើត​ឡើង​ ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ Social Democratic ​បាន​សុំ​កុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ​Stefan Löfven ​ នៃ​ប្រទេស​ស៊ុយ​អែត​ បន្ត​អាណត្តិ​នៃ​អនុសារណៈ​នេះ​ ហើយ​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​ជំនួញ​ជា​ច្រើន​ធ្វើការ​ព្រមាន​ថា​ កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​នេះ​ក្នុង​ឋានៈ​ជា​ដៃ​គូ​ជំនួញ​នោះ​ នឹង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។​

លោក ​Asa​ Romson​ ឧបនាយករដ្ឋមន្រ្តី​ និង​ជា​សមាជិក​នៃ​គណបក្ស​បៃតង​ Green party​ របស់​ប្រទេស​ស៊ុយអែត​ បាន​ប្រាប់​អ្នក​កាសែត​នៅ​ទីក្រុង​ស្តុកខុម ​ថា​ ការលុប​ចោល​កិច្ច​ព្រម​ព្រៀង​អាវុធ​កាល​ពីថ្ងៃ​អង្គារ​ជា​ «ជ័យ​ជម្នះ​សម្រាប់​គោល​នយោបាយ​ការបរទេស​ច្បាស់​លាស់​មួយ​ ដែល​ផ្អែក​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ត្រីវិស័យ​សីលធម៌​មួយ នៅ​កន្លែង​ដែល​កិច្ច​ព្រម​ព្រៀង​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ដ៏​ទូលំទូលាយ​បែប​នេះ​ មិន​សាក​សម​នឹង​គួរ​ធ្វើ​ទេ»៕​

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG