ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​នៅ​រដ្ឋ California ត្រូវ​បាន​គេ​ជឿ​ថា​ជា​​ដៃ​គូ​ស្នេហា​នឹង​គ្នា


មេ​ប៉ូលិស​របស់​ក្រុងSan Bernardino លោក Jarrod Burguan ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុងSan Bernardino។
មេ​ប៉ូលិស​របស់​ក្រុងSan Bernardino លោក Jarrod Burguan ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ក្នុង​ក្រុងSan Bernardino។

អាជ្ញាធរ​ក្រុង San Bernardino ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ពីរ​នាក់​ដែល​បាន​បាញ់​បោះ​ដោយ​សេរី​នៅ​ទីភ្នាក់ងារ​សេវាកម្ម​សង្គម​កាល​ពី​ថ្ងៃ​ពុធ​ដែល​ការ​បាញ់​ប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​អស់​១៤នាក់ និង​ធ្វើ​ឲ្យ​របួស​១៧​នាក់​ទៀត។

មេ​ប៉ូលិស​ក្រុង San Bernardino លោក Jarrod Burguan បាន​បង្ហាញ​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ម្នាក់​ឈ្មោះ Syed Farook អាយុ​២៨​ឆ្នាំ កើត​នៅ​អាមេរិក និង​ម្នាក់​ទៀត​ឈ្មោះ Tashfeen Malik អាយុ​២៧ឆ្នាំ។

លោក​មេ​ប៉ូលិស Burguan និយាយ​ថា អ្នក​ទាំង​ពីរ​អាច​ជា​ប្តី​ប្រពន្ធ​ ឬ​ក៏​ជា​គូ​ដណ្តឹង​នឹង​គ្នា។ ទាំង​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ទាំង ​កាសែត Los Angeles Times សុទ្ធ​តែ​និយាយ​ថា ជន​ទាំង​ពីរ​នាក់​នោះ​គឺ​ជា​ប្តី​ប្រពន្ធ​ ហើយ​ពួកគេ​មាន​កូន​តូច​ម្នាក់។

លោក​មេ​ប៉ូលិស Burguan ក៏​បាន​បញ្ជាក់​ដែរ​ថា ជន​សង្ស័យ​ឈ្មោះ​ Farook គឺ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ក្រុងSan Bernardino ។ មន្ទីរសុខាភិបាល​នេះ​កំពុងតែ​ប្រារព្ធ​ពិធី​ជប់លៀង​បុណ្យ​ណូអែល​នៅ​លើ​ទីធ្លា​នៃ​មជ្ឈមណ្ឌល​តំបន់ Inland Regional Center ដែល​មជ្ឈមណ្ឌល​នេះ​ផ្តល់​សេវាកម្ម​ដល់​ជន​ពិការ​ខាង​បញ្ញា។

ជន​សង្ស័យ​ Farook បាន​ចេញ​ពី​ពិធី​ជប់​លៀង​នោះ​ទាំង​កំហឹង ហើយ​ក៏​វិលត្រឡប់​មក​វិញ​ជាមួយ​នឹង​ជន​សង្ស័យMalik ។ ពួកគេ​ទាំង​ពីរនាក់​សុទ្ធតែ​ស្ពាយ​កាំភ្លើង​វែង​ និង​កាន់​កាំភ្លើង​ខ្លី​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ផង។

ក្រោយ​ពី​ការ​បាញ់​ប្រហារ​នោះ ប៉ូលិស​បាន​ដេញ​តាម​ជន​ទាំង​ពីរ​នាក់​ទៅដល់​តំបន់​លំនៅដ្ឋាន​មួយ​នៅ​ទីប្រជុំ​ជន​ក្បែរ​នោះ។ ការ​បើកឡាន​ដេញ​តាម​ជន​សង្ស័យ​ទាំង​ពីរ ដែល​បាន​បាញ់​តដៃ​ជាមួយ​ប៉ូលិស ដោយ​ចុងក្រោយ ​ជន​ទាំង​ពីរ​បាន​ស្លាប់ ហើយ​ប៉ូលិស​ម្នាក់​បាន​រងរបួស៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG