ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​យុត្តិធម៌​អាមេរិក​នឹង​ពិនិត្យ​មើល​ករណី​ប៉ូលិស​ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ក្នុង​ក្រុង Cleveland


ប៉ូលិស​របស់​ក្រុង Cleveland ឈ្មោះ​ Michael Brelo (រូប​កណ្តាល) ស្តាប់​ចៅក្រម​អាន​សាល​ក្រម​ក្នុង​សវនការ​ក្នុង​ក្រុង Cleveland រដ្ឋ​ Ohio កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។

ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​និយាយ​ថា​ខ្លួន​នឹង​ពិនិត្យ​មើល​ជាថ្មី​អំពី​ការ​កាត់ក្តី​ឱ្យ​ប៉ូលិស​ម្នាក់​ក្នុង​ក្រុង​ Cleveland ​គ្មាន​ទោស​ពី​បទ​ចោទប្រកាន់​ថា​បាន​បាញ់​កាំភ្លើង​១៣៧​គ្រាប់ទម្លាយ​កញ្ចក់​ឡានមួយគ្រឿង​ដែល​បាន​បណ្តាល​ឱ្យ​ជន​ស្បែក​ខ្មៅ​ពីរ​នាក់​គ្មាន​អាវុធ​ជិះ​ក្នុង​រថយន្ត​នោះ​បាត់បង់​ជីវិត។

ក្រសួង​យុត្តិធម៌​អាមេរិកាំង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ក្រោយ​ការ​ចេញ​សាលក្រម​នៃ​ការ​កាត់ក្តី​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ថា​ការិយាល័យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ការិយាល័យ​ FBI និង​ផ្នែក​សិទ្ធិ​ពលរដ្ឋ​នៃ​ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​តាម​ឃ្លាំមើល​ការ​ស៊ើបអង្កេត​អំពី​ការ​ដេញ​តាម​ទ្បាន​មួយ​ដែល​មា​ន​ល្បឿន​លឿន​និង​ការ​បាញ់​កាំភ្លើង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១២។

ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​ពិនិត្យ​សើរើ​ជា​ថ្មី​អំពី​ការ​ឆ្លើយ​របស់​សាក្សី​និងភស្តុតាង​ដែល​បាន​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ការ​កាត់​ក្តី​ប៉ូលិស​ឈ្មោះ​ Michael Brelo ទេ ​ក៏​ប៉ុន្តែ​នឹង​ពិនិត្យ​មើល​ថា​អាច​មាន​ជំហាន​បន្ថែម​ដ៏​ត្រឹមត្រូវ​ដែរ​ឬ​ទេ។​

កាល​ពី​ថ្ងៃ​សៅរ៍​ ចៅ​ក្រម​ John O'Donnell បាន​និយាយ​ថា​លោក​មិន​អាច​កំណត់​ថា​លោក​ Brelo​ តែ​ម្នាក់​ឯង​បាន​បាញ់​កាំភ្លើង​ដ៏​ប្រល័យ​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។ ចៅក្រម​រូប​នេះ​បាន​ថ្លែង​បន្ថែមថា «សាលក្រម​នេះ​មិនគួរ​ជា​បុព្វហេតុសម្រាប់​ឱ្យ​សង្គម​មានអរិយធម៌​មួយ​អបអរសាទរ​ឬ​ធ្វើ​កុប្បកម្ម​ឡើយ»។

លោក Frank Jackson ​អភិបាល​ក្រុង​ Clevland ​បាន​ហៅ​សាលក្រម​នេះ​ថា​ជា «ពេលវេលា​មួយ​មាន​ការ​កំណត់​ច្បាស់លាស់» សម្រាប់​ក្រុង​លោក​ហើយ​លោក​បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​បាតុកម្ម​ដោយ​សន្តិវិធី​និង​ការ​សន្ទនា​គ្នា។

ការ​កាត់ក្តី​ឱ្យ​ប៉ូលិស​នេះ​រួច​ខ្លួន​កើត​ឡើង​ក្រោយ​រយៈពេល​មួយខែ​នៃ​ការ​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​ការ​កាត់ក្តី​លោក​ Brelo នៅ​ក្នុង​ការ​ស្លាប់​របស់​លោក​ Timothy Russell និង​អ្នកស្រី ​Malissa Williams កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១២។ ប៉ូលិស​១៣នាក់​បាន​បាញ់​កាំភ្លើង​ដាក់​ឡាន​របស់​ជន​ពីរនាក់​នោះ​នៅ​ក្រោយ​ក្រុម​ប៉ូលិស​បាន​បើក​តាម​ទ្បាន​នោះ​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ប៉ុន្តែ​មាន​លោក​ Brelo តែ​ម្នាក់គត់​ដែល​បាន​ត្រូវ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ៕

XS
SM
MD
LG