ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ីរី​ក្បែរ​ព្រំដែន​តួកគី


យុទ្ធជន​ស៊ីរី ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ដែល​មាន​មនុស្​សជាច្រើន​​ក្នុង​ទីក្រុង al-Bab ដែល​គ្រប់គ្រង​ដោយ​តួកគី​ក្នុង​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ីរី ជាប់​ព្រំដែន​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
យុទ្ធជន​ស៊ីរី ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ដែល​មាន​មនុស្​សជាច្រើន​​ក្នុង​ទីក្រុង al-Bab ដែល​គ្រប់គ្រង​ដោយ​តួកគី​ក្នុង​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ីរី ជាប់​ព្រំដែន​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

សាក្សី​បាន​និយាយ​ថា ​យ៉ាង​ហោចណាស់​មនុស្ស ​៣​នាក់ ​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ក្នុង​ការ​ផ្ទុះ​ជាបន្ត​បន្ទាប់​រួមមាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ីរី​ក្បែរ​ព្រំដែន​ប្រទេស​តួកគី​ នៅ​ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ។​ នេះ ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters។​

បុគ្គលិក​សង្គ្រោះ​ម្នាក់​បាន​និយាយ​ថា ​ជនស៊ីវិល​ម្នាក់​បាន​ស្លាប់​ បន្ទាប់ពី​ជាតិ​ផ្ទុះ​ច្នៃ​បាន​ផ្ទុះ​ក្នុង​រថយន្ត​នៅជិត​ការិយាល័យ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង ​Azaz ​ជិត​ច្រក​ព្រំដែន​សំខាន់​ជាមួយ​ប្រទេស​តួកគី។​

ប៉ូលិស​បាន​និយាយ​ថា ​ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​ផ្សារ​ក្នុង​ទីប្រជុំជន ​al Bab​ បាន​ធ្វើ​ឱ្យ​មនុស្ស​បី​នាក់​រង​របួស ​ហើយ​អ្នក​បំផ្ទុះ​គ្រាប់​បែក ​បាន​ស្លាប់។ ​ប៉ុន្មាន​នាទី​ក្រោយមក​ ​គ្រាប់បែក​អត្តឃាត​មួយ​ទៀត ​ផ្ទុះ​នៅ​រង្វង់​មូលមួយ​ក្នុង​ទីក្រុង ​Afrin ​គឺ​ជា​តំបន់​មាន​ជនជាតិ​ឃឺដភាគ​ច្រើន​ ​ហើយ​ជា​កន្លែងដែល​កង​កម្លាំង​តួកគី​ និង​សម្ព័ន្ធ​មិត្ត​ស៊ីរី​ដណ្តើម​បាន​ពី​កងជីវពល​ឃឺដ​ក្នុង​ឆ្នាំ​២០១៨។​

ទីប្រជុំ​ជន​សំខាន់ៗ​នៅ​តំបន់​ព្រំដែន​ភាគ​ពាយព្យ ​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​អារ៉ាប់​ស៊ីរី ​គាំទ្រ​ដោយ​ប្រទេស​តួកគី​ បាន​រង​ការ​វាយ​ប្រហារ​ជាញឹកញាប់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្នុង​តំបន់​ដែល​មាន​ជនស៊ីវិល​កកកុញ។​

ប្រទេស​តួកគី​និង​ក្រុម​ឧទ្ទាម​សម្ព័ន្ធ​មិត្ត​របស់​ប្រទេស​តួកគី​បាន​និយាយ​ថា ​ការ​បំផ្ទុះ​នេះ​ មាន​គោល​បំណង​រារាំង​ការ​គ្រប់គ្រង​ដែល​មាន​ប្រជាជន​ស៊ីរី​ជាង ​៣​លាន​នាក់​ ដែល​បាន​ភៀសខ្លួន​ចេញ​ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​មួយ​ទសវត្សរ៍​នៅ​ប្រទេស​នេះ។​

ក្រុម​ឧទ្ទាម​អារ៉ាប់​ដែល​គាំទ្រ​ដោយ​ប្រទេស​តួកគី​នៅ ​ទីក្រុង​ Azaz​ និង​ផ្នែក​ផ្សេង​ទៀត​ បាន​ស្តី​បន្ទោស​ការ​បំផ្ទុះ​គ្រាប់​បែក​ពីមុន​ទៅ​លើ​កង​ជីវពល​ឃឺដ​ដែល​គ្រប់គ្រង​តំបន់​មួយ​ចំនួន​នៅ​ភាគ​ពាយព្យ ​និង​កាន់កាប់​តំបន់​នានា​នៃ​ភាគ​ឦសាន​ប្រទេស​ស៊ីរី។​

ផ្ទុយ​ទៅ​វិញ​ កង​ជីវពល​ឃឺដ​បាន​ចោទ​ថា​ ប្រទេស​តួកគី​ សម្លាប់​ជនស៊ីវិល​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ ក្នុង​អំឡុង​សង្រ្គាម​ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បង្ក​នៅ​លើទឹក​ដី​ដែល​កាន់កាប់​ដោយ​កងជីវពល​ឃឺដនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី។ ​ប្រទេស​តួកគី​ចាត់​ទុក​ថា​ កងជីវពល​ឃឺដ​ ជាផ្នែក​មួយ​នៃ​គណបក្ស​ពលករ​ឃឺដ ​ដែល​រដ្ឋាភិបាល​តួកគី​ចាត់​ទុក​ថា​ ​ជាក្រុម​ភេរវករ​ ហើយ​បាន​ធ្វើការ​លុកលុយ​ចូល​ប្រទេស​ស៊ីរី​ដើម្បី​គាំទ្រ​ពួក​ឧទ្ទាម​ស៊ីរី។​

រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា ​រក្សា​វត្តមាន​យោធា​ដ៏​ធំ​នៅ​ក្នុង​តំបន់​នេះ​ ដោយ​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​នៅ​តំបន់​ចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម៕

XS
SM
MD
LG