ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ១៧ នាក់​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​កន្លែង​នៃ​រដ្ឋ Florida សហរដ្ឋ​អាមេរិក


ក្រុម​គ្រួសារ​ជនរងគ្រោះអោបក្រសោបគ្នា​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ Marjory Stoneman Douglas កាលពី​ថ្ងៃទី​១៤ កុម្ភៈ ២០១៨ រដ្ឋ Florida។
ក្រុម​គ្រួសារ​ជនរងគ្រោះអោបក្រសោបគ្នា​ក្នុង​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ Marjory Stoneman Douglas កាលពី​ថ្ងៃទី​១៤ កុម្ភៈ ២០១៨ រដ្ឋ Florida។

ប៉ូលិស​នៅ​តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ Florida បាន​និយាយ​ថា ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយធំ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋ Florida គឺ​កើត​ឡើង​នៅ​ពេល​ដែល​អតីត​សិស្ស​ម្នាក់​បាន​បាញ់​ប្រហារ​នៅ​ខាង​ក្រៅ​វិទ្យាល័យ​មួយ​កន្លែង ហើយ​បន្ទាប់​មក​បាន​បន្ត​បាញ់​ប្រហារ​នៅ​ខាង​ក្នុង​អាគារ​វិទ្យាល័យ​នេះ មុន​ពេល​បន្លំ​ខ្លួន​ជាមួយ​នឹង​ក្រុម​សិស្ស​ដែល​រត់​ចេញ​ពី​វិទ្យាល័យ​នេះ។

អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​បាញ់​ប្រហារ​រូប​នោះ​ថា​មាន​ឈ្មោះ Nikolas Cruz។ គិត​មក​ទល់​នឹង​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អាជ្ញាធរ​បាន​និយាយ​ថា អ្នក​បាញ់​ប្រហារ​រូប​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៧ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស។

អាជ្ញាធរ​មូលដ្ឋាន​គ្រោង​នឹង​ផ្ដល់​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​បាញ់​ប្រហារ​ទៅ​លើ​វិទ្យាល័យ Marjory Stoneman Douglas នៅ​ក្នុង​ទីក្រុង Parkland ស្រុក Broward នេះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង Miami។

អ្នក​បាញ់​ប្រហារ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន។

ប៉ូលិស​ស្រុក Broward រដ្ឋ Forida លោក Scott Israel បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​ថា អ្នក​បាញ់​ប្រហារ​បាន​ប្រើ​កាំភ្លើង​វែង AR-15 ដើម្បី​ធ្វើ​ការ​បាញ់​ប្រហារ​នេះ។

អ្នក​ស៊ើប​អង្កេត​បាន​មើល​ទៅ​លើ​សកម្មភាព​តាម​អ៊ីនធឺណិត​របស់​អ្នក​បាញ់​ប្រហារ​រូប​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ។ លោក Scott Israel បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នេះ​មាន​លក្ខណៈ​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លំអិត​នោះ​ទេ៕

XS
SM
MD
LG