ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍៖ ជនរងគ្រោះ​ពី​ការជួញដូរ​ត្រូវការ​ជំនួយ​ដើម្បី​​ចូល​សហគមន៍​វិញ

  • ហ៊ាន សុជាតា

រូបឯកសារ៖ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នកនេសាទ​ខ្មែរ​ដែល​ត្រូវគេ​ជួញដូរ ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​ ក្រោយពី​មាន​សេរីភាព ឬ រត់​គេច​ពី​ស្ថានភាព​ដូចជា​ទាសករ​នៅ​លើ​ទូក​នេសាទ​ថៃ។

ជនរងគ្រោះ​ដោយសារ​ការជួញដូរ​​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រូវការ​ជាចាំ​បាច់​នូវ​ជំនួយ​សម្រាប់​ពួកគេ​​​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​រស់​នៅវិញ​ប៉ុន្តែ​សេវាកម្ម​របស់​រដ្ឋាភិបាល​ហាក់​មិន​ទាន់​ឆ្លើយ​តប​បាន​នៅឡើយ​ទេ​។

ជនរងគ្រោះ​ដោយសារ​ការជួញដូរដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រូវការ​ជាចាំ​បាច់​នូវ​ជំនួយ​សម្រាប់​ពួកគេ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​រស់​នៅវិញ​ប៉ុន្តែ​សេវាកម្ម​របស់​រដ្ឋាភិបាល​ហាក់​មិន​ទាន់​ឆ្លើយ​តប​បាន​នៅឡើយ​ទេ​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ​Hagar​ ដែល​ជា​អង្គការ​មួយ​ផ្តល់​សេវា​ជួយ​ជនរងគ្រោះ​ទាំង​នោះ​។

សមាហរណកម្ម​ជន​រង​គ្រោះ​សំដៅ​ដល់​ការ​ដាក់​បញ្ចូល​ជនរងគ្រោះ​ទាំង​នោះ​ទៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ ​ឬ​នៅ​ក្នុង​សហគមន៍​ថ្មី​មួយ​ ដែល​ផ្តល់​នូវ​ការ​រស់​នៅថ្មី​ប្រកប​ដោយ​សុខមាលភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួន​និង​ការ​គាំ​ទ្រ​ផ្សេងៗ​ទៀត​ដូច​ជា​ការ​ប្រឹក្សា​ផ្នែក​សុខភាព ​និង​ច្បាប់​ ក៏ដូចជា​ជំនួយ​សេដ្ឋកិច្ច​ផង​ដែរ។​

របាយការណ៍​ដែល​ធ្វើឡើង​នៅ​ចុង​ខែ​សីហា​នេះ​ បញ្ជាក់​ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បុរស​ដែល​ជា​ជន​រង​គ្រោះបុរស​នៃ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ក្រៅ​ប្រទេស​មាន​ការ​កើនឡើង​។ ពួក​គេ​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើការ​នៅ​តាម​ទូក​នេសាទ ​វិស័យ​កសិកម្ម​ ការងារ​សំណង់ ​និង​ការងារ​រោង​ចក្រ​ផង​ដែរ។ ហើយ​ពួក​គេ​តែង​តែ​រង​ការ​រំលោភ​បំពាន ​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ ដែល​ធ្វើ​ឱ្យមាន​ការ​ប៉ះទង្គិច​ស្មារតី​ដល់​ជន​រងគ្រោះ​ទាំង​នោះ។ ហើយ​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​គេមាន​ការពិបាក​ក្នុង​ការ​ត្រឡប់មក​រស់​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ក្នុងសភាព​ប្រក្រតី​វិញ​។

កញ្ញា Kath Day ជា​អ្នក​ស្រាវ​ជ្រាវ​របាយការណ៍​នេះ​របស់​អង្គការ​Hagar ​បាន​ប្រាប់​ VOA ​ខេមរភាសា​ថា​ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​ការ​ជា​ចាំបាច់ ​និង​ជា​បន្ទាន់​នូវជំនួយ​ផ្នែក​ច្បាប់​ វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ​ការ​ថែទាំ​ផ្នែក​សុខភាព​ ព្រម​ទាំង​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពួក​គេ​ផង​ដែរ។ ហើយ​ទាំង​អស់​នេះ ​ជា​ការរួម​ចំណែក​យ៉ាង​សំខាន់​ទៅ​ដល់​ការ​កែប្រែ​ជីវិត​របស់​ជន​រងគ្រោះ​ទាំង​នោះ​ឱ្យកាន់​តែ​ប្រសើរ​ជាង​មុន។

«អ្វី​ដែល​សំខាន់​ចំពោះ​ការ​រកឃើញ​ក្នុង​របាយការណ៍​នេះ​គឺ​សារៈសំខាន់​នៃ​ការ​ធ្វើ​សមាហរណកម្មចូល​មក​ក្នុង​សហគមន៍​ដែលគេ​រស់​នៅ​ និង​ការ​ផ្តល់ជំនួយ​ថែទាំ​ពួកគេ​បន្ទាប់ពី​ត្រឡប់​មក​វិញ។​ ដោយសារ​តែ​ការសិក្សា​ថ្មីៗ​នេះ​បង្ហាញ​ថា​ បុរស​ដែលជា​ជន​រងគ្រោះ​ដោយសារ​ការជួញ​ដូរ​មនុស្ស​ហាក់​ដូច​ជា​មិន​ទទួល​បាន​ជំនួយ​គ្រប់​គ្រាន់​បន្ទាប់​ពី​ការ​ធ្វើ​សមាហរណកម្ម​នៅឡើយ​។ ពួកគេ​ពិតជា​ត្រូវ​ការជា​ចាំ​បាច់​នូវ​ជំនួយ​គាំទ្រ ​និង​ការ​តាម​ដាន​ជា​បន្តបន្ទាប់​»​។​

កាល​ពីឆ្នាំ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ទើប​នឹង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ២០១៤-២០១៨។ ផែនការថ្នាក់​ជាតិ​រយៈពេល​៥ឆ្នាំ​នេះ សង្កត់​ធ្ងន់​ទៅ​លើ​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ការ​លើក​កម្ពស់​ការ​បង្ការ​ និង​ទប់ស្កាត់ ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឱ្យ​ឆ្លើយ​តប​នឹង​បញ្ហា​ជួញដូរ​មនុស្ស​ ព្រម​ទាំងការ​ការពារ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ​។​

ផែនការថ្នាក់​ជាតិ​នេះ ​ជា​យន្តការ​មួយ​ដែល​ជួយ​តម្រង់​ទិស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដូច​ជា​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ ដៃ​គូអភិវឌ្ឍន៍ ​និង​សាធារណជន ​សហការ​គ្នា​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ស្រប​តាម​ទិស​ដៅ​តែ​មួយ​រួម​គ្នា។

ទន្ទឹម​នឹង​ការ​អនុវត្ត​ផែនការ​ជាតិ​អស់រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នេះ រដ្ឋាភិបាល​ក៏​កំពុង​តែ​រៀប​ចំ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​ផង​ដែរ ​ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការជួញ​ដូរ​មនុស្ស​កាន់​តែ​មាន​សក្តានុពលភាព​ជាង​មុន។​

លោក​ស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃ​យ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​ឱ្យដឹង​កាល​ពី​សប្តាហ៍​កន្លង​ទៅថា​ពលករ​ដែល​ជា​ជន​រង​គ្រោះ​មាន​ការ​លំបាក​ប្រឈម​ចំពោះ​ការ​ត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ពេល​ដែល​ចំណាក​ស្រុក​របស់​ពួក​គាត់​ជួប​បញ្ហា​។

«នេះ​គឺ​ជា​បញ្ហា​ដែល​នឹង​អាច​កើត​មាន​ ហើយ​នឹង​បន្ត​កើត​មាន​ចំពោះ​ពលករ​ដែល​ព្យាយាមទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​មិន​ស្រប​ច្បាប់​ដែល​នឹង​អាច​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​រូប​គាត់ ​ក៏ដូច​ជា​គ្រួសារ​គាត់​និង​សហគមន៍​នៅ​ពេល​ដែល​គោល​បំណង​របស់​គាត់​មិន​បាន​សម្រេច ហើយ​ត្រូវ​បាន​គេ​បញ្ចូន​ត្រឡប់​ដោយ​មិន​មាន​លទ្ធផល​អ្វី​នោះ»។

លោក​ស្រី​ ជូ ប៊ុន​អេង​ អះអាង​ពី ​សមត្ថភាព​របស់​រដ្ឋាភិបាល​៖​

«បើ​និយាយ​អំពី​ការជួយ​ជន​រងគ្រោះ​ មាន​ន័យ​ថា​យើង​មិន​គ្រាន់​តែជួយ​គាត់​មកទេ​ ប៉ុន្តែ​យើង​មាន​វិធានការ​អប់រំ​ បណ្តុះបណ្តាល ​ក៏ដូចជា​ផ្តល់​នូវ​ការ​ស្តារ​ឡើង​វិញ​នូវ​នីតិ​សម្បទាន ​នូវ​ការ​ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ ​ក៏ដូចជា​ផ្តល់​ឱកាស​ការងារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស»។

លោក​ស្រី​ ជូ ប៊ុនអេង ​អំពាវនាវ​កុំ​ឲ្យ​មាន​ចំណាក​ស្រុក​ទាំង​លាក់លៀម​ និងទាំង​ប្រថុយ​ប្រថាន​ ​ព្រម​ទាំងសំណូម​ពរឱ្យមាន​ការ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា​មុន​ពេល​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​។

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​មើល​ឃើញ​ថា​ ការ​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​ទាំង​នោះ​ នៅ​មាន​កម្រិត​នៅ​ឡើយ​។

អ្នកស្រី​ឆន សុគន្ធា ​ប្រធាន​ផ្នែក​ស្រ្តី​និង​កុមារ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទទួល​ស្គាល់​ថា​ពិតជា​មាន​ការ​ជួយ​សម្រួលពី​ស្ថាន​ទូត​ ឬ​ស្ថានកុងស៊ុល​នៅពេល​ទទួល​ជន​រង​គ្រោះ​ពិតមែន។​ ក៏​ប៉ុន្តែ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ សង្កេត​ឃើញ​ថា​មិនមាន​ឡើយ​នូវ​ការ​អន្តរាគមន៍​ស៊ីជម្រៅ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ ក្រោយ​ពេលជន​រងគ្រោះ​ត្រឡប់​មកវិញ​ដែល​នេះ​អាច​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​នោះត្រឡប់​ទៅ​ក្រៅ​ប្រទេស​នៅ​ពេល​ក្រោយ​ទៀត។​

«ឧទាហរណ៍​ថា​ពេល​គាត់​ត្រឡប់​មក​វិញ​ គាត់​មាន​បញ្ហា​សុខភាព​ វិបល្លាសន៍​ស្មារតី​ ការ​ធ្វើ​ទារុណកម្ម។ នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​អ្វី​កើត​ឡើង​គឺ​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ប៉ុន្តែ​ជាក់​ស្តែង​យើង​ឃើញ​ថា​នៅ​ពេល​ដែល​ជន​រង​គ្រោះ​មាន​បញ្ហា​អ្វី​កើត​ឡើង​ ឬ​ក៏​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​ស្រុក​ក្រៅ​វិញ ​យើង​មិន​ដែល​ឃើញ​ថា​ខាង​រាជរដ្ឋាភិបាល ​ឬ​ក៏​អាជ្ញាធរ​ពាក់ព័ន្ធ​គាត់យកចិត្តទុកដាក់ក្នុង​ការ​ជួយ​ជនរងគ្រោះ​ទេ​។ ចឹង​អាច​បន្ទុក​នៃ​ភាព​ក្រីក្រ​វា​កាន់​តែ​កើន​ឡើង​ អត់​មាន​សម្រាល​ឱ្យ​ធូរ​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​នៅមាន​លទ្ធភាព​តិច​តួច​ក្នុង​ការជួយ​ជន​រង​គ្រោះ​ទាំង​នោះ​នៅ​ឡើយ​។​

«ចំពោះ​អង្គការ​ក្រៅរដ្ឋាភិបាល​ក៏​យើង​ឃើញ​ថា​ការជួយ​ជន​រងគ្រោះទាំង​នោះ​ ក៏​បាន​ត្រឹម​តែ​មួយ​ចំណែក​ដែរ​មិនបាន​ទាំង​អស់​ទេ។ ចំណែក​ឯ​ នៅពេល​ដែល​គាត់​ធ្វើ​សមាហរណកម្ម​ត្រឡប់​មក​វិញ​ ក៏​ខាង​អង្គការ​ក៏​មិន​ទាន់​មាន​លទ្ធភាព​ ជួយ​គាត់​រហូត​ដល់​ធ្វើ​ម៉េច​ឱ្យដល់​ត្រូវ​បង្រៀន​គាត់ ​គាត់​ខ្វះអ្វី​ ត្រូវ​ការ​ស្វែង​រកការងារ​ឱ្យ​គាត់​ក៏អត់ទាន់​មាន​អង្គការ​ណាជួយ​ដែរ»។

នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​ដៃ​គូ​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ក្រោម​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ហៅ​កាត់​ថា​CTIP ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ USAID​។ គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​ប្រទេស​គោល​ដៅ​មួយ​ចំនួន​ ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព ​លើក​កម្ពស់​ឱកាស​ការងារ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រឡប់​មក​វិញ ព្រមទាំង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ជំនាញ​ក្នុង​ស្រុក​ដើម្បី​ទប់​ស្កាត់​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន៕

XS
SM
MD
LG