ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍៖ ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​កុមារ​កំពុង​ថយ​ចុះ


កេ្មងស្រី​ដែលជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កាន់​បណា​ដែល​សរសេរថា«‍បិទ​ផ្ទះបន»​នៅ​ក្នុង​សាល​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី៤ ខែ​មិថុនា ឆ្នាំ២០០៨។ (រូបថត៖ AP/ហេង ស៊ីនិត)

កាលពី​ថ្ងៃ​ច័ន្ទ ទី៨ ខែ​មិថុនា​កន្លង​ទៅ​នេះ ​ការ​ស្រាវជ្រាវ​ជា​ទូទៅ​មួយ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ជា​កុមារ​នៅ​កម្ពុជា​កំពុង​ថយ​ចុះ។

ការ​ស្រាវជ្រាវ​ជាទូទៅ​របស់​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ ឬ International Justice Mission (IJM) ដែល​ជា​អង្គការ​មួយ​ដែល​ស៊ើប​អង្កេត​អំពី​ស្ថានភាព​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​កុមារ​កម្ពុជា​ អាយុ​ចាប់​ពី​១៧​ឆ្នាំ​ចុះ​ក្រោម ដែល​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី​៨,៦ភាគរយ​នៅ​ឆ្នាំ២០១២ មក​ត្រឹម​២,២ភាគរយ​មក​ត្រឹម​ខែ​មិនា ឆ្នាំ២០១៥​នេះ។

លោក​ស្រី Holly Burkhalter នាយិការង​ទទួល​បន្ទុក​ខាង​រដ្ឋាភិបាល និង​ការ​គាំពារ​មតិ​នៃ IJM បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា ‍ស្ថានភាព​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​មាន​ភាព​ប្រសើរ​ឡើង​ជា​មុន​ខ្លាំង បើ​ទោះ​បី​ជា​ភាព​ភ័យ​ខ្លាច​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​តែ​កើត​មាន​ឡើង​ក្តី។

«ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​គោលដៅ​ទី១​នៅ​ក្នុង​ពិភព​លោក ដែល​កុមារ​ត្រូវ​បាន​ជួញដូរ​ខាង​ផ្លូវ​ភេទ​តទៅ​ទៀត​ឡើយ‍»។

ការ​ស្រាវជ្រាវ​នេះ​ចង្អុល​បង្ហាញ​ថា សេវា​ពេស្យាកម្ម​នៅ​តែ​កើត​មាន​ឡើង​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សេវា​ពេស្យាកម្ម​នៅ​ក្នុង​តំបន់​ទាំង​នេះ​បាន​ថយ​ចុះ ជា​ពិសេស​ការ​រំលោភ​បំពាន​ខាង​ផ្លូវ​ភេទ​លើ​កុមារ។

ក៏​ប៉ុន្តែ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​សម្រាប់​សេវា​ពេស្សាកម្ម​នៅ​កើត​មាន​ដដែល​នៅ​ទីក្រុង​ភ្នំពេញ បើ​ធៀប​នឹង​ខេត្ត​សៀមរាប និង​ក្រុង​ព្រះសីហនុ។ ទោះ​ជា​យ៉ាង​ណា​ក្តី ការ​ស្រាវជ្រាវ​នេះ​រកឃើញ​ថា ចំនួន​កុមារ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ថយ​ចុះ​ចំនួន​៦៦ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ២០១២ និង​ឆ្នាំ២០១៥​នៅ​ទីក្រុង​ភ្នំពេញ​នេះ។

យ៉ាង​ណា​មិញ អ្នក​គាំពារ​មតិ​ផ្សេង​ទៀត បាន​ក្រើន​រំឭក​ថា ការណ៍​ដែល​ចំនួន​កុមារ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ផ្លូវ​ភេទ​បាន​ថយ​ចុះ​នេះ​មិន​មែន​មាន​ន័យ​ថា ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​របស់​កុមារ​នឹង​ថយ​ចុះ​នោះ​ទេ។ លោក Donald Brewster ស្ថាបនិក​នៃ​អង្គការ​បេសកកម្ម​អន្តរជាតិ Agape ដែល​ធ្វើ​ការ​ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​ទស្សនៈ​ឲ្យ​កាសែត the Washington Post កាល​ពី​ខែ​មុន​នេះ​ថា វា​ឆាប់​ពេក​ក្នុង​ការ​ប្រកាស​ថា​បេសកកម្ម​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​នោះ។

លោក​ថា៖ ‍«ការ​ជួញដូរ​កុមារី​តូចៗ​ឲ្យ​ពួក​បរទេស​ក្នុង​តម្លៃ​រាប់ពាន់​ដុល្លារ​នេះ​នៅ​តែ​កើត​មាន​ដដែល បើ​ទោះ​បី​ជា​ស្ថានភាព​នេះ​បាន​ផ្លាស់​ប្តូរ​ក្តី បើ​ធៀប​កាល​ពី១០ឆ្នាំ​មុន»។

លោក Brewster បាន​សរសេរ​បន្ថែម​ថា៖ «‍នៅ​ស្វាយប៉ាក​សព្វថ្ងៃ​នេះ យើង​ឃើញ​ថា​គ្មាន​ផ្ទះបន​ដែល​កុមារ​ត្រូវ​បាន​គេ​បង្គាប់​ឲ្យ​ឈរ​បក់​ដៃ​ហៅ​ភ្ញៀវ​ទៀត​ទេ។ ការណ៍​ជួញ​ដូរ​កុមារ​សម្រាប់​សេវា​ពេស្យាកម្ម​ក្នុង​រូបភាព​បែប​នេះ​មិន​មាន​ទៀត​ទេ។ ក៏​ប៉ុន្តែ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​ក្នុង​រូបភាព​លាក់​បាំង​កំពុង​តែ​រីក​រាលដាល»។

លោកស្រី Burkhalter បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា លោក​ស្រី​យល់​ស្រប​ជាមួយ​នឹង​ការ​លើក​ឡើង​នេះ​របស់​លោក Brewster។

«‍យើង​ដឹង​ថា​បញ្ហា​នៅ​តែ​មាន។ ក៏​ប៉ុន្តែ ភាព​ដែល​ខុស​ប្លែក​ពី​មុន​នោះ​គឺ​ថា ការ​ជួញ​ដូរ​នេះ​វា​មិន​មាន​ស្ថានភាព​បើក​ចំហរ​ដូច​មុន ដូច​យើង​ចង់​ទិញ​ឆ័ត្រ​នៅ​តាម​ដង​ផ្លូវ​ពេល​ណា​ក៏​បាន​នោះ​ទេ។ រឿង​បែប​នេះ​វា​បាន​ចប់​ហើយ»។

លោក អេង សេងអ៊ីវ អគ្គនាយក​អង្គការ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជួយ​ដូរ​កុមារ ឬ​ហៅ​កាត់​ថា Cambodia ACTs បាន​ឲ្យ​ដឹង​ថា តាម​បរិបទ​កម្ពុជា​សព្វថ្ងៃ​នេះ ការ​កំណត់​ពី​វិសាលភាព​នៃ​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​មាន​ការ​ពិបាក។

«‍វា​លំបាក​ដែរ​ក្នុង​ការ​ធ្វើ​សន្និដ្ឋាន​ថា តើ​ករណី​ជួញ​ដូរ​កុមារ​មាន​ការ​កើន ឬ​ក៏​ថយ​ចុះ ដោយ​សារ​តែ​មូល​ហេតុ​សំខាន់​នោះ គឺ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​ទិន្នន័យ​ថ្នាក់​ជាតិ​ណា​មួយ ដែល​យើង​គិត​ថា​អាច​ប្រើប្រាស់​បាន»។

លោក សេង​អ៊ីវ យល់​ថា ទោះ​ជា​យ៉ាង​ណា​ក្តី សេវាកម្ម​ផ្លូវ​ភេទ​នេះ​នៅ​តែ​កើត​មាន​ឡើង ជា​ពិសេស​ក្នុង​រូបភាព​កំសាន្ត​ផ្សេងៗ។

«‍សេវាកម្ម​បម្រើ​ផ្លូវ​ភេទ​នេះ​គឺពិត​ជា​នៅ​បន្ត​មាន តាមរយៈ​រូបភាព​បិទបាំង។ មាន​ន័យ​ថា ពួក​គាត់​អាច​ស្វែងរក​សេវា​បែប​នេះ​នៅ​តាម​កន្លែង​ដែល​មាន​សេវា​កំសាន្ត​ផ្សេងៗ ដែល​រាប់​បញ្ចូល​ទាំង ការ៉ាអូខេ ហាង​ស្រាបៀរ៍ ឬ​ក៏​កន្លែង​ម៉ាស្សា​ជាដើម»។

លោក សេក សុផល អ្នក​គ្របគ្រង​គម្រោង​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការ​ការពារ​សិទ្ធិ​កុមារ (Cambodian Center for the Protection of Children's Rights) ក៏​ទទួល​ស្គាល់​ថា រូបភាព​នៃ​ការ​ជួញ​ដូរ​កុមារ​សម្រាប់​សេវា​ពេស្យាកម្ម​បាន​ផ្លាស់​ប្តូរ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ជា​បន្តបន្ទាប់​មក។

«‍ការ​ជួញ​ដូរ ឬ​ការ​កេង​ប្រវ័ញ្ច​ទៅ​លើ​កម្លាំង​ពលកម្ម​កុមារ ឬ​ក៏​ផ្លូវ​ភេទ​កុមារ​នេះ​ គឺ​ថា មាន​លក្ខណៈ​ហាក់​បី​ដូច​ជា​អាថ៌កំបាំង ហើយ​មិន​បញ្ចេញ​អ្វី​ច្រើន​គួរ​ឲ្យ​យើង​ចាប់​អារម្មណ៍​នោះ​ទេ»។

លោក​ស្រី Burkhalter ថា រូបភាព​នៃ​«ការ​ជួញដូរ​កុមារ​បែប​លាក់​បាំង‍»​ទាំង​នេះ មាន​ន័យ​ថា ជន​ឧក្រិដ្ឋ​មាន​ការ​ពិបាក​ក្នុង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ ហើយ​មិន​អាច​រកស៊ី​បែប​នេះ​ដោយ​បើក​ចំហរ​បាន​ទេ ដែល​នេះ​មាន​ន័យ​ថា វា​ជា​រឿង​ល្អ​មួយ។ ក៏​ប៉ុន្តែ លោកស្រី បាន​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​កំណត់​នៃ​វិសាលភាព​នៃ​ការ​ជួញ​ដូរ​កុមារ​ក្នុង​រូបភាព​លាក់​បាំង​នេះ​ឡើយ​ទេ ដោយ​សារ​គ្មាន​ភ័ស្តុតាង​ជាក់​ស្តែង។

«តើ​ការ​សាប​រលាប​នៃ​រូបភាព​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​ដោយ​បើក​ចំហរ​នេះ​មាន​ន័យ​ថា ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ទាំង​អស់​សុទ្ធតែ​កើត​មាន​ឡើង​ក្នុង​រូបភាព​លាក់​បាំង​មែន​ទេ? វា​មិន​មែន​មាន​ន័យ​ដូច្នេះ​ទេ។ បើ​គ្មាន​ភ័ស្តុតាង យើង​មិន​អាច​កំណត់​លើ​បញ្ហា​នេះ​បាន​ទេ។

ការ​ស្រាវជ្រាវ​លើ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​ឆ្នាំ២០១៥ បាន​លើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​រវាង​ស្ថាប័ន​ប៉ូលិស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ពី​មុន​មិន​សូវ​សកម្ម​ក្នុង​ការ​ចាត់​វិធានការ​លើ​បញ្ហា​នេះ ជាមួយ​នឹង​អង្គការ​អន្តរជាតិ និង​ជាតិ​ជា​ច្រើន​ក្នុង​ការ​ខិតខំ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ។

លោក​ស្រី Burkhalter បាន​បញ្ជាក់​ថា គោល​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​អាមេរិក រួម​ទាំង​ប្រទេស​ជា​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​ក៏​បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​នេះ។

«‍កម្ពុជា​មិន​ចង់​មាន​ឈ្មោះ​ជា​ប្រទេស​ដែល​ជន​បរទេស​អាច​ទិញ​កុមារ​តូចៗ​ទេ។ ហើយ​ក្រុម​ការងារ​របស់​យើង ក៏​ដូច​ជា​អង្គការ​ជា​ដៃគូ​បាន​រក​ឃើញ​បែប​នេះ​មែន។ រដ្ឋាភិបាល​កម្ពុជា​បាន​អាម៉ាស់​មុខ ដោយ​សារ​តែ​បញ្ហា​នេះ ហើយ​ចង់​បញ្ឈប់​បញ្ហា​នេះ។ ហើយ​ពួកគេ​ពិត​ជា​ធ្វើ​កិច្ចការ​ទប់ស្កាត់​នេះ​បាន​ច្រើន​មែន»។

ប្រទេស​កម្ពុជា​នៅ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​លេខ2 នៃ​ការិយាល័យ​ឃ្លាំ​មើល​ការ​ជួយ​ដូរ​មនុស្ស បើ​យោង​តាម​របាយការណ៍​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក។ លោក​ស្រី Burkhalter ថា បើ​កម្ពុជា​នៅ​តែ​ឋិត​ក្នុង​ចំណាត់​ការ​នេះ កម្ពុជា​អាច​នឹង​បាត់បង់​មូលនិធិ​ឧបត្ថម្ភ​ពី​សហរដ្ឋអាមេរិក៕

XS
SM
MD
LG