កងទ័ពជើងទឹកថៃបាននិយាយថា ពួកគេបានរកឃើញអ្នកនៅរស់ម្នាក់និងបានស្រង់សាកសពមនុស្សប្រាំនាក់ពីនាវាចម្បាំងថៃមួយគ្រឿងដែលបានលិចកាលពីចុងសប្តាហ៍ក្នុងឈូងសមុទ្រថៃ។
ប៉ុន្តែសេចក្តីសង្ឃឹមបានរសាយសម្រាប់មនុស្ស២៤នាក់ដែលនៅតែបាត់ខ្លួន ដោយពួកមន្ត្រីបានទទួលស្គាល់ថា គ្មានអាវពាក់សម្រាប់បណ្តែតខ្លួនឱ្យរស់ជីវិតគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់ដែលបានស្ថិតលើកប៉ាល់នោះទេ។
នាវាឈ្មោះ HTMS Sukhothai ជានាវាចម្បាំងប្រភេទ corvette មួយបម្រើការ៣៥ឆ្នាំមកហើយ បានលិចកាលពីយប់ថ្ងៃអាទិត្យដោយមានមនុស្ស១០៥នាក់ជិះក្នុងនោះ។ រហូតមកដល់ពេលនេះ មនុស្ស៧៦នាក់ត្រូវបានជួយសង្គ្រោះដោយនៅរស់ ៥នាក់ត្រូវរកឃើញថាស្លាប់ ហើយមានជន២៤នាក់ទៀតនៅបាត់ខ្លួននៅឡើយ។
នាវានិងយន្តហោះបានត្រូវបញ្ជូនក្នុងការប្រឹងប្រែងជួយសង្គ្រោះនេះក្នុងផ្ទៃសមុទ្រមានរលកធំៗ។ នាយទាហានជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹកថៃនិយាយថា ការប្រឹងប្រែងស្វែងរកអ្នកនៅរស់ត្រូវបានពន្លឿន តែគេមិនរំពឹងថាពួកជនបាត់ខ្លួនអាចនៅរស់ក្នុងសមុទ្របានលើសពីពីរថ្ងៃទេ៕