ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​បង្ហាញ​ថា ពលរដ្ឋ​ថៃ​ភាគ​ច្រើន​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់


រូបឯកសារ៖ ពលរដ្ឋ​ថៃ​ម្នាក់កំពុង​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​មួយ​ក្នុង​ទីក្រុង​បាងកកង ប្រទេស​ថៃ ក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៤។
រូបឯកសារ៖ ពលរដ្ឋ​ថៃ​ម្នាក់កំពុង​បោះឆ្នោត​នៅ​មណ្ឌលបោះឆ្នោត​មួយ​ក្នុង​ទីក្រុង​បាងកកង ប្រទេស​ថៃ ក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៤។

ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​ថា ពលរដ្ឋ​ថៃ​ជាង ៦០% ចង់​ឱ្យ​រដ្ឋាភិបាល​រំលាយ​សភា​និង​រៀបចំ​ការ​បោះឆ្នោត​មុន​កាល​កំណត់ ស្រប​ពេល​ដែល​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​កំពុង​ពិចារណា​អំពី​អនាគត​របស់​លោក Prayuth Chan-ocha ដែល​ត្រូវ​បាន​ផ្អាក​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Prayuth អាយុ ៦៨ ឆ្នាំ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ផ្អាក​ពី​តំណែង​កាលពី​ខែ​មុន​ដើម្បី​ពិចារណា​លើ​ញត្តិ​ទាមទារ​របស់​គណបក្ស Pheu Thai ដែល​ជា​គណបក្ស​ចម្បង​បំផុត ដែល​បាន​អះអាង​ថា រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​លោក Prayuth ជា​ប្រមុខ​ដឹកនាំ​របប​យោធា​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ គួរតែ​រាប់​បញ្ចូល​ទៅ​ក្នុង​រយៈពេល​កាន់​តំណែង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​ចំនួន ៨ ឆ្នាំ​ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។

បន្ទាប់ពី​លោក Prayuth ត្រូវ​បាន​ផ្អាក​ពី​តំណែង លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ ហើយ​លោក Prayuth ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

ការ​ស្ទង់​មតិ​លើ​ពលរដ្ឋ​ថៃ​ចំនួន ១.៣១២ នាក់​ដែល​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍ (National Institute of Development Administration (NIDA)) បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ បាន​រក​ឃើញ​ថា អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន ៦៣,៨០% បាន​យល់ស្រប​យ៉ាង​ខ្លាំង​ថា លោក Prawit គួរតែ​រំលាយ​សភា​និង​រៀបចំ​ការ​បោះឆ្នោត​មុន​កាល​កំណត់។ ចំណែក​ឯ​អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ចំនួន ១៣,៩៥% វិញ ជំទាស់​ខ្លាំងក្លា​ចំពោះ​ការ​ធ្វើ​ដូច្នេះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្នើ​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​រក​ឃើញ​នៃ​ការ​ស្ទង់​មតិ​នេះ​ទេ។

បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ឆ្នាំ ២០២៣ ខាង​មុខ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​អាច​ធ្វើ​ឡើង​មុន​កាល​កំណត់ ប្រសិនបើ​មាន​ការ​រំលាយ​សភា៕

XS
SM
MD
LG