ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​លោក​កឹម សុខា ​សុំ​ឲ្យ​អាមេរិក​បង្កើន​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​​លោក​ហ៊ុន សែន


កញ្ញា​ កឹម មនោវិទ្យា ចូលរួមជាវាគ្មិនម្នាក់ដែលបានថ្លែងអំពីស្ថានភាពនយោបាយនៅកម្ពុជា ​ចំពោះ​មុខ​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​។
កញ្ញា​ កឹម មនោវិទ្យា ចូលរួមជាវាគ្មិនម្នាក់ដែលបានថ្លែងអំពីស្ថានភាពនយោបាយនៅកម្ពុជា ​ចំពោះ​មុខ​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​។

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ចុង​ក្រោយ​ កញ្ញា​ កឹម មនោវិទ្យា ​ដែល​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​បន្ថែម​ថា​ ​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ធំ​មួយ​ក្នុង​ការ​ជួយ​ប្រាប់​ពិភពលោក​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ ទោះ​ប្រទេស​នេះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​យ៉ាង​ណា​​ក្តី។

កញ្ញា​ កឹម មនោវិទ្យា​ កូនស្រី​ច្បង​របស់​លោក​ កឹម សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ បង្កើន​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​ឡើង​វិញ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ដោយ​អំណាច​តុលាការ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ទាក់ទិន​នឹង​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ឡើង​ចំពោះ​មុខ​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ កញ្ញា​ កឹម មនោវិទ្យា​ ​អគ្គនាយក​រង​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​ ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពណ៌នា​អំពី​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​នយោបាយ​នៅ​កម្ពុជា។

កញ្ញា​បាន​លើក​ឡើង​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ​និង​ការចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ គឺ​លោក​ កឹម សុខា​ ទាំង​យប់​កណ្តាល​អាធ្រាត ខណៈ​ដែល​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា ការ​រារាំង​មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់ធ្វើ​នយោបាយ​និង​ការ​ដក​ចេញ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​ ​៥.០០០​ ​នាក់​ដែល​បាន​ជាប់​ឆ្នោត​ ហើយ​និង​ការ​បង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ ​អង្គការ​សង្គមស៊ីវិល​ ​និង​ជា​ពិសេស​នោះ​គឺ​ការ​ធ្វើ​ឃាត​លោក​ កែម ឡី​ អ្នក​វិភាគ​នយោបាយ​ដ៏​លេច​ធ្លោ​មួយ​រូប។

កញ្ញា ​កឹម​ មនោវិទ្យា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​វិធានការ​ផ្សេងៗ ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កាល​ពី​ពេល​កន្លង​មក​ដើម្បី​ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ តែ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ងាក​មក​រក​គន្លង​ត្រឹមត្រូវ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​នោះ​ កញ្ញា ​មនោវិទ្យា​ ​បាន​ស្នើ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ដាក់ពេលកំណត់​មួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីទាញ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​វិល​មក​រក​ភាព​ដើម​ឡើង​វិញ។

កញ្ញា​ កឹម មនោវិទ្យា ​ដែល​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​មន្ត្រី​របស់​អាមេរិក​បាន​ថ្លែង​យ៉ាងដូច្នេះ៖​

«វា​សំខាន់​ខ្លាំង​ណាស់​ដែល​ត្រូវ​ដាក់​ពេល​កំណត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាញ​ស្ថានការណ៍​ឲ្យ​ទៅ​រក​ភាព​ដើម​វិញ​ឲ្យបាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ ខ្ញុំ​ជឿ​ថាសហរដ្ឋ​អាមេរិក​ត្រូវ​ចាត់​វិធានការ​បន្ថែម​ទៀត»។

មន្ត្រី​របស់​គណបក្ស​ប្រឆាំង​រូប​នេះ ​បាន​លើក​ឡើង​អំពី​វិធានការ​បន្ថែម​ទៀត​ ដែល​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

វិធានការ​ទាំង​នោះ​រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​ ការ​ព្យួរ​រាល់​ជំនួយ​ដល់​ចំណុច​ស្នូល​នៃ​រដ្ឋាភិបាលកម្ពុជា​ ​ក្នុង​នោះ​មាន​ជំនួយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​ ​ការ​បន្ត​ជួយ​កម្មវិធី​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដល់​សង្គម​ស៊ីវិល​ ជា​ពិសេស​គឺ​ ក្រុមដែល​មាន​សកម្មភាព​ក្នុង​កិច្ចការ​បោះឆ្នោត​ ​ការ​ពិនិត្យ​មើលលក្ខណៈ​សម្បត្តិ​នៃ​ការ​ទទួល​បាន​ ​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ ហៅ​កាត់​ថា​ GSP​ ការ​សម្របសម្រួល​ប្រទេស​ដែល​មាន​ទឹក​ចិត្ត​ដូចគ្នា​ដូចជា ប្រទេស​ជប៉ុន​ សហភាព​អឺរ៉ុប​ អូស្រា្តលី​ និង​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួក​គេ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទាញ​ស្ថានការណ៍​ឲ្យ​មក​រក​ភាពដើម​វិញ​ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ពិនិត្យ​រាល់​ការ​រំលោភ​ដោយ​រដ្ឋាភិបាល​កម្ពុជា​លើ​កិច្ច​ព្រមព្រៀង​នេះ​ និង​លើក​ជា​អនុសាសន៍​ឲ្យ​មាន​ការ​ឆ្លើយ​តប​រួម​ជា​លក្ខណៈ​សាកល​ចំពោះ​ការ​វាយប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​កិច្ច​ព្រមព្រៀង​នេះ។

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ចុង​ក្រោយ​ កញ្ញា​ កឹម មនោវិទ្យា ​ដែល​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ ថ្លែង​បន្ថែម​ថា​ ​សហរដ្ឋ​អាមេរិក​មាន​តួនាទី​ធំ​មួយ​ក្នុង​ការ​ជួយ​ប្រាប់​ពិភពលោក​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ ទោះ​ប្រទេស​នេះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​យ៉ាង​ណាក្តី។

«មាន​លទ្ធភាព​ច្រើន​ណាស់​ដើម្បី​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​វា​អាចកើត​ឡើង​ឆាប់ៗ​នេះ។ សហរដ្ឋ​អាមេរិក​នឹង​មាន​តួនាទី​ធំ​មួយ​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​ប្រាប់​អំពី​រឿងរ៉ាវ​មួយដែល​មាន​លក្ខណៈជំរុញ​ទឹកចិត្ត​ ទៅ​ពិភពលោក​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​បន្ត​កើត​មាន»។

កាល​ពី​ដើមខែ​ធ្នូ​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​សម្រេច​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​គោលជំហរ​របស់​សេតវិមាន​របស់​ប្រធានាធិបតី​អាមេរិក ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ថា​ អាមេរិក​នឹង​ចាត់​វិធានការ​ជាក់លាក់​ ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ការ​រីក​ចម្រើន​ខាង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ Kenneth Wollack​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា​ NDI​ ដែល​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ថ្លែង​ប្រាប់​លោក​ Ted Yoho​ ប្រធាន​អនុគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋ​អាមេរិក​ថា​ បើ​គិត​ចាប់​តាំង​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក ប្រទេស​កម្ពុជា​ ​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បី​លើក​រួច​មក​ហើយ។

រូបឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​កម្ពុជា ​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូបឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​កម្ពុជា ​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លោក​បាន​រៀបរាប់​ថា​ រដ្ឋប្រហារ​លើក​ទី​មួយ​បាន​កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ​១៩៩៣​ ដែល​រៀបចំដោយ​អង្គការ​សហរដ្ឋប្រជាជាតិ។​ ​នាគ្រា​នោះ​ ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ ​ហ៊ុន សែន​ ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោត​ និង​បាន​ចោទថា​ ជាការ​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​ ​មាន​ពាក្យចចាម​អារ៉ាម​ជាច្រើន​បាន​កើត​ឡើង​អំពីការ​បង្កើត​តំបន់​អប្បគមន៍​ ដែល​ធ្វើ​ឲ្យ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ​នរោត្តម​ សីហនុ​ ចូលអន្តរាគមន៍។

លោក Wollack​ បាន​បន្ត​ថា​ រដ្ឋប្រហារ​លើក​ទី​ពីរ​ បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ គឺ​នៅ​ពេល​ដែល​លោក​ ​ហ៊ុន សែន​ ​បាន​ផ្តួល​រំលំដៃគូ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​យ៉ាង​ឃោរឃៅ គឺ​ព្រះ​អង្គម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​រត់​ពន្ធ​អាវុធ​ចូល​ក្នុង​ប្រទេស​ ហើយ​រដ្ឋប្រហារ​លើក​ទីបី​នេះ​ គឺ​ការ​រំសាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧។​ លោក​បាន​អះ​អាង​ថា​ សកម្មភាព​ចុងក្រោយ​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ធ្វើ​ គឺ​ក្នុង​បុព្វហេតុ​រក្សា​អំណាច​របស់​ខ្លួន។​ លោក​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​បាន​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​រង្វង់​គោចរ​របស់​ចិន​ ​ដែល​បាន​មើល​រំលង​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

​ប្រធាន​អង្គការ NDI រូប​នេះ​ថ្លែង​ក្នុងអំឡុង​សក្ខីកម្ម​នេះ​ថា៖

«សកម្មភាព​រដ្ឋាភិបាល​ គឺ​ច្បាស់​ណាស់​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​រក្សា​គណបក្ស​គ្រប់គ្រង​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​អំណាច។ ពួកគេ​បាន​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុងរង្វង់​គោចររបស់​ចិន​យ៉ាង​រឹងមាំ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បាន​ថោ្កលទោស​យ៉ាង​ទូលំទូលាយ​ដោយ​សហគមន៍​អន្តរជាតិ​ សម្រាប់​វិធានការណ៍​គាប​សង្គត់​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ។​ ប្រទេស​ចិន​បាន​ផ្តល់​ការ​គាំទ្រ​ភ្លាមៗ​ ដោយ​មិន​អើពើ​នឹង​ខ​ទាំង​ឡាយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ដែល​ប្រទេស​នេះ​ជា​ហត្ថលេខី»។

​ដូចគ្នា​នឹង​ការ​ទាមទារ​របស់​កញ្ញា​ កឹម មនោវិទ្យា​ លោក​ Kenneth Wollack​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ NDI​ បាន​ថ្លែង​ទទួលស្គាល់​ការ​បញ្ឈប់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ និង​ការ​រឹត​បន្តឹង​ទិដ្ឋាការលើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឲ្យខូច​ដំណើរ​ប្រជាធិបតេយ្យ​ មិន​ឲ្យ​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក។ មេដឹកនាំ​ស្ថាប័ន​លើក​ស្ទួយ​ប្រជាធិបតេយ្យ​រូប​នេះ​ ក៏បាន​ស្នើ​ឲ្យ​អាមេរិក​មាន​វិធានការ​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​មានការ​ដក​ចេញ​ ឬ​ព្យួរ​រាល់​ជំនួយ​ទាំងអស់​ លើកលែង​តែ​ជំនួយ​មនុស្សធម៌​ដល់កម្ពុជា។

យ៉ាង​ណា​មិញ​ ក្រុម​សមាជិក​សភា​អាមេរិក​ ដែល​បាន​ចូលរួម​ក្នុង​សវនាការ​ផ្តល់​សក្ខីកម្ម​របស់​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​អាមេរិក​ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ តើ​អាមេរិក​អាច​នឹង​មានវិធានការ​បែប​ណា​ បន្ត​ទៀត​នោះ​ឡើយ។ ប៉ុន្តែ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក​ Dana Rohrabacher បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល​ និង​ក្រុមហ៊ុន​សាជីវកម្ម​ ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹងលោក​ ហ៊ុន សែន​ ហើយ​បាន​ទាញផលប្រយោជន៍​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​របប​លោក​ ហ៊ុន សែន។

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ទោះ​បី​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​កំពុង​ធ្វើចលនា​ពី​ក្រៅ​ប្រទេស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កាន់​លទ្ធិ​ប្រជាធិបតេយ្យបន្ថែម​គំនាប​ខាង​សេដ្ឋកិច្ច​ និង​សង្គម​មក​លើ​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ក្តី​ ក៏​គេ​សង្កេត​ឃើញ​នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​ មិន​សូវ​ចាប់​អារម្មណ៍​នឹង​ចលនា​នេះ​ទេ​ ហើយ​ថែម​ទាំង​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​រាល់​ជំនួយ​មក​ពលរដ្ឋ​កម្ពុជា​ថែម​ទៀត​ផង។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សកម្មភាព​របស់​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិន​អាច​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​នោះ​ឡើយ។​ លោក​បញ្ជាក់​ថា៖

«ខ្ញុំ​យល់​ថា កម្ពុជា​ដើរ​លើ​ផ្លូវ​ដែល​យល់​ឃើញ​ថា​ ជា​ការ​ត្រឹមត្រូវ​ នៅ​ក្នុង​ក្របខណ្ឌ​នៃ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា។​ ដូច្នេះ​រាល់​បញ្ហា​ណា​ដែល​បង្គាប់​បញ្ជា​ឲ្យ​កម្ពុជា​ដោះ​ វា​អាច​ធ្វើ​តាម​ទេ​បាទ»។

នៅ​ពេល​ដែល​ VOA​ សួរ​លោក​អំពី​ក្តី​បារម្ភ​ចំពោះ​វិធានការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​មក​លើ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សុខ ឥសាន​ បាន​បញ្ជាក់​ថា​ ​សហគមន៍​អន្តរជាតិ​នឹង​មិន​ចង​កំហឹង​លើ​បុគ្គល​ម្នាក់​ ឬ​ក្រុម​ណាមួយ​ ហើយ​បង្ក​ភាព​ច្របូកច្របល់​ដែលអំពល់​ទុក្ខ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់នោះ​ទេ។

«ខ្ញុំ​ជឿ​ថា​ យើង​មិន​ជឿ​ថា​ បរទេស​យក​មនុស្ស​ ឬ​មួយ​ក្រុម យក​មក​ដូរ​ជាមួយនឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​១៥​លាន​នាក់​ទេ​ បាទ។ អាហ្នឹង​ បើ​កាល​ណាធ្វើ​យ៉ាង​ដូច្នោះ​ហើយ​ វា​មើល​ឃើញ​កាន់​តែ​ច្បាស់​ហើយ​អំពី​មហិច្ឆតា​ ពី​ខាង​ក្រៅ​ដែល​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ ហើយ​វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ជា​ការ​លូកដៃ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង។​ ហើយ​វា​កាន់​តែ​ច្បាស់​ថែមទៀត​ហើយ​ទៅ​លើ​ប្រសាសន៍​ឯកឧត្តម​ កឹម សុខា​ ដែល​បាន​លាត​ត្រដាង​រួច​ហើយ​ថា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ជា​អ្នក​បង្គាប់​បញ្ជា​ឲ្យ​គាត់​ធ្វើ​ក្នុង​ការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កម្ពុជា​នេះ​ ដោយ​យក​គំរូតាម​ប្រទេស​យូហ្គោស្លាវី​ និង​ស៊ែប៊ី​ហ្នឹង​ឯង​បាទ»។

គ្រា​ដែល​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​សភា​អាមេរិក​មិន​ទាន់​អាច​កំណត់​បាន​នូវ​វិធានការ​ជាក់លាក់​បន្ថែម​ទៀត​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​ ហ៊ុន សែន​ នោះ​ ​លោក​ Ed Royce​ សមាជិក​សភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​ បាន​ថ្លែង​ក្នុង​សវនាការ​របស់​អនុ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​ដដែល​ថា​ នៅ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ​ លោក​ ​ហ៊ុន សែន​ ​បាន​បង្ហាញ​សញ្ញាណ​បិទបាំង​ប្រជាធិបតេយ្យ​ ដោយ​បាន​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ ចាប់​ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ គឺ​លោក​ កឹម សុខា​ ដែល​កំពុងប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដែល​មិន​សមហេតុផល។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ធ្វើ​ឡើង​ការ​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ សមាជិក​សភា​អាមេរិក​ ​លោក​ ​Ed Royce​ បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​ន័យ​ដើម​ថា៖

«ថ្វីបើ​មាន​ភាព​ខ្វះ​ចន្លោះ​ប្រហោង​យ៉ាង​ខ្លាំង​ក៏ដោយ​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​នេះ​ បាន​ឲ្យ​ឃើញ​អំពី​កំណើន​នៃ​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ យើង​បាន​ឃើញ​ការ​បំបែក​ជា​បំណែកៗនៃ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា។ បើ​និយាយ​មិន​ខុស​ទេ​នោះ​ គឺ​រដ្ឋាភិបាល​ [កម្ពុជា]​ឥឡូវ​ត្រូវ​បាន​ដំណើរការ​ដោយ​ជន​អន្ធពាល​ផ្តាច់ការ»៕

XS
SM
MD
LG