ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ច្រានចោល​រឿងក្តី​បរិហាកេរ្តិ៍​ប្រឆាំង​នឹង​លោក​ ​នី ចរិយា


លោក នី ចរិយា (ឆ្វេង) អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អ្នក​ ដែល​រង​ការជាប់ចោទ​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី ឈរ​ជជែក​ជាមួយ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​សាល​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក នី ចរិយា (ឆ្វេង) អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អ្នក​ ដែល​រង​ការជាប់ចោទ​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី ឈរ​ជជែក​ជាមួយ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​សាល​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

នៅ​ព្រឹកថ្ងៃ​ច័ន្ទ​នេះ​ តុលាការ​កំពូល​បាន​សម្រេច​មិន​ទម្លាក់​បទចោទប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​លោក​ ​នី ចរិយា​ ​ដែល​បច្ចុប្បន្ន​នេះ​ជា​អគ្គលេខា​ធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ហៅកាត់​ថា​ (គ.ជ.ប) ​ហើយ​បាន​បង្វែរ​សំណុំរឿង​នេះ​ ទៅ​ជំនុំ​ជម្រះ​សារ​ជាថ្មីនៅ​សាលា​ឧទ្ធរណ៍​វិញ ដោយ​សារតែ​ការ​ខ្វះខាត​នៃ​ភ័ស្តុតាង។​ ​នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​ប្រទស​កម្ពុជា​ និង​មន្ត្រី​នាំពាក្យ​របស់​តុលាការ​កំពូល។

លោក​នី ចរិយា​ ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​ (Adhoc) ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ផ្ដន្ទា​ទោស​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ផ្សព្វ​ផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ក្នុងពន្ធនាគារ​ប្រាំមួយខែ​ ប៉ុន្តែ​ទោស​នេះ​ មិនទាន់​ត្រូវបាន​អនុវត្តន៍​ ឬព្យួរ​នោះ​ឡើយ។​ ​ការ​កាត់​ទោសនេះ​ ត្រូវបាន​ធ្វើឡើង​ កាលពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៦​ គឺ​នៅពេល​លោក​ជាប់​ឃុំ​ ក្នុង​សំណុំរឿង​ផ្សេង​ទៀត។

លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​(Licadho)​ ​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ច័ន្ទនេះ​ថា​ តុលាការ​កំពូល​បាន​សម្រេច​ត្រឹមត្រូវ​ទៅ តាម​នីតិវិធី​ ដោយ​បាន​បង្វែរ​រឿងនេះ​ ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ធ្វើការ​ជំនុំជម្រះ​ឡើង​វិញ។​ ​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ លោក​នី ចរិយា​ គួរ​ត្រូវបាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំង​អស់​ទាក់ទិន​បទ​បរិហារ​កេរ្តិ៍​នេះ​ ក្នុង​ពេល​សាលា​ឧទ្ធរណ៍​បើក​ការ​កាត់​ក្តី​ឡើងវិញ​ ដោយ​ហេតុ​ថា​ រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ ​តាមរយៈ​ជម្លោះដីធ្លី​មួយ​នៅឯ​ខេត្ត​សៀមរាប​ ​ត្រូវបាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ទៅ​ហើយ។​

«អ្វីដែល​លោក​ធ្វើហ្នឹង​គឺ​ មាន​ឯកសារ​គ្រប់​គ្រាន់​នៅក្នុង​ហ្នឹង​ ហើយ​មក​ដល់​បច្ចុប្បន្ន​ យើង​ឃើញ​ថា​ ជន​ដែល​ត្រូវ​បាន​ចាប់​ប្រជាពល​រដ្ឋ​សហគមន៍​ដែល​ត្រូវបាន​ចាប់​ហ្នឹង​ ​ត្រូវ​បាន​ដោះលែង​ ​ហើយ​បញ្ហា​ដីធ្លី​ហ្នឹង​ត្រូវបាន​ដោះ​ស្រាយ​ទៀត។​ ​អ៊ីចឹង​ គឺ​ខ្ញុំ​គិត​ថា​ ល្មមតែ​ដល់​ពេល​បញ្ចប់​ ​បាន​ន័យ​ថា​ នៅ​ពេល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ឡើងវិញ​ ​វា​គួរតែ​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់​ ​ទៅ​លើ​លោក​នី ចរិយា​ ​នោះ​បាទ»។

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​ ​លោក​ ​សុក កែវបណ្ឌិត​ ​ព្រះ​រាជ​អាជ្ញា​រង​ ​និង​ ​លោក​ ​គី ឫទ្ធី​ ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ បាន​ប្ដឹង​លោក​ ​នី ចរិយា​ ​ពី​បទ​បរិហារ​កេរ្តិ៍​ ​ក្រោយ​ពី​លោក​នី ចរិយា​ ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​និយាយ​ថា ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ចាប់ខ្លួន​ពលរដ្ឋ​អ្នក​មាន​ទំនាស់​ដីធ្លី​ដោយ​អយុត្តិធម៌ និង​បាន​ប្ដឹង​មន្ត្រី​តុលាការ​មួយ​ចំនួន​ រួម​មាន​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម​តុលាការ​ខេត្ត​សៀមរាប​ ទៅ​កាន់​ស្ថាប័ន​ចំនួន​៤ ​រួម​ទាំង​ក្រសួង​យុត្តិធម៌ ​និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពី​បទ​ចាប់ខ្លួន​ពលរដ្ឋ​រឿង​ដីធ្លី​ និង​ចោទ​ប្រកាន់​ពួកគាត់​ខុស​ ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាលពី​ឆ្នាំ​២០១៤។

កាល​ពី​ថ្ងៃ​ទី​២៦​ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ​លោក​ ​នី ចរិយា​ ​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កំពូល​ ​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​ទម្លាក់​រាល់​បទចោទ​ប្រកាន់​ទាំងបី​ខាង​លើ​ប្រឆាំងនឹង​លោក។ នាពេលនោះ​ លោក​បាន​ថ្លែង​បញ្ជាក់​នៅ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា ក្នុង​ពេល​លោក​នៅ​បម្រើ​ការងារ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នោះ​ លោក​បាន​ស្វះស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ពីរ​នាក់​ឈ្មោះ​បឿន​ សុខ​ និង​វ៉ែន ឡន​ ដែល​មាន​វិវាទ​ដីធ្លី​មួយ​នៅ​ឯ​ខេត្ត​សៀមរាប។

លោក​បាន​ពណ៌នា​ថា​ មាន​ការ​ចាប់​ខ្លួន​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ដោយ​ខុស​ពី​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន។ លោក​រៀបរាប់​បន្ត​ថា​ ការ​ចាប់​ខ្លួន​នាពេល​នោះ​ធ្វើ​ឡើង​ដោយមាន​ភាព​មិន​ប្រក្រតី​ ដោយ​ហេតុ​ថា​ ជន​រង​គ្រោះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ ហើយ​ថា​ ការ​ចាប់​ខ្លួន​នោះ​បាន​កើត​ឡើងក្នុង​ទីតាំង​ដែល​មិន​មាន​ជម្លោះ​ដីធ្លី។​

លោក​ ​អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអា​ជ្ញា​ និង​ជា​អ្នក​នាំពាក្យ​តុលាការ​កំពូល​ ​មានប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​ដែរ​ថា​ រឿងក្តី​របស់​លោក​នី ចរិយា​ ​ត្រូវ​បាន​តុលាការ​កំពូល​រុញ​ទៅ​ឲ្យ​ធ្វើការ​ជំនុំ​ជម្រះ​ឡើងវិញ​នៅ​សាលា​ឧទ្ធរណ៍​ ​ដោយ​សារ​កង្វះ​នៃ​មូលដ្ឋាន​ក្នុងការ​រក្សា​សាលដីកា​របស់​តុលាការ​ដំបូង។​

លោក​ថ្លែង​ថា៖​

«មូលហេតុ​ច្រើន​ ​ខ្ញុំ​មិន​អាច​បញ្ជាក់​ទាំង​អស់​ទេ​ គ្រាន់​តែ​ខ្ញុំ​សរុប​ថា​ ​សាលាឧទ្ធរណ៍​គ្មាន​ ​មូលដ្ឋាន​គ្រប់​គ្រាន់​ក្នុង​សម្រេចតម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី»។

នៅថ្ងៃ​ច័ន្ទ​ដដែល​នេះ​ដែរ​ ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេចតម្កល់​បទ​ចោទ​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​លោក​នី ចរិយា ​នោះ​ ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​បានចេញ​សេច​ក្តីប្រកាស​មួយ​ ​បញ្ជាក់ភ្លាមៗ​ពី​ភាព​មិន​ប្រក្រតី​ ទាក់​ទិន​ក្តីក្តាំ​របស់លោក​ ​នី ចរិយា។​

សេចក្តី​ប្រកាស​របស់​អង្គការ​លីកាដូ​ចេញផ្សាយ​នៅថ្ងៃច័ន្ទនេះ​ បាន​សរសេរ​ថា​ នៅ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត​ក្នុងដំណើរការ​សវនាការ។​ ភាគីដើម​បណ្ដឹង​រដ្ឋប្បវេណី ​និង​មេធាវី​របស់​អ្នក​ទាំង​នោះ ​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​សវនាការ​នៅ​តុលាការ​កំពូលទេ​ ដែលធ្វើ​ឱ្យ​ភាគី​ជន​ត្រូវ​ចោទ​គ្មាន​ឱកាស​ជជីក​សួរដេញ​ដោល​អ្នកទាំង​នោះ​បាន​ ដែល​ដូចគ្នា​ទៅនឹង​សវនាការ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញដែរ។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា៖​ «សិទ្ធិ​របស់​លោក ​នី ចរិយា​ ក្នុងការ​ត្រៀមខ្លួន​ និង​ការ​ការ​ពារក្ដី ​សម្រាប់​ការ​ជំនុំជម្រះ​លើក​ដំបូង​ និង​ការ​ជំនុំ​ជម្រះ​នៅ​សាលាឧទ្ធរណ៍​ក៏ត្រូវបាន​រឹតត្បិត​ផងដែរ​ ខណៈ​ដែល​ពេល​នោះ​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ​ ដោយរង​ការចោទ​ប្រកាន់​ពីបទ​សម​គំនិត​សូកប៉ាន់សាក្សី ​នៅក្នុង​រឿងក្ដី​ផ្សេង​មួយ​ទៀត»។​

លោក​ ​នី ចរិយា​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​ ដែល​ផ្តើម​ចេញពី​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ដ៏គួរឲ្យ​សង្ស័យ​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាលពីឆ្នាំ​២០១៧៕

XS
SM
MD
LG