ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បដិសេធ​បណ្តឹង​របស់​​លោក Donald Trump និង​អ្នក​រិះគន់​លើ​ប្រព័ន្ធTwitter


រូបឯកសារ៖ របាំង​ការពារ​សន្ដិសុខ​ត្រូវ​បាន​ដាក់​ព័ទ្ធ​ជុំវិញ​អគារ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ របាំង​ការពារ​សន្ដិសុខ​ត្រូវ​បាន​ដាក់​ព័ទ្ធ​ជុំវិញ​អគារ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

តុលាការ​កំពូល​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ចន្ទ​ បាន​បដិសេធ​នូវ​បណ្តឹងមួយ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump ​ដែល​បាន​ព្យាយាម​ប្លុក​អ្នករិះគន់​របស់​លោក​ចេញពីគណនី​ Twitter ផ្ទាល់​ខ្លួន​របស់​លោក។​ តុលាការ​លើក​ឡើង​ថា​ ​ហេតុផល​ទាំងឡាយនៅ​ក្នុង​បណ្តឹង​នោះ​ត្រូវ​បានផុត​រលត់​បន្ទាប់ពី​លោក​ Trump ត្រូវ​បានក្រុមហ៊ុន Twitter ​ផ្អាកសកម្មភាព​របស់​លោក​ជា​អចិន្ត្រៃយ៍​ ហើយ​លោក​បាន​បញ្ចប់អាណត្តិ​ជា​ប្រធានាធិបតី​កាល​ពី​ខែ​មករា​មក។​

ក្រុមហ៊ុន Twitter ​បានដាក់​បម្រាម​ទៅ​លើលោក Trump ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ក្រោយពី​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​វិមាន​សភា​ ដោយ​អ្នកគាំទ្រ​របស់​លោក​កាលពី​ថ្ងៃ​ទី​៦​ ខែ​មករា។​ ក្រុមហ៊ុន​Twitter​ បាន​លើក​ឡើង​ថា​ការសម្រេច​ចិត្ត​របស់​ខ្លួនក្នុង​ការ​ហាម​ប្រាម​លោក Trump មិនឲ្យ​ប្រើប្រាស់បណ្តាញ Twitter ​ដោយសារ​«តែ​ហានិភ័យ​នៃ​ការ​ញុះញង់ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត»។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ក៏​បាន​ទាត់​ចោល​ជា​ផ្លូវការ​ផង​ដែរ នូវដីកា​សម្រេច​របស់​តុលាការឧទ្ធរណ៍អាមេរិក​ ដែល​សម្រេច​ថា លោក ​Trump បានរំលោភ​វិសោធនកម្ម​ទី១​នៃរដ្ឋធម្មនុញ្ញ​អាមេរិក នៅ​ពេល​ដែល​លោក​ប្លុកអ្នករិះគន់របស់​លោក​ម្នាក់​មិន​ឲ្យ​បញ្ចេញ​យោបល់។

ចៅក្រម​តុលាការ​កំពូល​លោក Clarence Thomas​ បាន​ឯកភាព​ជាមួយសហការី​របស់​លោក​លើលទ្ធផល​នៃ​រឿង​ក្តី​នេះ ប៉ុន្តែលោក​លើក​ឡើង​ថា ​ស្ថានភាព​នៃ​ក្តីក្តាំ​នេះ​ បាន​បង្កើត​នូវសំណួរដែល«គួរ​ឲ្យ​ចាប់​អារម្មណ៍​និងមានសារៈសំខាន់​ជា​ច្រើន»៕

XS
SM
MD
LG