ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ចេញ​ដីការ​ខុស​នីតិវិធី​កោះ​ហៅ​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ

  • ហេង រស្មី

ប៉ូលិស​បង្ក្រាប ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃអង្គារ​ ទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ការ​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ឲ្យចូល​ខ្លួន​ក្នុង​បន្ទប់​សវនាការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥​ខែ​កក្កដា​កាល​ពី​ឆ្នាំ​ទៅ​ ​បាន​បង្កឲ្យមាន​ការ​រិះគន់​ថា ​តុលាការ​កំពូល​មាន​កំហុស​បច្ចេក​ទេស​ដែល​ពុំ​គួរ​ឲ្យកើត​មាន​ក្នុង​ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​

ដីការ​របស់​លោក​ឈួន ចាន់ថា​ អគ្គ​ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​កំពូល​បាន​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​ចំនួន​៦​រូប​ ដែល​រួម​មាន៖​ លោក​ហូរ វ៉ាន់ ​លោក​កែវ ភិរម្យ​ លោក​ឡុង រី ​លោក​នុត រំដួល​ លោក​រៀល ខេមរិន្ទ​ និង​លោក​មែន សុឋាវរិន្ទ​ឲ្យមក​ចូល​ខ្លួន​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​១៩​ខាង​ខែ​មករា​មុខ​នេះ។​

ដីការ​របស់​តុលាការ​កំពូល​បាន​ចោទ​ប្រកាន់​អ្នក​តំណាង​រាស្ត្រ​ទាំង​៦​រូប​ និង​ សកម្ម​ជន​គណបក្ស​មួយ​ចំនួន​ផ្សេង​ទៀត​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទ៍​ និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។

​បទ​ល្មើស​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេចចេញ​ដីការ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះសន្នកាល​ពី​ថ្ងៃទី​២២​ខែ​វិច្ឆិកាបន្ទាប់​ពីមាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ​ហើយ​តុលាការ​ជាន់​ទាប​មួយ​នេះ​មិន​ទាន់​បាន​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​នៅ​ឡើយ​ទេ។​

បើ​ពិនិត្យ​មើល​បទ​ចោទ​នៅ​ក្នុង​ដីការ​របស់​តុលាការ​មាន​ន័យ​ថា ​អ្នក​តំណាង​រាស្ត្រ​ទាំង​៦​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ ដែល​បទ​ល្មើស​នេះ​ត្រូវ​តែ​តុលាការ​ស្នើ​សុំ​ទៅស្ថាប័ន​រដ្ឋសភា​ដើម្បី​ព្យួរ​អភ័យ​ឯក​សិទ្ធិ​ជាមុន​សិន​មុន​នឹង​អ្នក​តំណាង​រាស្ត្រ​ចូល​ខ្លួន​ទៅ​ក្នុង​បន្ទប់​សវនាការ។​

លោក​ចាន់ ចេន​ មេធាវី​ការ​ពារ​ក្តី​ឲ្យលោក​រៀល ខេមរិន្ទ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​ តុលាការ​ធ្វើ​ខុស​បច្ចេក​ទេស​ក្នុង​ការ​ចេញ​ដីការ​កោះ​អញ្ជើញ​កូន​ក្តី​របស់​លោក។​ លោក​បាន​បញ្ជាក់​ថា ​លោក​បាន​សាក​សួរ​មន្ត្រី​តុលាការ ​ហើយមន្ត្រី​តុលាការ​បាន​ឆ្លើយ​ថា ​តាម​ការណ៍​ពិត​តុលាការ​គ្រាន់តែ​កោះ​ហៅអ្នក​តំណាង​រាស្ត្រ​ទាំង​៦​រូប​មក​សាក​សួរ​លើ​សំណុំ​រឿង​បណ្តឹង​សារទុក្ខ​ទាមទារ​សម្ភារៈ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ មិន​មែន​ករណីបទ​ឧក្រិដ្ឋ​ទេ។​

លោក​និយាយ​ថា៖​ «ប្រហែល​ជា​កំហុស​បច្ចេក​ទេស​ ការ​ខុស​បច្ចេក​ទេស​របស់​តុលាការ​កំពូល​ទេ​ ពីព្រោះ​តាម​ពិត​អង្គហេតុ​ វា​អត់​មាន​អង្គហេតុ​ណា​មួយ​ដែល​ទាក់​ទង​ជំនុំជម្រះរឿង​អង្គ​សេចក្តី​ពាក់​ព័ន្ធនឹង​រឿង​ថ្ងៃទី​១៥ ពាក់​ព័ន្ធ​នឹង​ហិង្សា​នៅ​ស្ពាន​នាគ​ទេ ​ពី​ព្រោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​ធ្វើ​ការ​ជំនុំ​ជម្រះក្តី​នៅ​ឡើយ»។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺពី​លោក​ឈួន ចាន់ថា​ ព្រះ​រាជ​អាជ្ញារង​តុលាការ​កំពូល​ ដែល​បាន​ចុះ​ហត្ថលេខា​ចេញ​ដីការ​កោះ​អញ្ជើញ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នេះ​ តែមិន​អាច​ទាក់ទងបាន​ទេ។​ ចំណែក​លោក​ គឹម សន្តិភាព ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ក៏​វីអូអេ​មិន​អាចទាក់​ទង​បានដែរ​ ដោយទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល ដោយ​សារ​ថ្ងៃ​ពុធនេះ​ជាថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការដើម្បី​ចូល​រួម​អបអរ​សារទរ​ថ្ងៃទី​៧​ខែ​មករា។​

លោក​នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍ថា៖​«រឿង​នេះ​តំណាង​រាស្ត្រ​អាច​ទៅ​បាន ​ក៏ប៉ុន្តែ​គ្រាន់​តែ​ថា​អង្គ​សវនាការ​ហ្នឹង​មិន​អាច​ឲ្យអ្នក​តំណាង​រាស្ត្រ​មក​ឈរ​នៅ​ចំពោះ​មុខ​ក្រចក​សេះ​បាន​ទេ»។​

កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៤​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​មួយ​រវាង​កង​កម្លាំងសន្តិសុខ​ខណ្ឌ​ដូន​ពេញ​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ​នៅ​សួន​ប្រជា​ធិបតេយ្យ​ ក្នុង​ខណៈ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​មួយ​ក្រុម​ ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី​មួយ​សុខ ហួរទាមទារ​ឲ្យដោះលែង​សួន​ប្រជា​ធិបតេយ្យ។​

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជិត​៥០​នាក់​បាន​រង​របួស​ភាគ​ច្រើន​ជា​កង​កម្លាំងសន្តិសុខ ​ដែល​ធ្លាប់​វាយ​បង្ក្រាប​មក​លើ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

តុលាការ​ប្រទេស​កម្ពុជា​បាន​បន្ត​យកសំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​នេះ​មក​ចាត់​ការ​ប្រឆាំង​នឹងអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​ ​បើ​ទោះ​បីពេល​នេះ​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​ប្រជុំ​សភា​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​អាណត្តិ​ទី៥​នេះ​យ៉ាងណាក៏ដោយ។​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នឹង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើ​សំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​ប្រឆាំង​ជំទាស់​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប ​ក្នុង​នោះ​មាន​លោក​មាជ សុវណ្ណារ៉ា​ផង​ដែរ៕​

XS
SM
MD
LG