ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ទទួល​ស្គាល់​លោកសម រង្ស៊ី​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្រ្ត


​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​ចរចា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។
​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ និយាយ​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​ចរចា​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ទទួល​ស្គាល់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម​នៅថ្ងៃ​សុក្រ​នេះ​ហើយ​ បន្ទាប់​ពី​លោក​គួយ ប៊ុនរឿន អ្នក​តំណាងរាស្រ្តជាប់​ឆ្នោត ​បាន​លាលែង​ ដើម្បី​ត្រៀម​ចាំ​ចូល​បម្រើ​ការ​នៅក្នុងគណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​គ.ជ.ប​បាន​ផ្ញើ​ជូន​ដល់​អ្នក​សារព័ត៌មាន​លោក​ទេព នីថា​អគ្គលេខាធិការ​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​បាន​បញ្ជាក់​ថា​សេចក្តី​សម្រេច​ស្តីពី​ការប្រកាស​ទទួល​ស្គាល់​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្រ្ត​នេះ​ត្រូវ​បាន​គ.ជ.ប​ចម្លង​ទូលថ្វាយ​ព្រះ​មហាក្សត្រ​និង​ចម្លង​ជូន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រឹទ្ធ​សភា រដ្ឋ​សភា​ ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​គណបក្ស​សាម៉ី រួចរាល់​អស់​ហើយ​នៅ ថ្ងៃ​នេះ។

ការជាប់​គាំង​នយោបាយ​នៅ ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ព្រម​ព្រៀងចរចា​ជាចុងក្រោយ​កាលពីថ្ងៃ​ទី​២២​ខែ​កក្កដា​ដោយមាន​ការ​បែង​ចែក​តំណែង​នៅ​ក្នុង​រដ្ឋ​សភា​និង​ទទួល​យក​សំណើសុំ​កែប្រែស្ថាប័ន​ជាតិ​មួយ​ចំនួន​ដែល​គណបក្ស​ប្រឆាំង​បាន​ទាមទារ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដោយ​ឡែក​មួយ​ទៀត ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចប់​ការ​សាកសួរ​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ការចោទ​ប្រកាន់​អ្វី​ទេ។

អំពើ​ហិង្សា​បាន​កើត​មាន​ឡើង​កាលពីថ្ងៃ​ទី​១៥ខែកក្កដា​ក្នុង​ខណៈ​ពេល​ដែល​ក្រុម​អ្នកតវ៉ា​បាន​ស្នើ​សុំ​ឱ្យ​បើក​ទីលាន​នោះ ​ឡើង​វិញ​បាន​វាយ​ប្រតាយ​ប្រតប់​គ្នា​ជាមួយ​នឹង​ក្រុម​សន្តិសុខ​ហើយ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​រងរបួស។ មាន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​៧​រូប​និង​សកម្មជន​ម្នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​មួយ​សប្តាហ៍​ប៉ុន្តែ​ត្រូវ​ដោះលែង​មក​វិញ​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ។

លោក​កឹម សុខា​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​លោក​មិន​នៅ​កន្លែង​កើត​ហេតុ​ទេ​ហើយ​គេ​អញ្ជើញ លោក​ឱ្យ​ចូលរួម​ក្នុង​នាម​ដូច​ជា​សាក្សី មួយ​រូប​ប៉ុណ្ណោះ៕

XS
SM
MD
LG