ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​កោះហៅ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​៦រូប


People gather at a makeshift memorial to observe a minute of silence to honor 84 people killed by a truck rampage on the famed Promenade des Anglais in Nice, southern France.
People gather at a makeshift memorial to observe a minute of silence to honor 84 people killed by a truck rampage on the famed Promenade des Anglais in Nice, southern France.

សំណុំ​រឿង​សួនប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៤​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​ទេ​ទៅ​លើ​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះជាតិ​ បើទោះបី​ជា​គណបក្ស​ប្រឆាំងបាន​ព្រមព្រៀង​ចូល​ប្រជុំ​ក្នុង​រដ្ឋសភាដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​អាណត្តិទី​៥​ក៏​ដោយ។​

តុលាការ​កំពូល​នៅ​ថ្ងៃទី​១៩​ខាង​មុខ​នេះ​គ្រោង​នឹង​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦នាក់​ដើម្បី​មក​សាក​សួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាស់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ និង​តុលាការ​ជាន់​ទាប​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ដក​ហូត​យក​សម្ភារៈផ្ទាល់​ខ្លួន ​ដូច​ជា​ទូរស័ព្ទ​ និង​ឧបករណ៍ ​iPad ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នៅ​សួន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ។​

នៅ​ក្នុង​ដីការ​កោះ​ហៅ​ដោយ​លោក​ឈួន ចាន់​ថា​ អគ្គព្រះរាជ​អាជ្ញារង​នៃ​តុលាការ​កំពូល​កាលពី​ចុង​ខែធ្នូ​ឆ្នាំ​២០១៤​ បាន​កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​ចំនួន​៦​រូប​ដែល​រួម​មាន៖​ លោក​ហូរ វ៉ាន់ ​លោក​កែវ ភិរម្យ​ លោក​ឡុង រី ​លោក​នុត រំដួល​ លោក​រៀល ខេមរិន្ទ​ និង​លោក​ម៉ែន សុឋាវរិន្ទ​ឲ្យមក​ចូល​ខ្លួន​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​១៩​ខាង​ខែ​មករា​មុខ​នេះ។​

ដីការ​កោះ​ហៅ​របស់​តុលាការ​កំពូល​បាន​ចោទ​ប្រកាន់​អ្នក​តំណាង​រាស្ត្រ​ទាំង​៦​រូប​ និង​សកម្មជន​គណបក្ស​៤​នាក់​ផ្សេង​ទៀត​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ​ដែល​បទ​ល្មើស​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេចចេញ​ដីការ​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​ជា​អាសន្ន​ កាល​ពី​ថ្ងៃទី​២២​ខែ​វិច្ឆិកា​បន្ទាប់​ពីមាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ។​

លោក​កើត ឃី ​មេធាវីការ​ពារក្តី​ឲ្យលោក​កែវ ភារម្យ​ និង​លោក​ហូរ វ៉ាន់​បាន​បញ្ជាក់​ថា ​លោក​បាន​ទទួល​ដីការ​កោះ​របស់​តុលាការ​រួច​ហើយ។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​បទ​ចោទ​របស់​តុលាការ​ជា​ការ​ភាន់​ច្រឡំ។​

លោក​បាន​បញ្ជាក់​ថា​ តាម​ពិត​មេធាវី​ការពារ​ក្តី​បាន​ប្តឹង​សារទុក្ខ​ដើម្បី​ទាម​ទារ​យក​សម្ភារៈផ្ទាល់​ខ្លួន​របស់​អ្នក​តំណាង​រាស្ត្រ​ ដូច​ជា​ទូរស័ព្ទ​ដៃ​ និង​iPad​ តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «ដោយសារ​គាត់​ច្រឡំ​ គាត់​ស្មាន​តែ​ថា ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ហ្នឹង​ គឺ​ទាំង​រឿង​វត្ថុ​ចាប់​យក​ ទាំង​ការ​សម្រេចឃុំ​ខ្លួន»។​

វីអូអេ​បានព្យាយាម​ទាក់ទងស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោក​ឃឹម ប៉ុន​ ប្រធាន​តុលាការ​កំពូល​ និង​លោក​ឈួន ចាន់ថា​ អគ្គព្រះរាជ​អាជ្ញារង តែមិន​អាច​ទាក់ទង​បាន​ទេ។​

លោក​កែវ ភិរម្យ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​ដីការ​កោះ​របស់​តុលាការ​រួច​ហើយ។​ លោក​មាន​ប្រសាសន៍​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ ក៏ប៉ុន្តែ​លោក​នៅ​មិន​យល់​ដែរ​អំពី​នីតិវិធី​តុលាការ​កម្ពុជា។

លោក​ចាន់ ចេន​ មេធាវី​ការពារក្តី​ឲ្យលោក​រៀល ខេមរិន្ទ​ បាន​បញ្ជាក់​ថា ​ចំណាត់​ការ​របស់​តុលាការ​កំពូល​ហាក់​បី​ដូច​ជា​មិន​សម​ហេតុផល​ ដោយ​សារ​កូន​ក្តី​ទាំង​អស់​មាន​មេធាវី ​ដូច្នេះ​ត្រឹម​តែ​កោះ​អញ្ជើញ​មេធាវី​គឺ​ជា​ការគ្រប់​គ្រាន់​ហើយ។​

លោក​និយាយ​ថា៖​ «កូន​ក្តី​ទាំង​អស់​នោះ​ជា​តំណាង​រាស្ត្រ​ ហើយ​គាត់​មា​ន​អភ័យ​ឯក​សិទ្ធិ​ ហើយ​ត្រូវ​បាន​កោះ​អញ្ជើញ​គាត់​ទៅ​តុលាការ​កំពូល​ ហើយ​នេះ​វា​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​អភ័យ​ឯក​សិទ្ធិ​ពួក​គាត់​ផង​ដែរ​បាទ»។​

នៅ​ថ្ងៃ​ទី​៨​ខែ​មករា​ខាង​មុខ​នេះ ​តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ពេញ​អង្គ​សេចក្តី​លើ​មន្ត្រី​ជាន់​ខ្ពស់​ និង​សកម្មជន​គណបក្សសង្គ្រោះជាតិ​ចំនួន​១១​រូប​ ផ្សេងទៀត​ផង​ដែរ៕

XS
SM
MD
LG