ស្ត្រីអ្នកវិទ្យាសាស្រ្តឆ្នើមៗជាតិអាហ្វ្រិកមួយចំនួន ត្រូវបានប្រគល់ពានរង្វាន់ជូននៅឯអង្គពិធី ដែលប្រារព្ធឡើងសម្រាប់ការបង្កើតសាកលវិទ្យាល័យផានអាហ្វ្រិក (Pan African University) ថ្មីមួយ។
ពានរង្វាន់វិទ្យាសាស្រ្ត ក្វាមេ គ្រូមា (Kwame Nkrumah Science Awards) សម្រាប់ឆ្នាំ២០១១ បានប្រគល់ជូនស្រ្តីចំនួន៧រូបចំពោះសមិទ្ធិផលយ៉ាងលេចធ្លោនិងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តដ៏មានតម្លៃ។ ពានរង្វាន់ប្រចាំឆ្នាំនេះមានរាប់បញ្ចូលទាំងមូលប្បទានបត្រចំនួន ២ម៉ឺនដុល្លារ និងមេដាយប្រាក់ផងដែរ។
លោកស្រី អេឌើរ៉េសា ប្រេថូរើស (Etheresia Pretorius) មកពីប្រទេសអាហ្រ្វិកខាងត្បូង (South Africa) បានទទួលពានរង្វាន់សម្រាប់ការស្រាវជ្រាវមីក្រូស្កុបអេឡិចត្រុង ទៅលើប្រតិកម្មក្នុងខ្លួនមនុស្ស។ លោកស្រី បានចាត់ទុកមុខវិជ្ជាមីក្រូស្កុប ថាជាប្រធានបទបើកចំហ ដោយសារតែវាជាបច្ចេកទេសមានភាពចំណាស់មួយ ដែលជារឿយៗ អ្នកវិទ្យាសាស្រ្តទាំងឡាយ បានមើលរំលង ដោយបែរទៅស្រាវជ្រាវអ្វីៗផ្សេងទៀត ដែលគួរចាប់អារម្មណ៍ដើម្បីស៊ើបអង្កេត។
លោកស្រី បានថ្លែងថា៖
«ខ្ញុំព្យាយាមប្រើបច្ចេកទេសមីក្រូស្កុបដើម្បីស្វែងរករបស់អ្វីដែលថ្មី គឺរបស់ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ត្រួតពិនិត្យ មានតម្លៃថោក ដែលត្រូវសម្រាប់ស្វែងរកប្រភេទជំងឺ មុនពេលដែលជំងឺនោះលេចចេញជារូបរាងនៅក្នុងខ្លួនមនុស្ស។»
លោកស្រី ប្រេថូរើស បានប្រាប់វីអូអេថា លោកស្រី មានគម្រោងប្រើប្រាក់រង្វាន់មួយផ្នែកធំ ដើម្បីផ្តល់ឲ្យកុមារីកំព្រានៅឯស្រុកកំណើតរបស់លោកស្រី នូវឱកាសស្វែងរកការងារជាយថាហេតុណាមួយ ក្នុងវិស័យវិទ្យាសាស្រ្តដែរ។
លោកស្រី បានបញ្ជាក់ថា៖
«យើងមានកុមារីកំព្រាជាច្រើន ហើយមានមជ្ឈមណ្ឌលកុមារកំព្រា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្រុកកំណើតរបស់ខ្ញុំឡើយ គឺតំបន់ព្រីតូរី (Pretoria) ផងដែរ ហើយខ្ញុំនិងស្វាមីមានបំណងរួមចំណែកដល់កុមារីនិងស្រ្តីទាំងនោះ ដើម្បីបំផុសគំនិត និងសិក្សាមុខវិជ្ជាណាមួយ តាមវិធីផ្សេងៗពីគ្នា»។
អ្នកទទួលពានរង្វាន់ដទៃទៀត រួមមាន លោកស្រី រ៉ូស ហ្គាណា ហ្វុមបាន លេឃី (Rose Gana Fomban Leke) មកពីប្រទេសកាម៉េរូន (Cameroon) សម្រាប់ការស្រាវជ្រាវប្រកបដោយការច្នៃប្រឌិតរបស់លោកស្រី ស្តីពីការទប់ស្កាត់ជំងឺគ្រុនចាញ់ និងការចម្លងជំងឺបារ៉ាស៊ីតផ្សេងៗទៀត ព្រមទាំង លោកស្រី អេតេហាល់ អេលដេមើដាស (Ebtehal El-Demerdash) មកពីប្រទេសអេហ្ស៊ីប (Egypt) សម្រាប់កិច្ចការស្រាវជ្រាវស្តីពីឱសថសម័យទំនើប ដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលប្រភេទជំងឺមហារីក ដែលមានលក្ខណៈស៊ាំជាមួយនឹងការព្យាបាលតាមបែបគីមី។
លោកស្រី ដូសូ មីរេលី ខាមេន (Dosso Mireille Carmen) មកពីប្រទេសកូឌីវ័រ (Ivory Coast) ត្រូវបានជ្រើសរើស(ឲ្យទទួលពានរង្វាន់)សម្រាប់ការសិក្សាស្តីពីការតាមឃ្លាំមើលជំងឺឆ្លងរាតត្បាត។ ចំណែកឯ លោកស្រី កាគូ យ៉ាវ រីតា (Kakou Yao Rita) មកពីកូឌីវ័រដែរ បានទទួលពានរង្វាន់ដោយសារការរួមចំណែករបស់លោកស្រី ក្នុងការស្វែងយល់ពីម៉ៃក្រូស្កុបស្ប៉ិចទស្សន៍និងគ្រីស្តាល់ដោយប្រើកាំពន្លឺ។
លោកស្រី ម៉ូរីន កូអ៊ីតហ្ស៊ី (Maureen Coetzee) មកពីអាហ្រ្វិកខាងត្បូង (South Africa) ដែលជាអ្នកសិក្សាខាងបាណកសាស្រ្ត(សិក្សាពីសត្វល្អិត)ដ៏ល្បីល្បាញនៅលើពិភពលោក ត្រូវបានទទួលស្គាល់ចំពោះស្នាដៃស្រាវជ្រាវលើជំងឺគ្រុនចាញ់ មានដូចជា ភាពស៊ាំនឹងថ្នាំសម្លាប់សត្វល្អិត និងការបកស្រាយពិស្តារក្នុងការគ្រប់គ្រងជំងឺ។ លោកស្រី ណឺមីន អេល សេមារី (Nermin El Semary) មកពីប្រទេសអេហ្ស៊ីប ត្រូវបានតែងតាំង (ឲ្យទទួលពានរង្វាន់ដែរ) សម្រាប់ការស៊ើបអង្កេតរបស់លោកស្រីទៅលើទិដ្ឋភាពជីវសាស្ត្របច្ចេកវិទ្យានៃម៉ៃក្រូស្កុបថតរូប។
ពានរង្វាន់ត្រូវបានប្រគល់ជូននៅឯពិធីមួយ ដែលបង្កើតបានជាសាកលវិទ្យាល័យផានអាហ្វ្រិក (Pan African University) ថ្មី ដែលមាន៥ទីតាំង ដោយទីតាំងនីមួយៗមានជំនាញផ្នែកវិទ្យាសាស្រ្តផ្សេងៗគ្នា។
មហាវិទ្យាល័យមួយ ដែលប្រើសម្រាប់វិទ្យាសាស្រ្តអវកាស មានទីតាំងនៅអាហ្វ្រិកខាងត្បូង។ មហាវិទ្យាល័យសិក្សាពីវិទ្យាសាស្រ្តទឹកនិងឋាមពល មានទីតាំងនៅប្រទេសអាល់ហ្សេរី (Algeria)។ ហើយ ស្ថាប័នមួយសម្រាប់ការសិក្សាពីវិទ្យាសាស្រ្តមូលដ្ឋាន បច្ចេកវិទ្យា និងការច្នៃប្រឌិត ត្រូវស្ថិតនៅឯសាកលវិទ្យាល័យ ចូម៉ូ កេនយ៉ាតា (Jomo Kenyatta University)ក្នុងប្រទេសកេនយ៉ា (Kenya)។
សាកលវិទ្យាល័យ អ៊ីបាដាន (University of Ibadan) នៅប្រទេសនីហ្សេរីយ៉ា (Nigeria) នឹងក្លាយជាទីតាំងសម្រាប់មហាវិទ្យាល័យ ដែលសិក្សាពីជីវិតនិងវិទ្យាសាស្ត្រផែនដី ហើយសាកលវិទ្យាល័យ យ៉ាអូនដេ (University of Yaounde) នៅប្រទេសកាមេរូន (Cameroon) នឹងក្លាយជាទីតាំងសម្រាប់ការសិក្សាពីអភិបាលកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។
សហភាពអឺរ៉ុប (European Union) កំពុងតែផ្តល់មូលនិធិយ៉ាងច្រើន ដល់គម្រោងសាកលវិទ្យាល័យផានអាហ្វ្រិក (Pan African University)។ លោក ហារី ដេបេគ័រ (Harry Debaker) អ្នកការទូតសហភាពអឺរ៉ុប បានមានប្រសាសន៍ថា គំនិតនេះគឺចង់លើកកម្ពស់បរិយាកាសដូចនៅទ្វីបអឺរ៉ុបដែរ ដែលសាកលវិទ្យាល័យអាហ្វ្រិកទាំងនេះ នឹងអាចទាក់ទាញនិស្សិតមកពីគ្រប់ទ្វីបទាំងអស់។
លោក ហារី បានថ្លែងថា៖
«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងសុន្ទរកថានាពេលអនាគត ខ្ញុំអាចបញ្ចប់សេចក្តីដោយនិយាយថា«នៅទូទាំងទ្វីបអាហ្វ្រិក មាននិស្សិតរាប់លាននាក់ កំពុងសិក្សាក្នុងប្រទេសដែលមិនមែនជាប្រទេសផ្ទាល់របស់ពួកគេ និងប្រើប្រាស់ភាសា ដែលមិនមែនភាសាកំណើតរបស់ពួកគេឡើយ។»
អ្នកតំណាងម្នាក់ជាតិអេហ្ស៊ីប នៅក្នុងពិធីសម្ពោធសាកលវិទ្យាល័យនោះ មានកត់សម្គាល់ថា បណ្តាប្រទេសអាហ្វិ្រកខាងជើងភាគច្រើន បានឆ្លងកាត់បដិវត្តន៍នយោបាយអារ៉ាប់ ឬហៅកាត់ថា Arab Spring។ ឥឡូវនេះ លោក បាននិយាយថា វាដល់ពេលហើយសម្រាប់ទ្វីបនេះក្នុងការឆ្លងកាត់នូវនិទាឃរដូវលើវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវិញម្តង៕
ប្រែសម្រួលដោយ គឿង ភិរុណ