ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បំផ្ទុះ​គ្រាប់​អត្ត​ឃាតមួយ​បានសម្លាប់​មនុស្ស៧៥នាក់​ក្នុងទីក្រុង​បាកដាដ


មនុស្សម្នាកំពុងពិនិត្យទីតាំងនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីធ្លាលក់ដូរក្នុងទីក្រុងបាដាកនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ការ​បំផ្ទុះ​គ្រាប់​អត្ត​ឃាតផ្ទុក​ក្នុង​រថយន្ត​មួយនៅឯ​មជ្ឈមណ្ឌល​លក់​ដូរ​ដ៏​មមាញឹក​មួយ​នៅ​ក្នុង​រដ្ឋ​ធានី​បាកដាដ​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៧៥​នាក់​ដែរ​ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១៣០​នាក់​ទៀត​រង​របួស។

ក្រុមរដ្ឋ​ឥស្លាម ​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​គ្រាប់​បែកនេះ​នៅ​ក្នុង​ស្រុក Karrada ​ដោយ​និយាយ​ថា ​ក្រុមនិកាយស៊ីអ៊ីដ​ជាទិសដៅ​នៃ​ការវាយ​ប្រ​ហារ​នេះ។​ក្រុមជីហាដ ​ចាត់​ទុក​ពួក​និកាយ​ស៊ីអ៊ីដ​ជា​សត្រូវ​សួរ​ពូជ។

ការ​ផ្ទុះ​នេះ ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពេល​ថ្ងៃ​លិច​នៅពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​ស្ថិត​នៅ​តាម​ផ្លូវនានា​បន្ទាប់​ពីការតមអាហារ​រយៈ​ពេល​មួយ​ថ្ងៃ។​ នៅពេល​ដែលពិធី​បុណ្យរ៉ាម៉ាឌន​រយៈ​ពេល​មួយ​ខែ​ជិតផុត ​ពួក​អ្នកកាន់​សាសនា​ឥស្លាម​ជា​ច្រើន ​បាន​ទៅ​តំបន់​មជ្ឈមណ្ឌល​លក់​ដូរនានា​មុនពេល​ការ​ឈប់​សម្រាក​ដែល​កត់​សម្គាល់ពីការ​បញ្ចប់​ខែ​ពិសិដ្ឋ​របស់​អ្នកកាន់​សាសនា​ឥស្លាម។

​លោក Haider al-Abadi នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​អ៊ីរ៉ាក់ ​បាន​ទៅ​ពិនិត្យ​មើល​ទី​កន្លែង​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​វាយ​ប្រហារ។

​ការ​វាយ​ប្រហារ​បាន​កើត​មាន​ឡើងជាង​មួយ​សប្តាហ៍​បន្តិច​បន្ទាប់​ពី​កងទ័ព​អ៊ីរ៉ាក់​បាន​បណ្តេញក្រុម​រដ្ឋ​ឥស្លាមចេញ​ពី​ទីក្រុង Hallujah ​ដែល​ស្ថិត​នៅចម្ងាយ​៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋ​ធានី​បាដាក។

​ការ​ផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ថ្ងៃ​ទី២ ​បាន​កើត​មាន​ឡើង​នៅ​ផ្នែក​ខាង​កើត​នៃ​រដ្ឋ​ធានី​បាកដាដ ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់មួយនាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រងរបួស។​ មិនទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការបំផ្ទុះ​គ្រាប់​បែក​ទី​២​នេះ​នៅឡើយ​ទេ៕

XS
SM
MD
LG